ជាតិ
តំបន់មួយចំនួនកម្ពុជានឹងមានភ្លៀងធ្លាក់ដោយសារឥទ្ធិពលព្យុះអេតូ និងព្យុះវ៉ាមកូ
×
ដោយ៖ ស៊ុល រ៉វី
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថា ព្យុះទី២១ ឈ្មោះ អេតូ កំពុងធ្វើដំណើរឆ្ពោះមកទិសខាងលិច។ តាមការព្យាករ ព្យុះនេះ នឹងចូលមកដល់ភាគខាងត្បូងវៀតណាម និងភាគខាងកើតកម្ពុជា មុននឹងថមថយឥទ្ធិពលជាវិសម្ពាធ និងសម្ពាធទាប។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្ដាលរាជធានី-ខេត្ត អាចនឹងមានភ្លៀងធ្លាក់តិចទៅច្រើន ចាប់ពីថ្ងៃទី១១-១៧ ខែវិច្ឆិកា។
ក្រៅពីរងឥទ្ធិពលព្យុះទី២១ នៅលើសមុទ្រខាងកើតប្រទេសហ្វីលីពីន បានកើតនូវព្យុះទី២២ វ៉ាមកូ ដែលវិវត្តខ្លួនទៅជាព្យុះទីហ្វុង នៅពេលឆ្លងចូលមកក្នុងសមុទ្រចិនខាងត្បូង។ បើតាមក្រសួងធនធានទឹក និងឧតុនិយម ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើននៅថ្ងៃទី ១១-១២ ខែវិច្ឆិកា និងអាចនឹងមានភ្លៀងធ្លាក់តិចទៅមធ្យមថ្ងៃទី ១៥-១៧ ខែវិច្ឆិកា។
ដោយឡែក បណ្ដាខេត្តជាប់ភ្នំដងរែក និងខ្ពង់រាបឦសាន ធ្វើឲ្យមានភ្លៀងក្នុងកម្រិតមធ្យមទៅច្រើននៅថ្ងៃទី ១១-១២ នឹងអាចមានភ្លៀង-ខ្យល់ក្នុងកម្រិតមធ្យមពីថ្ងៃទី ១៥-១៧។ ចំណែក តំបន់មាត់សមុទ្រវិញ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតតិចទៅបង្គួរ នៅថ្ងៃទី១១-១២ និង នៅថ្ងៃទី ១៥-១៧ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យម ព្រមទាំងរលកសមុទ្រកម្ពស់បង្គួរផងដែរ។
ក្រសួងធនធានទឹក បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានស្មារតីក្នុងការប្រុងប្រយ័ត្ន និងបង្កើនការបង្កើនការយកចិត្តទុកដាក់ ជាពិសេសនៅតាមតំបន់មាត់សមុទ្រ ចំពោះបាតុភូតធម្មជាតិនេះ៕
Tag:
កម្ពុជា
អាកាសធាតុ
ព្យុះទី២១
© រក្សាសិទ្ធិដោយ thmeythmey.com