កីឡាជាតិ
ជាតិ
​លោក បែ មករា លោក លី រ៉ាវី និង Paulo Victor រួមទាំង​ក្លិប​បឹងកេត និង​ភ្នំពេញ​ក្រោ​ន រង​ពិន័យ
12, Nov 2020 , 10:59 pm        
រូបភាព
លោក បែ មករា (ឆ្វេង) និងលោក លី រ៉ាវី ត្រូវបានគណៈកម្មការវិន័យពិន័យមិនឲ្យចូលរួមការប្រកួតលីគចំនួន៣ខែនៅរដូវកាលក្រោយ, រូបថតពីក្លិបបឹងកេត
លោក បែ មករា (ឆ្វេង) និងលោក លី រ៉ាវី ត្រូវបានគណៈកម្មការវិន័យពិន័យមិនឲ្យចូលរួមការប្រកួតលីគចំនួន៣ខែនៅរដូវកាលក្រោយ, រូបថតពីក្លិបបឹងកេត
ដោយ:
​អគ្គលេខាធិការ​ក្លិប​បឹងកេត​លោក បែ មករា និង​លោក លី រ៉ាវី គ្រូ​ជំនួយ​របស់លោក គឺ​ម ភក្តី ត្រូវបាន​គណៈកម្មការ​វិន័យ​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ព្យួរ​មិន​ឲ្យ​ចូលរួម​ការប្រកួត​លី​គ​កំពូល​រដូវ​កាល​ឆ្នាំ​២០២១ ចំនួន​៣​ខែ ក្រោយ​ប្រព្រឹត្ត​អំពើ​ប្រាសចាក​ក្រមសីលធម៌​។ គណៈកម្មការ​នេះ ក៏បាន​ពិន័យ​ក្លិប​បឹងកេត និង​ភ្នំពេញ​ក្រោ​ន មិន​ឲ្យ​មាន​ទស្សនិកជន​ចូលរួម​ទស្សនា​ផ្ទាល់​នៅ​រដូវ​កាល​ក្រោយ​រៀងៗ​ខ្លួន​ផងដែរ​។

 
​ទោះបី​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០២០ បាន​ចប់​ជា​ស្ថាពរ ប៉ុន្តែ​ក្នុងជំនួប​ចុងក្រោយ​រវាង​ក្រុម​ភ្នំពេញ​ក្រោ​ន​ជាមួយ​បឹងកេត ដែល​បានបញ្ចប់​ដោយ​ភាពចម្រូងចម្រាស​រហូត​មាន​បង្ក​ជា​ហិង្សា​កាលពី​ថ្ងៃទី​២៥ តុលា បាន​បន្សល់​នូវ​ការពិន័យ​សាមី​ក្លិប និង​សមាជិក និង​កីឡាករ​មួយចំនួន​។ 
 

 
​ក្នុងនោះ​លោក បែ មករា អគ្គលេខាធិការ​និង​លោក លី រ៉ាវី គ្រូ​ជំនួយ​របស់​ក្លិប​បឹងកេត ត្រូវបាន​គណៈកម្មការ​វិន័យ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ពិន័យ​ដោយ​ព្យួរ​មិន​ចូលរួម​ប្រកួត​លី​គ​កំពូល​រដូវ​កាល​ឆ្នាំ​២០២១​ចំនួន​៣​ខែ និង​ពិន័យ​ជា​ប្រាក់​ម្នាក់ៗ​៥០​ម៉ឺន​រៀល​។ អ្នក​ទាំងពីរ ត្រូវបាន​ចោទ​ពី​ចូលរួម​វាយតប​លើ​គូប្រកួត ដែល​ផ្ទុយ​ពី​ក្រម​វិន័យ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។ 
 
​ចំណែក​ខ្សែប្រយុទ្ធ​របស់​ភ្នំពេញ​ក្រោ​ន Paulo Victor ដែល​ទើប​ចែកផ្លូវ​គ្នា​កាលពីពេល​ថ្មីៗ ត្រូវបាន​ពិន័យ​មិន​ចូលរួម​ប្រកួត​៥​ប្រកួត​ក្នុង​លី​គ​កំពូល​ឆ្នាំ​២០២១ និង​ថវិកា​៦០​ម៉ឺន​រៀល ក្រោយ​រូបគេ​រង​ការ​ចោទ​ពីបទ​ចូលរួម​បង្កជម្លោះ​វាយតប់ និង​ប្រឆាំង​ការសម្រេច​របស់​មន្ត្រី​ការប្រកួត​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មកា​រវិ​ន័យ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នៅ​ថ្ងៃទី​១១ វិច្ឆិកា ឆ្នាំ​២០២០​។  
 
​ជាមួយគ្នានេះ គណៈកម្មការ​វិន័យ​បាន​ពិន័យ​ក្លិប​បឹងកេត ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​អ្នកគាំទ្រ​ចូល​ទស្សនា​ផ្ទាល់​ក្នុងជំនួប​ក្នុង​ដី​ចំនួន​១ និង​ពិន័យ​ជា​ប្រាក់​ចំនួន​១​លាន​រៀល ក្រោម​បទ​ចោទ​មិនអាច​គ្រប់គ្រង​អ្នកគាំទ្រ​របស់ខ្លួន បណ្តាល​ឲ្យ​ពួកគេ​រត់​ចូល​ទីលាន ដើម្បី​អបអរ​គ្រាប់​បាល់​។ 
 
​ដោយឡែក ក្លិប​ភ្នំពេញ​ក្រោ​ន ត្រូវបាន​គណៈកម្មការ​វិន័យ ពិន័យ​មិន​ឲ្យ​មាន​អ្នកគាំទ្រ​ចូលរួម​ទស្សនា​ផ្ទាល់​ក្នុងជំនួប​ក្នុង​ដី​ចំនួន​ពីរ​ប្រកួត​នៅ​រដូវ​កាល​ឆ្នាំ​២០២១ និង​ពិន័យ​ជា​ប្រាក់​២​លាន​រៀល​។ ពួកគេ​ត្រូវបាន​ចោទ​ពីបទ​មិនអាច​ទទួលខុសត្រូវ​លើ​អ្នកគាំទ្រ​របស់ខ្លួន បណ្តោយ​ឲ្យ​ពួកគេ​រត់​ចូល​ទីលាន គប់​កាំជ្រួច​ផ្សែង​ចូល​ទីលាន ជេរប្រមាថ និង​ធាក់​ទ្វារ​បន្ទប់​អាជ្ញាកណ្ដាល រួមទាំង​ស្រែក​គំរាម​វាយ​អាជ្ញាកណ្ដាល​ជាដើម ដែល​បង្ក​ឲ្យ​មាន​អសន្ដិសុខ​។​
 
​គណៈកម្មការ​វិន័យរ​បស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ទុកពេល​ឲ្យ​សាមី​ក្លិប និង​សមាជិក​របស់​ក្លិប​ទាំងពីរ​ចំនួន​៥​ថ្ងៃ ដើម្បី​ប្តឹង​ឧទ្ធរណ៍ ក្នុងករណី​មិន​ពេញចិត្ត​លើ​ការពិន័យ​នេះ​។ ប៉ុន្តែ​បើ​គ្មាន​ការ​បណ្តឹងឧទ្ធរណ៍​ទេ ការពិន័យ​នឹង​ចូល​ជា​ធរមាន​៕ 
 
 

Tag:
 បាល់ទាត់​
  បែ មករា​
  លី រ៉ាវី​
  បឹងកេត​
  ភ្នំពេញ​ក្រោ​ន
© រក្សាសិទ្ធិដោយ thmeythmey.com