កីឡាអន្តរជាតិ
អន្តរជាតិ
Nadal ឈ្នះ​ការប្រកួត​វាយ​កូន​បាល់​លើក​ទី​១០០០ ក្នុង​អាជីព​
05, Nov 2020 , 7:29 pm        
រូបភាព
Rafael Nadal បាន​ក្លាយជា​កំពូល​កីឡាករ​វាយ​កូន​បាល់​ទី​៤ ដែល​ឈ្នះ​ក្នុងការ​ប្រកួត​ក្នុង​កម្មវិធី ATP Tour លើក​ទី ១០០០ បន្ទាប់ពី​ផ្តួល​មិត្ត​រួម​ជាតិ​អេ​ស្ប៉ា​ញ Feliciano Lopez ក្នុង​ពានរង្វាន់ Paris Masters ប្រទេស​បារាំង​។


​កីឡាករ​សញ្ជាតិ​អាមេរិក Jimmy Connors នាំមុខគេ​ក្នុងចំណោម​កីឡាករ​ទាំង​៤​ដែល​ឈ្នះ​ជា​កំណត់ត្រា ១២៧៤ លើក តាម​ពីក្រោយ​ដោយ​កីឡាករ​ស្វ៊ី​ស Roger Federer ១២៤២​លើក និង​កីឡាករ​ឆ្នើម​របស់​ឆែក Ivan Lendl  ១០៦៨​ដង​។​
 
​ការសម្រេចបាន​ជ័យជម្នះ​ជា​លើក​ទី​១០០០​ក្នុង​អាជីព​កីឡា​វាយ​កូន​បាល់ បន្ទាប់ពី Nadal បាន​យកឈ្នះ Lopez ក្នុង​លទ្ធផល ៤-៦ ៧-៦ និង​៦-៤ នា​ការប្រកួត ATP Tour នៅ​ថ្ងៃទី​៤ ខែ​វិ​ច្ឆ​កា វគ្គ​៣២​ក្រុម​ចុងក្រោយ​។ កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ​បានបង្ហាញ​មោទកភាព​សម្រាប់​ខ្លួនឯង ដែល​សម្រេចបាន​សមិទ្ធ​ផល​ដ៏​កម្រ​នេះ​ក្នុង​ជីវិត​។​
 
«​ជា​រឿង​លំបាក​បំផុត​ដើម្បី​ទទួលបាន​ជ័យជម្នះ​ជា​លើក​ទី ១០០០​។ ទម្រាំ​ទទួលបាន​វា គឺ​អ្នក​ចាស់​ណាស់​ទៅហើយ ដ្បិត​ដើម្បី​ឈ្នះ​ការប្រកួត​ចំនួន ១០០០​ដង អ្នក​ត្រូវមាន​អាជីព​យូរអង្វែង ហើយ​សម្រាប់​ខ្ញុំ​គឺ​ពិបាក ប៉ុន្តែ​ខ្ញុំ​ពិតជា​រីករាយ​ខ្លាំងណាស់​»​។ នេះ​ជាការ​អះអាង​របស់​កំពូល​កីឡាករ​វាយ​កូន​បាល់​លំដាប់​ទី​២​ពិភពលោក វ័យ​២៤​ឆ្នាំ​។​
 
Nadal ត្រូវបាន​ប្រគល់ជូន​នូវ​ពានរង្វាន់​កែវ​មួយ​ដែលមាន​សរសេរ​លេខ ១០០០ ដើម្បី​បញ្ជាក់​ពី​ចំនួន​តួលេខ​ដែល​រូបគេ​ឈ្នះ​ក្នុងការ​ប្រកួត​ជា​លើក​ទី​១០០០​នេះ​។ Nadal ម្ចាស់​ពាន Gram Slam ២០​សម័យ ត្រូវ​បន្តទៅ​វគ្គ​១៦​ក្រុម​ដោយ​ត្រូវ​ជួប​កីឡាករ​អូស្ត្រាលី Jordan Thompson៕
 

Tag:
 Rafael Nadal
  ATP Tour
© រក្សាសិទ្ធិដោយ thmeythmey.com