ជាតិ
ក្រសួងមហាផ្ទៃ អនុញ្ញាត​ឲ្យ​ស្នងការ​ខេត្តកំពត បង្កើត​ទីលាន​ហ្វឹកហាត់​បាញ់​គ្រាប់​ពិត
10, Nov 2020 , 3:14 pm        
រូបភាព
(រូបតំណាង៖ ពីទំព័រហ្វេសប៊ុករបស់កងពលតូចលេខ៧០)
(រូបតំណាង៖ ពីទំព័រហ្វេសប៊ុករបស់កងពលតូចលេខ៧០)
​ភ្នំពេញ​៖ សម្ដេច ស ខេង រដ្ឋ​ម​ន្រី្ត​ក្រសួងមហាផ្ទៃ បានអនុញ្ញាត​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បង្កើត​ទីលាន​ហ្វឹកហាត់​បាញ់​គ្រប់​ពិត​លើ​ផ្ទៃដី​៧​ហិកតា ដើម្បី​ពង្រឹងសមត្ថភាព​ដល់ក​ង​កម្លាំង​ក្នុង​ខេត្ត​។ នេះ​បើតាម​ការអះអាង​របស់​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​។



​លោក ខៀវ សុភ័គ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅថ្ងៃនេះ​ថា ទីលាន​ហ្វឹកហាត់​បាញ់​គ្រាប់​ពិត​ឈ្មោះ ក្លិប​បាញ់កាំភ្លើង​បូកគោ បាន​សាងសង់ឡើង​នៅ​ជើងភ្នំ​កកេស ភូមិ​អូរ​តូច សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត គឺ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​។ លោក​ថា រាល់​មួយ​ត្រីមាស​ម្ដង ស្នងការ​ខេត្តកំពត ត្រូវ​រាយការណ៍​ពី​ដំណើរការ​សកម្មភាព​នៅ​ទីលាន​ហ្វឹក​ហ្វឹ​ន ទៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។ 
 
«​ការបង្កើត​ទីលាន​ហ្វឹកហាត់​បាញ់​គ្រប់​ពិត​នេះ សម្រាប់​ពង្រឹងសមត្ថភាព​ដល់​កងកម្លាំង​។ ហើយ​៣​ខែម្ដង ស្នងការ​ត្រូវ​រាយការណ៍​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ម្ដង ដើម្បី​ពិនិត្យ​រាល់​សកម្មភាព​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ខៀវ សុភ័គ​។ 
 
​ទន្ទឹមនឹងនេះ លោក ម៉ៅ ច័ន្ទ​ធុ​រិ​ទ្ធ ស្នងការ​ខេត្តកំពត ក៏បាន​បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដែរ​ថា ទីលាន​ហ្វឹក​ហ្វឹ​ន​នេះ សម្រាប់​កងកម្លាំង​ក្នុង​ខេត្ត​​ពង្រឹងសមត្ថភាព​និង​ជំនាញ​ប្រើប្រាស់​អាវុធ​។ លោក​បន្តថា ទីលាន​ហ្វឹក​ហ្វឹ​ន គឺ​បាន​ស្ថាបនា ប្រមាណ​៣០​ភាគរយ​ហើយ ប៉ុន្តែ​ថវិកា​ចំណាយ​លោក​មិនអាច​ប៉ាន់ស្មាន​បានឡើយ ថា​នឹងត្រូវ​ចំណាយ​ប៉ុន្មាន​សម្រាប់​បង្កើត​ទីលាន​នេះ​។ 
 
«​ការបង្កើត​ទីលាន​ហ្វឹក​ហ្វឹ​ន​នេះ ទីមួយ​សម្រាប់​ហ្វឹកហាត់ ។​ទី​២​សម្រាប់​ឲ្យ​ពួកគាត់​(​កងកម្លាំង​)​ដឹង​ពី​ការប្រើប្រាស់​អាវុធ​...​អាច​និយាយបានថា អាច​មានតែ​ក្នុង​ខេត្តកំពត​នេះ​ទេ​(​ទីលាន​ហ្វឹក​ហ្វឹ​ន​របស់​ស្នងការដ្ឋាន​នគរបាល​ប្រចាំខេត្ត​) នៅ​ទូទាំងប្រទេស​»​។ នេះ​បើតាម​ការឡើង​របស់លោក​ស្នងការ​ខេត្តកំពត​។ 
 
​ទីលាន​ហ្វឹក​ហ្វឹ​ន​នេះ បង្កើតឡើង​តាម​ការស្នើសុំ​ពី​ខាង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។ នេះ​បើតាម​លោក ម៉ៅ ច័ន្ទ​ធុ​រិ​ទ្ធ ដោយ​បញ្ជាក់​បន្ថែមថា ទូទាំង​ខេត្តកំពត​មាន​កងកម្លាំង​នគរបាល​ប្រមាណ​១៧០០​នាក់ ក្នុងនោះ​មាន​កងកម្លាំង​អន្តរាគមន៍​ពិសេស​ប្រមាណ​១០០​នាក់​៕ 
 

Tag:
 ទីលាន​ហ្វឹកហាត់​
  បាញ់​គ្រាប់​ពិត​
  កំពត​
© រក្សាសិទ្ធិដោយ thmeythmey.com