កីឡាជាតិ
ជាតិ
វិសាខា ព្រះខ័ន​រាជ​ស្វាយរៀង ភ្នំពេញ​ក្រោ​ន បរិច្ចាគ​ប្រាក់រង្វាន់​ខ្លួន ជួយ​ជនរងគ្រោះ​ដោយ​ទឹកជំនន់​
11, Nov 2020 , 8:59 am        
រូបភាព
(រាប់ពីឆ្វេងទៅស្តាំ)លោកស្រី កែ សួនសុភី ប្រធានក្លិបបឹងកេត, លោក ឌី វិជ្ជា ប្រធានក្លិបព្រះខ័នរាជស្វាយរៀង, លោក ឬទ្ធី សំណាង ប្រធានក្លិបភ្នំពេញក្រោន
(រាប់ពីឆ្វេងទៅស្តាំ)លោកស្រី កែ សួនសុភី ប្រធានក្លិបបឹងកេត, លោក ឌី វិជ្ជា ប្រធានក្លិបព្រះខ័នរាជស្វាយរៀង, លោក ឬទ្ធី សំណាង ប្រធានក្លិបភ្នំពេញក្រោន
ដោយ:
​ក្លិប​បាល់ទាត់​ធំៗ​ចំនួន​បី​បាន​យក​ថវិកា​លើកទឹកចិត្ត​បាន​ពី​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ និង​ពានរង្វាន់​សម្តេច ហ៊ុន សែន បរិច្ចាគ​ជូន​កម្មវិធី​សប្បុរសធម៌ ដើម្បី​ជួយ​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់​នៅតាម​បណ្តា​ខេត្ត ជាពិសេស​ខេត្តបន្ទាយមានជ័យ​។ បន្ថែម​លើ​នេះ ក្លិប​ភ្នំពេញ​ក្រោ​ន​កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ក៏បាន​រៀបចំ​ការប្រកួត​បាល់ទាត់​សប្បុរសធម៌ ដោយ​ប្រមូល​ថវិកា​បាន​ជាង​១០​ម៉ឺន​ដុល្លារ​ផងដែរ​។

 
​ក្លិប​ព្រះ​ខ័​ខ​រាជ​ស្វាយរៀង វិសាខា និង​ភ្នំពេញ​ក្រោ​ន បានប្រកាសថា ខ្លួន​នឹង​យក​ថវិកា​ទាំងអស់ ដែលជា​ប្រាក់រង្វាន់​ពី​ការប្រកួត​លី​គ និង​ពាន​សម្តេច ហ៊ុន សែន ទៅ​ជួយ​ដល់​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់​តាម​បណ្តា​ខេត្ត​។ នេះ​ជា​ទង្វើ​សប្បុរសធម៌​មួយ​ដ៏​ល្អ និង​គួរ​ឲ្យ​កោតសរសើរ ដែល​ក្លិប​ដទៃ​អាច​យក​ធ្វើជា​គំរូ ក្នុង​កាលៈទេសៈ​ប្រទេស​កំពុង​ជួប​វិបត្តិ​ដូច​បច្ចុប្បន្ន​។ 
 
​ក្នុងនោះ​ថិ​វ​ការបស់​ក្លិប​ជើងឯក​រង​លី​គ​កំពូល​ឆ្នាំ​២០២០ ព្រះខ័ន​រាជ​ស្វាយរៀង មាន​ចំនួន​៦០​លាន​រៀល​, ម្ចាស់​ជើងឯក​ពាន​សម្តេច ហ៊ុន សែន វិសាខា មាន​ចំនួន​១០០​លាន​រៀល និង​ក្រុម​លេខ​៣​លី​គ​កំពូល​ភ្នំពេញ​ក្រោ​ន​មាន​ចំនួន​៥០​លាន​រៀល​។ បន្ថែម​ក្លិប​ភ្នំពេញ​ក្រោ​ន ក៏បានផ្តល់​ថវិកា​១២​ម៉ឺន​ដុល្លារ និង​អង្ករ​២០​តោន ដែល​បាន​ពី​ការប្រកួត​បាល់ទាត់​សប្បុរសធម៌​កាលពី​ថ្ងៃទី​៩ វិច្ឆិកា ដើម្បី​ជួយ​ជនរងគ្រោះ​ទាំងនោះ​ផងដែរ​។ ថវិកា និង​អង្ករ​ទាំងនេះ បាន​ពី​ការបរិច្ចាគ​របស់​សប្បុ​រស​ជន​។​
 
(រូបទី១)លោកឧកញ៉ា ឬទ្ធី សំណាង ទទួលលិខិតសរសើរពីលោក ហ៊ុន ម៉ាណែត ក្នុងកម្មវិធីប្រកួតបាល់ទាត់សប្បុរសធម៌, រូបភាពពីក្លិបភ្នំពេញក្រោន 

​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​សរសេរ​រៀបរាប់​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ដូច្នេះ​ថា​៖«​មានជីវិត​ជាច្រើន​ទៀត ដែល​សំខាន់​ជាង​បាល់ទាត់ ដូច្នេះហើយ​យើង​សូម​ប្រកាសថា ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង នឹង​ប្រើប្រាស់​លុយ​ប្រាក់រង្វាន់ ដែល​បានមកពី​ការប្រកួត​បាល់ទាត់​ខេ​ម​បូ​ឌា​ន​លី​គ ជ័យលាភី​លេខ​២ យកទៅជួយ​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់​នៅតាម​បណ្តា​ខេត្ត​។ ពួកយើង​ឆ្ពោះទៅមុខ​ជាមួយគ្នា​»​។​
 
 
​មួយថ្ងៃ​ក្រោយ​ទទួលបាន​តំណែង​ជើងឯក​ពាន​សម្តេច ហ៊ុន សែន ពោលគឺ​នៅ​ថ្ងៃទី​៨ វិច្ឆិកា ឆ្នាំ​២០២០ ក្លិប​វិសាខា​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​ការខ្លួន​ថា​៖«​ក្លិប​កីឡាបាល់ទាត់​វិសាខា​មាន​កិត្តិយស​សូមជម្រាបថា ពួកយើង​នឹង​បរិច្ចាគ​ប្រាក់រង្វាន់ ១០០​លាន​រៀល នៃ​ជើងឯក​ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២០ ដើម្បី​ជួយ​ដល់​បងប្អូន​ជនរងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង នៅ​ខេត្តបន្ទាយមានជ័យ​»​។ 
 
 
​ក្រៅពី​ក្លិប​ទាំងបី​ខាងលើ យើង​សង្កេតឃើញ​ក្លិប​បាល់ទាត់​មួយចំនួន ក៏បាន​លះបង់​ថវិកា និង​ធនធាន​ផ្ទាល់ខ្លួន ដើម្បី​ទិញ​សម្ភារ គ្រឿងឧបភោគ បរិភោគ សម្រាប់​ចែកជូន​ដល់​ជនរងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង កាលពីពេល​កន្លងមក​ផងដែរ​។ ជាក់ស្តែង​ក្លិប​បាល់ទាត់​បឹងកេត​ដែលជា​ម្ចាស់​ជើងឯក​លី​គ​កំពូល​កម្ពុជា កាលពី​ថ្ងៃទី​១៨ តុលា ឆ្នាំ​២០២០ បាន​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ បាន​ចែក​អំណោយ​អ្នករងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​ចំនួន​២៥០​គ្រួសារ នៅ​សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​៕  
 
 
 

Tag:
 បាល់ទាត់​
  វិសាខា​
  Hun Sen Cup 2020
© រក្សាសិទ្ធិដោយ thmeythmey.com