អន្តរជាតិ
អាមេរិក មើលស្រាល​ទណ្ឌកម្ម​ចិន​លើ​ក្រុមហ៊ុន​លក់​អាវុធ​របស់ខ្លួន​
29, Oct 2020 , 11:29 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​មន្ត្រីជាន់ខ្ពស់​អាមេរិក នៅ​ថ្ងៃទី​២៨ ខែតុលា បាន​មើលស្រាល​ការគំរាមកំហែង​របស់​ចិន ដែល​បានប្រកាស​ដាក់ទណ្ឌកម្ម​មកលើ​ក្រុមហ៊ុន​លក់​អាវុធ​របស់ខ្លួន ដោយ​ផ្អែកលើ​ហេតុផល​ថា​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថិរភាព និង​សន្តិភាព​ក្នុង​តំបន់​។



អត្ថបទទាក់ទង
 
​ក្រសួងការបរទេស​ចិន​នៅពេល​ថ្មីៗ​នេះ បានប្រកាស​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន Lockheed Martin, ក្រុមហ៊ុន Boeing Defense និង ក្រុមហ៊ុន Raytheon បន្ទាប់ពី​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​ជិត​២​ពាន់​លាន​ដុល្លារ​។ 
 
​ទាក់ទិន​នឹង​ទណ្ឌ​កម្មនេះ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងការបរទេស​អាមេរិក ទទួលបន្ទុក​ក្នុង​ការលក់​អាវុធ លោក​René Clarke Cooper បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​វា​មិនមែនជា​លើកដំបូង​ទេ ដែល​ក្រុង​ប៉េកាំង​ព្រមាន​ដាក់ទណ្ឌកម្ម​មកលើ​ក្រុមហ៊ុន​អាមេរិក​»​។ បើតាម​មន្ត្រី​អាមេរិក​រូបនេះ វា​មានការ​គំរាមកំហែង និង​ការ​ញុះញង់​ជុំវិញ​បញ្ហា​លក់​អាវុធ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
 
​ថ្លែងប្រាប់​អ្នកសារព័ត៌មាន លោក​Cooper បាន​បន្ថែមថា ការលក់​អាវុធ​អាមេរិក​ឲ្យ​តៃវ៉ាន់ ផ្អែក​ទៅតាម​ច្បាប់​ក្នុងស្រុក​របស់ខ្លួន ដើម្បី​ឲ្យ​កោះ​តៃវ៉ាន់​អាច​ការពារ​ខ្លួន​បាន ពី​ការ​គំរាម​មួយចំនួន​។ ម្យ៉ាងវិញទៀត ការលក់​ឲ្យ​អាវុធ​បែបនេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង ក៏​ដឹង​រួចហើយ​ថា អាមេរិក នឹង​បន្ត​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​ក្នុងពេល​ទៅមុខទៀត​។ 
 
​តាម​ការយល់ឃើញ​រប​ស់​មន្ត្រីជាន់ខ្ពស់​អាមេរិក​រូបនេះ កោះ​តៃវ៉ាន់ គឺជា​ចំណុចកណ្តាល​នៃ​ស្ថិរភាព​នៅក្នុង​តំបន់​ឥណ្ឌូ​-​បា​ស៊ី​ហ្វិ​ក​។ ចំណែក​ការទិញ​អាវុធ​របស់​តៃវ៉ាន់​ទៀតសោត មិនមែនជា​សកម្មភាព​សម្លុត​ប្រទេស​ណាមួយ​ឡើយ ផ្ទុយទៅវិញ​ចិន​ទេ ដែល​តែងតែ​បង្ក​សកម្មភាព​គំរាមកំហែង​ដាក់​អ្នកដទៃ និង​ប្រទេសជិតខាង​។ 
 
​បន្ទាប់ពី​ការប្រកាស​ដាក់ទណ្ឌកម្ម​របស់​ចិន​នេះ ក្រសួងការបរទេស​អា​មេ​រិ​ក​បានអនុម័ត​ល​ក់​អាវុធ​ឲ្យ​តៃវ៉ាន់ ក្នុងតម្លៃ​២,៤​ពាន់​លាន​ដុល្លារ​បន្ថែមទៀត​។ ប៉ុន្តែ​លើក​នេះ ចិន​បាន​ចេញមក​ជំទាស់​តែប៉ុណ្ណោះ និង​មិនមែន​ទណ្ឌកម្ម​អ្វី​បន្ថែម​ឡើយ​។ 
 
​សូមបញ្ជាក់ថា កាលពី​ខែកក្កដា កន្លងទៅ ចិន​ក៏បាន​ប្រកាស​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន Lockheed Martin ដែរ​៕ 

Tag:
 អាមេរិក​
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com