កីឡាអន្តរជាតិ
អន្តរជាតិ
Vida ប្រធានក្រុមក្រូអាស៊ីទើបដឹងថាឆ្លង COVID-19 ក្រោយលេងពេញតង់ទី១ ទល់តួកគី Domagoj Vida (ស្តាំ) ចាប់ដៃលោក Senol gunes គ្រូតួកគី
× ប្រធានក្រុមជម្រើសជាតិក្រូអាស៊ី Domagoj Vida បានដឹងខ្លួនថាផ្ទុក COVID-19 ពេលរូបគេចូលលេងបានមួយតង់ដំបូងទៅហើយ នាការប្រកួតមិត្តភាពអន្តរជាតិដែលក្រូអាស៊ីស្មើតួកគី ៣-៣ នៅរាត្រីថ្ងៃទី១១ ខែវិច្ឆិកា។ នេះបើតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់ក្រូអាស៊ី (HNS)។
កីឡាករក្រូអាស៊ីទាំងអស់ រួមទាំង Vida ខ្សែការពារក្លិប Besiktas នៃលីគកំពូលតួកគី បានធ្វើតេស្តចេញលទ្ធផលអវិជ្ជមាននៅថ្ងៃទី៩ មុនការប្រកួតននេះចំនួន២ថ្ងៃ និងទទួលការធ្វើតេស្តមួយលើកទៀតនៅព្រឹកថ្ងៃទី១២ នៅប៉ុន្មានម៉ោងមុនការប្រកួតទល់តួកគីក្នុ ងក្រុងអ៊ីស្តង់ប៊ុលប្រទេសតួកគី។
ដោយសារលទ្ធផលតេស្តអវិជ្ជមាន កីឡាករជម្រើស១១នាក់ដំបូងរបស់ក្រូអាស៊ីដែលមាន Vida ជាប្រធានក្រុមផងសុទ្ធតែបានចូលលេងក្នុងជំនួបនេះ។ ថ្នាក់ដឹកនាំក្រុមជម្រើសជាតិទួកគីត្រូវបានគេជូនដំណឹងបឋមអំពីលទ្ធផលតេស្តវិជ្ជមានលើកីឡាករ Vida ខណៈរូបគេបានចូលលេងពេញមួយតង់ទី១ទៅហើយ។ ក្រោយដឹងពីលទ្ធផលដ៏អាក្រក់នេះ គ្រូក្រូអាស៊ីលោក Zlatko Dalic បានឲ្យ Filip Uremovic ចូលជំនួសប្រធានក្រុមវ័យ៣១ឆ្នាំនៅដើមវគ្គទី២។
Vida ក៏ត្រូវបញ្ជូនទៅដាក់ឲ្យនៅដាច់ដោយឡែកភ្លាមៗក្រោយដឹងដំណឹងនេះ នៅឯផ្ទះរបស់គេនៅប្រទេសតួកគី។ យ៉ាងណាក៏ដោយ ហេតុការណ៍ដែលកើតឡើងនេះ បានបង្កហានិភ័យខ្ពស់បំផុតសម្រាប់សមាជិកក្រុមក្រូអាស៊ី និងតួកគី ខណៈក្រុមទាំងពីរត្រូវបន្តលេងក្នុងការប្រកួតពានរង្វាន់ Nations League នៅរាត្រីថ្ងៃទី១៤ និង១៥ ខែវិច្ឆិកា រៀងៗខ្លួន។
ក្រូអាស៊ីដែលអះអាងថាមានសមាជិកម្នាក់ទៀតនៃគណៈប្រតិភូពួកគេបានធ្វើតេស្តវិជ្ជមាន COVID-19 ដែរនោះ ត្រូវធ្វើដំណើរទៅទីក្រុងស្តុកខុល ដើម្បីជួបក្រុមជម្រើសជាតិស៊ុយអែត មុនទទួលភ្ញៀវព័រទុយហ្គាល់នៅ៣ថ្ងៃបន្ទាប់។
ដោយឡែកតួកគី ត្រូវទទួលក្រុមរុស្ស៊ីនៅថ្ងៃទី១៥ ខែវិច្ឆិកា មុនធ្វើដំណើរទៅជួបហុងគ្រីនៅ៣បន្ទាប់សម្រាប់ការប្រកួតពានអឺរ៉ុបវគ្គសន្សំពិន្ទុ Nations League៕
Tag:
Domagoj Vida
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com