COVID-19
ជាតិ
អគារចំនួន៦ សម្រាប់គ្រូពេទ្យ និងអ្នកចត្តាឡីស័ក នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំនេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និង រដ្ឋមន្រី្តក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ចុះពិនិត្យការដ្ឋានអគារចត្តាឡីស័ក នៅថ្ងៃទី៥ ខែវិច្ឆិកា ២០២០។ (រូបពីរដ្ឋបាលរាជធានីភ្នំពេញ)
× ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល បានសាងសង់មណ្ឌលចត្តាឡីស័កចំនួន៦អគារ ស្ថិតក្នុងខណ្ឌព្រែកព្នៅ សម្រាប់ក្រុមគ្រូពេទ្យ និងអ្នកធ្វើចត្តាឡីស័ក។ នេះបើតាមការអះអាង របស់លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលក្រុងភ្នំពេញ ដោយបញ្ជាក់បន្ថែមថា ការដ្ឋានសំណង់នេះនឹងរួចរាល់នៅចុងឆ្នាំនេះ។
ដោយសារ កូវីដ-១៩ ជាបញ្ហាចម្បងត្រូវយកចិត្តទុកក្នុងដាក់ទប់ស្កាត់ ក្រុមជំនាញកំពុងដំណើរសាងសង់អគារចត្តាឡីស័ក ធ្វើយ៉ាងណាឲ្យហើយនៅពេលឆាប់ៗខាងមុខ។ កាលពីថ្ងៃទី៥វិច្ឆិកានេះ អភិបាលរាជធានីភ្នំពេញនិងរដ្ឋមន្រី្តក្រសួងសុខាភិបាលក៏បានចុះពិនិត្យការដ្ឋានសំណង់ដែរ គឺសម្រេចបានប្រមាណ៨០ភាគរយហើយ។ នេះបើតាមអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញថ្លែងប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី៩វិច្ឆិកា ហើយបានបញ្ជាក់បន្ថែមថា៖ «អគារ៤សម្រាប់ទទួលអ្នកចត្តាឡីស័ក, អគារ១សម្រាប់ក្រុមគ្រូពេទ្យ និងអគារមួយសម្រាប់កងកម្លាំងសុន្តិសុខ។ កន្លែងនេះ គឺសម្រាប់អ្នកចត្តាឡីស័ក ប្រសិនបើអ្នកមានជំងឺកូវីដ-១៩ គឺយើងទៅព្យាបាលហើយ»។
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានសរសេរបញ្ជាក់លើទំព័រហ្វេសប៊ុកដែរថា អគារមណ្ឌលចត្តាឡីស័កនេះ គឺសម្រាប់ទទួលអ្នកដំណើរដែលមកកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
សូមបញ្ជាក់ថា លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល ចំនួន២សប្តាហ៍ ដើម្បីបង្ការកូវីដ-១៩។ លើកពីនេះ រដ្ឋាភិបាលក៏បានសម្រេចបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេសជាថ្មីម្ដងទៀតដែរ។
គិតត្រឹមថ្ងៃទី៩វិច្ឆិកានេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២៩៧នាក់។ ក្នុងនោះ មាន២៨៨ បានជាសះស្បើយ និង៩នាក់ទៀត កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ៕
© រក្សាសិទ្ធិដោយ thmeythmey.com