COVID-19
ជាតិ
ក្រសួង​ការងារ ផ្អាក​ការបង្រៀន​នៅ​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩
09, Nov 2020 , 11:29 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
រូបពីទំព័រហ្វេសប៊ុករបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
​ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានប្រកាស​ផ្អាក​ការបណ្ដុះបណ្ដាល​នៅតាម​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ នៅ​ភ្នំពេញ​និង​ខេត្តកណ្ដាល​រយៈពេល​២​សប្ដាហ៍​។ ការផ្អាក​នេះ ធ្វើឡើង​ដើម្បី​បង្ការ​ការឆ្លង​កូ​វីដ​-១៩ ចូល​គ្រឹះស្ថាន​និង​រីក​រាលដាល​ក្នុង​សហគមន៍​។​


​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​នឹង​ផ្អាក​ការបណ្ដុះបណ្ដាល​រយៈពេល​២​សប្ដាហ៍ ដោយ​គិត​ចាប់ពី​ថ្ងៃទី​៨​វិច្ឆិកា ឆ្នាំ​២០២០​នេះ​។ ជាមួយគ្នា​ដែរ ក្រសួង​ការងារ​បាន​បញ្ជាក់ថា​៖ «​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ត្រូវ​បន្តដំណើរ​ការបង្រៀន និង​រៀន​តាម​ប្រព័ន្ធ​បណ្ដុះបណ្ដាល​ពី​ចម្ងាយ​ឬ​អន​ឡាន​។ វិធានការ​នេះ​គឺ ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ចូល​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ការរីក​រាលដាល​ក្នុង​ស្គម​ន៍​»​។ 
 
​ទន្ទឹមនឹងនេះ លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ក៏​សម្រេច​ផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន នៅ​រាជធានី​ភ្នំពេញ និង​ទី​រួម​ខេត្តកណ្តាល ចំនួន​២​សប្តាហ៍​ផងដែរ​។ លើក​ពីនេះ រដ្ឋាភិបាល​ក៏បាន​សម្រេច​បិទ KTV ក្លឹប​កម្សាន្ត រោងភាពយន្ត និង​សារមន្ទីរ នៅ​ទូទាំងប្រទេស​ជាថ្មី​ម្ដងទៀត​ដែរ​។ 
 
​គិត​ត្រឹម​ថ្ងៃទី​៩​វិច្ឆិកា​នេះ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន​២៩៧​នាក់​។ ក្នុងនោះ មាន​២៨៨ បានជា​សះស្បើយ និង​៩​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​៕

Tag:
 កូ​វីដ​-១៩
  គ្រឹះស្ថាន​អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com