ជាតិ
ម៉ា សុខៈ៖ អ្នកស្រឡាញ់ និងលែងស្តេចត្រី នៅខេត្តស្ទឹងត្រែង លោក ម៉ា សុខៈ និងសមាជិកក្រុមសហគមន៍នេសាទ កាំងដីស រៀបចំលែងត្រីគល់រាំង ទម្ងន់ ១៥គីឡូក្រាម ចូលក្នុងទន្លេមេគង្គវិញ កាលពីថ្ងទី ១៧ ខែមីនា ឆ្នាំ ២០២០ កន្លងទៅនេះ។ រូបភាព៖ ម៉ា សុខៈ
× បុរសវ័យ៣០ឆ្នាំ ម៉ា សុខៈ រស់នៅក្នុងភូមិកាំងដីស ឃុំកាំងមេម៉ាយ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ជាប្រធានសហគមន៍នេសាទកាំងដីស។ បន្ថែមពីលើតួនាទីនេះ សុខៈ ក៏ជាគ្រូបង្រៀនម្នាក់ នៅសាលាបឋមសិក្សា ហ៊ុន សែន កាំងដីសផងដែរ។
ជាស្វាមី និងជាឪពុកដែលមានកូនស្រីម្នាក់ ក្រៅពីការងារបង្រៀនសិស្សនៅសាលា សុខៈ ក៏បានឆ្លៀតចេញទៅនេសាទត្រីនៅក្នុងទន្លេមេគង្គ ដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារប្រចាំថ្ងៃផងដែរ។ នៅក្នុងភូមិ សុខៈ គឺជាបុរសគំរូម្នាក់ ដែលបានលះបង់ពេលវេលាផ្ទាល់ខ្លួន ដើម្បីចូលរួមក្នុងការងារសហគមន៍ ចុះល្បាត និងអភិរក្សធនធានមច្ឆជាតិយ៉ាងសកម្ម។ ក្នុងការងារសហគមន៍ សុខៈ ក៏មានមោទកភាពខ្លាំងបំផុតក្នុងជីវិត ដោយបានសហការជាមួយសហគមន៍ លែងត្រីគល់រាំងមួយក្បាល ទម្ងន់១៥គីឡូក្រាម ដែលគាត់ចាប់បានដោយឧបករណ៍នេសាទ «មង» ចូលទៅក្នុងទន្លេមេគង្គវិញ។
ត្រីគល់រាំង គឺជាប្រភេទត្រីរងគ្រោះជិតផុតពូជ និងជាមច្ឆានិម្មិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នសរកត/០៣០៥/១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥។ វាអាចលូតលាស់ រហូតដល់ប្រវែង៣ម៉ែត្រ និងទម្ងន់ ៣០០ គីឡូក្រាម។ សូមចុចលើតំណភ្ជាប់ខាងក្រោមនេះ ដើម្បីចូលទៅទស្សនាវីដេអូ ពីសកម្មភាពនៃការលែងត្រីគល់រាំងនេះ។
ចូលរួមការពារត្រីមេគង្គទាំងអស់គ្នា។
© រក្សាសិទ្ធិដោយ thmeythmey.com