ជាតិ
លោក​បណ្ឌិត កា ម៉ា​ធុល ៖ រដ្ឋបាល​លោក ចូ បៃ​ឌិន នឹង​ចាប់យក​អាស៊ាន​ជាថ្មី (​ភាគ​២)
11, Nov 2020 , 2:52 pm        
រូបភាព
លោកបណ្ឌិត កា ម៉ាធុល អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា
លោកបណ្ឌិត កា ម៉ាធុល អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា
ភ្នំពេញ​៖ ក្នុង​អាណត្តិ​ជា​ប្រធានាធិបតី​អាមេរិក​ទី​៤៦ លោក ចូ បៃ​ឌិន នឹង​អាច​ស្ដារ​ឥទ្ធិពល​អាមេរិក​ឡើងវិញ តាមរយៈ​«​គោលនយោបាយ​ពហុភាគី​និយម​បែប​កៀងគរ​»​។ លោក ចូ បៃ​ឌិន ក៏​នឹង​ងាក​មក​ចាប់​អាស៊ាន​ជាថ្មី​ផងដែរ​។ នេះ​ជាការ​មើលឃើញ​របស់លោក​បណ្ឌិត កា ម៉ា​ធុល អនុប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា នៃ​រាជបណ្ឌិត្យសភាកម្ពុជា​។​


​ផ្ទុយ​ពី​លោក ដូ​ណា​ល់ ត្រាំ ដែល​អនុវត្ត​គោលនយោបាយ​ឯកតោភាគី​និយម ជាមួយ​អាស៊ាន​នោះ លោក បៃ​ឌិន នឹង​ប្រើប្រាស់​នយោបាយ​ពហុភាគី​និយម ។ តាមរយៈ​គោលនយោបាយ​នេះ លោក បៃ​ឌិន នឹង​ងាក​មក​ចាប់យក​អាស៊ាន​ជាថ្មី ។ ត្រង់ចំណុច​នេះ​លោក កា ម៉ា​ធុល ចង់​ពន្យល់ថា លោក បៃ​ឌិន ទំនងជា​ឱ្យ​តម្លៃ​លើ​អាស៊ាន ជាង​រដ្ឋបាល​លោក ត្រាំ ។ បានន័យថា សំឡេង​រួម​របស់​អាស៊ាន នឹង​អាចឱ្យ​អាមេរិក​យកទៅ​គិតគូ​ពិចារណា​គ្រប់ពេល​។​
 
​សូម​លោក​-​អ្នកនាង ស្តាប់​កិច្ច​សម្ភាស​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក​បណ្ឌិត កា ម៉ា​ធុល អនុប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា នៃ​រាជបណ្ឌិត្យសភាកម្ពុជា ដូចតទៅ​៖




បើតាម​លោក កា ម៉ា​ធុល ការងា​កមក​ចាប់​អាស៊ាន​ជាថ្មី​របស់​រដ្ឋបាល​លោក បៃ​ឌិន នេះ នឹងធ្វើ​ឱ្យ​តំបន់​មួយ​នេះ ប្រឈមមុខ​កាន់តែខ្លាំង ក្រោមរូបភាព​ប្រទាញប្រទង់​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយ រវាង​អាមេរិក និង​ចិន​។ 
 
​កម្ដៅ​ភូមិសាស្ត្រ​នយោបាយ ដែល​បង្កឡើង​ដោយ​ពួក​មហាអំណាច​នេះ នឹង​ធ្វើឱ្យ​អាស៊ាន​ប្រឈមមុខ​នឹង​ការបែកបាក់​គ្នា​ផងដែរ ខណៈដែល​ប្រទេស​ជា​សមាជិក​អាស៊ាន​បច្ចុប្បន្ន មាន​ទាំង​និន្នាការ​ទៅរក​អាមេរិក និង​ចិន​។ នេះ​ជាការ​យល់ឃើញ​របស់លោក ម៉ា​ធុល ដែល​បាន​បន្ថែមថា អាស៊ាន នឹងមិន​បែកបាក់​គ្នា​ទេ ដរាបណា​មេដឹកនាំ​ទាំងអស់ រក្សា​គោលជំហរ​រឹងមាំ និង​គិតពី​ប្រយោជន៍​រួម​របស់​អាស៊ាន​។​
 
​ងាក​មក​និយាយ​ពី​កម្ពុជា នៅក្នុង​បរិបទ​ប្រទាញប្រទង់​ឥទ្ធិពល​នយោបាយ​នេះ​វិញ អនុប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​រូបនេះ យល់ឃើញថា ដ្បិត​កម្ពុជា ត្រូវបាន​គេ​មើលឃើញ​ងាក​ទៅរក​ចិន​មែន ប៉ុន្តែ​មិន​ប្រាកដថា​កម្ពុជា មិនអាច​ធ្វើការ​ជាមួយ​អាមេរិក​នោះទេ​។ ក្នុងន័យនេះ លោក កា ម៉ា​ធុល បាន​មើលឃើញថា កម្ពុ​ជាមាន​គោលនយោបាយ​បរទេសមួយ​ច្បាស់លាស់ សម្រាប់​ទាញ​ប្រយោជន៍​មក​កម្ពុជា ជាពិសេស​ការ​សម្រប​ខ្លួន តាម​កាលៈទេសៈ​អន្តរជាតិ​៕

Tag:
 កា ម៉ា​ធុល​
  ចូ បៃ​ឌិន​
  ការទូត
© រក្សាសិទ្ធិដោយ thmeythmey.com