COVID-19
ជាតិ
លទ្ធផលតេស្តលើកទី២ សម្តេច ហ៊ុន សែន និងអ្នកនៅជាប់សម្តេច សុទ្ធតែអវិជ្ជមាន កូវីដ-១៩
09, Nov 2020 , 4:02 pm        
រូបភាព
ដោយ: ថ្មីៗ
នៅថ្ងៃទី៩ ខែវិច្ឆិកា ២០២០ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ក្នុងហ្វេសប៊ុក​ផ្ទាល់ខ្លួនថា លទ្ធផល​តេស្ត​សំណាក​លើក​ទី២ របស់សម្តេច និង​ភរិយា ព្រមទាំងអ្នកនៅជាមួយ និងអ្នកនៅជាប់សម្តេចទាំងអស់សុទ្ធតែ​អវិជ្ជមាន។ ពេលនេះ សម្តេច និងអ្នកពាក់ព័ន្ធ​បន្ត​ធ្វើចត្តាឡីស័កហើយ​រង់ចាំការធ្វើតេស្តជាលើកទី៣នៅថ្ងៃទី១៤ វិច្ឆិកា និងលើកទី៤ នៅថ្ងៃទី១៨វិច្ឆិកា។



«ខ្ញុំកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តបងប្អូនជិត ៩០០ នាក់ផ្សេងទៀតដែលបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលពីព្រឹត្តិការណ៍ដែលខ្ញុំសូមដាក់ឈ្មោះថា ព្រឹត្តិការណ៍ ៣វិច្ឆិកា»។ នេះជាការ​បញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាល។

បើតាមសម្តេច ព្រឹត្តិការណ៍​៣វិច្ឆិកា នឹងត្រូវបិទបញ្ចប់ ក្រោយពេលដែលមាន​ប្រមាណ​៩០០នាក់ ដឹងលទ្ធផល​តេស្ត ដែលត្រូវការពេល​ប្រមាណ​៣សប្តាហ៍ទៀត។ ជាមួយគ្នា សម្តេច ហ៊ុន សែន បានលើកឡើងពីការចេញបទបញ្ជាឲ្យក្រសួង​សុខាភិបាល អាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្តាល តាមដានអ្នកធ្វើ​ចត្តាឡីស័កឲ្យ​បាន​ដិត​ដល់ ដើម្បី​ទប់ស្កាត់​ការប៉ះពាល់​មនុស្ស​កាន់តែច្រើនទៀត។

«សូមកុំឲ្យ​កម្ទេច​ភ្លើងក្លាយជាអគ្គីភ័យតាមរយៈការធ្វេសប្រហែសរបស់យើង សូមជួយពន្លត់ភ្លើង និង សុំកុំអង្គុយបក់ផ្សែង។ ព្រឹត្តិការណ៍​ ៣វិច្ឆិកានឹងបញ្ចប់ក្នុងខែវិច្ឆិកានេះ ដែលមិនត្រូវពន្យាពេល។ សូមជូនពរបងប្អូនជនរួមជាតិឃ្លាតឆ្ងាយពីកូវីដ-១៩»។ នេះជាការរំពឹង​ដ៏មុត​មាំ​របស់សម្តេចនាយករដ្ឋមន្ត្រី៕

© រក្សាសិទ្ធិដោយ thmeythmey.com