COVID-19
ជាតិ
សង្គមជាតិ
ក្រសួងការបរទេស ប្រាប់​ឱ្យ​អ្នកកាសែត ដែល​យក​ព័ត៌មាន​នា​ជំនួប​ប្រមុខ​ការទូត​កម្ពុជា​-​ហុង​គ្រី ធ្វើតេស្តរ​កកូ​វីដ​-១៩
04, Nov 2020 , 9:47 pm        
រូបភាព
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី កាលពី​ថ្ងៃទី​៣ វិច្ឆិកា ២០២០ នាទីស្តីការក្រសួង
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី កាលពី​ថ្ងៃទី​៣ វិច្ឆិកា ២០២០ នាទីស្តីការក្រសួង
​ភ្នំពេញ​៖ នា​យប់​ថ្ងៃទី​៤ វិច្ឆិកា ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អំពាវនាវ​ឱ្យ​អ្នកកាសែត ដែល​ចុះ​យក​ព័ត៌មាន​នា​ជំនួប​រវាង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី កាលពី​ថ្ងៃទី​៣ វិច្ឆិកា ទៅធ្វើ​តេស្តរ​កកូ​វីដ​-១៩​។ ការអំពាវនាវ​របស់​ក្រសួង​នេះ ធ្វើឡើង​ក្រោយពី​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី លោក Peter Szijjarto ត្រូវបាន​រាយការណ៍​ថា មាន​ផ្ទុកកូវីដ-១៩ នៅពេល​ទៅដល់​ប្រទេស​ថៃ​។​


 
​ក្រសួងការបរទេស បាន​សម្របសម្រួល​ជាមួយ​ក្រសួងសុខាភិបាល ដោយ​អនុញ្ញាតឱ្យ​អ្នកកាសែត ទៅធ្វើ​តេស្ត​សុខភាព នៅ​វិទ្យាស្ថាន​សុខភាព​សាធារណៈ ដោយ​ឥតគិតថ្លៃ​សេវា​ឡើយ​។ លោក កួយ កុង អ្នកនាំពាក្យ​ក្រសួង​ការបទេស បាន​បន្ថែមថា ក្រោយ​ធ្វើតេស្ត​ហើយ អ្នកកាសែត​ទាំងអស់ ត្រូវអនុវត្ត​តាម​ការ​ណែនាំ​របស់​មន្ត្រី​ក្រសួងសុខាភិបាល​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក កុយ គួ​ង បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​សម្រួល​ឱ្យ​(​អ្នកកាសែត​)​បាន​ទៅធ្វើ​តេស្ត ដើម្បី​បញ្ជាក់​យ៉ាងណា​នោះ គឺ​(​ក្រសួងសុខាភិបាល​) គេ​មាន​គោលការណ៍​របស់គេ​។ ប៉ុន្តែ​យើង​គ្រាន់តែ​ជួយ​ទាក់ទង​(​ក្រសួងសុខាភិបាល​) ដើម្បីឱ្យ​ពួកគាត់​បាន​ពិនិត្យ​សុខភាព​»​។​
 
​លោក អាត ច​ន្ធូ អ្នកសារព័ត៌មាននៃអគ្គនាយកដ្ឋាន​វិទ្យុជាតិ​កម្ពុជា បាន​ទៅពិនិត្យ​សុខភាព​តាម​ការអំពាវនាវ​រប​ស់​ក្រសួង​ហើយ ប៉ុន្តែ​មិនទាន់​ដឹង​លទ្ធផល​នោះទេ​។ បើតាម​លោក ច​ន្ធូ ខាង​មន្ត្រី​ជំនាញ​សុខាភិបាល ក៏​មិនបាន​ហាម ឬ​កំណត់ឱ្យ​លោក​ធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​ឡើយ ពោលគឺ​គ្រាន់តែ​សុំ​លេខ​ទូរ​សព្ទ និង​អា​ស័​យ​ដ្ឋានស្នាក់នៅ​របស់លោក ដើម្បី​ទុក​ផ្ដល់ដំណឹង​ពី​លទ្ធផល​តេស្តតាម​ក្រោយ​ប៉ុណ្ណោះ​។​
 
«​ករណី​(​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​)​ហ្នឹង យើង​ក៏​អត់​ទាន់​បានទទួល​(​ព័ត៌មាន​ពី​មន្ត្រី​ជំនាញ​សុខាភិបាល​) ដូចគ្នា​។ ប៉ុន្តែ​គ្រាន់តែ​ថា បើ​យើង​ដឹង​ព័ត៌មាន​(​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​)​ហ្នឹង បើតាម​ខ្ញុំ គិតថា​គួរតែ​បង្ការ​ខ្លួន​ទៅ បើ​អាច​នៅផ្ទះ​សិន​ទៅ ព្រោះ​ធម្មតា​យើង​អត់​ដឹង​ដូចគ្នា សំខាន់​ទាល់តែ​ចេញ​លទ្ធផល​ពី​ខាង​ពេទ្យ​សិន​ថា យើង​អាច​ដើរ​ហើយ​បាន​ធម្មតា​ដូច​មុន ឬក៏​យ៉ាងម៉េច​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក អាត ច​ន្ធូ អគ្គនាយកដ្ឋាន​វិទ្យុជាតិ​កម្ពុជា ។​
 
​លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ដែល​ទើបតែ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ ត្រូវបាន​រកឃើញថា មាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស ក្នុងអំឡុងពេល​ដាក់​ច​ត្តា​ឡី​ស័ក​ពេលទៅដល់​ប្រទេស​ថៃ​។ បញ្ហា​នេះ បានធ្វើ​ឲ្យ​ជំនួប​រវាង​លោក​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី និង​នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រយុទ្ធ ចាន់​អូ​ចា ត្រូវ​លុបចោល​។​
 
​ក្រោយ​ទទួលបាន​ព័ត៌មាន​ថា ប្រមុខ​ការទូត​ហុង​គ្រី​នេះ មាន​កូ​វីដ​-១៩ នោះ រដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ឲ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ទាំងអស់​ដែល​បាន​ជួប​ប្រាស្រ័យ​ផ្ទាល់​ជាមួយ​ប្រតិភូ​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី លោក Peter Szijarto ធ្វើ​ច​ត្តា​ឡី​ស័ក តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ​។​
 
អត្ថបទទាក់ទង
 
មិនត្រឹមតែប៉ុណ្ណោះ ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ប្រកាស​ដាក់ខ្លួន​នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ​ដែរ ក្រោយពី​សម្តេច និង​សម្តេច ប៊ុន រ៉ានី ដែលជា​ភរិយា រួមទាំង​អង្គរក្ស និង​អ្នកបើកបរ សរុប​១៨​នាក់ តេស្ត​អវិជ្ជមាន​កូ​វីដ​-១៩ នា​ការធ្វើ​តេ​ស្ក​លើកដំបូង​៕

Tag:
 COVID-19
  ហុង​គ្រី​
© រក្សាសិទ្ធិដោយ thmeythmey.com