ជាតិ
សង្គមជាតិ
ស្ត្រី​ជនជាតិ​បារាំង​ម្នាក់​ជាសះស្បើយ​ពី​កូ​វីដ​-១៩ ខណៈ​អ្នកជំងឺ​នៅសល់​១២​នាក់​ទៀត​
13, Nov 2020 , 9:41 am        
រូបភាព
លោកស្រី ឱ វណ្ណឌីន​ អ្នកនាំពាក្យក្រសួងសុខាភិបាល
លោកស្រី ឱ វណ្ណឌីន​ អ្នកនាំពាក្យក្រសួងសុខាភិបាល
ដោយ:
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​បានប្រកាស​នា​ថ្ងៃទី​១៣ ខែវិច្ឆិកា​ថា ស្ត្រី​ជនជាតិ​បារាំង​អាយុ​២៣​ឆ្នាំ ដែល​ធ្វើដំណើរ​មកពី​ប្រទេស​បារាំង និង​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២៥ ខែតុលា បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩​។ កម្ពុជា​នៅសល់​អ្នកជំងឺ​ចំនួន​១២​នាក់​ទៀត​ដែល​បន្ត​ការព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​។​

 
​ស្ត្រី​ជនជាតិ​បារាំង​ដែលជា​សះស្បើយ​នេះ គឺមាន​អាសយដ្ឋាន​ស្ថិតនៅ​សណ្ឋាគារ​មួយកន្លែង​នៅ​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន​ស្ត្រី​ជនជាតិ​បារាំង​រូបនោះ​ត្រូវបាន​ពេទ្យ​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ហើយ ក្រោយ​ធ្វើតេស្ត​អវិជ្ជមាន​ចំនួន​២​លើក​។​
 
​គិត​ត្រឹម​ថ្ងៃទី​១៣ ខែវិច្ឆិកា ក្រសួងសុខាភិបាល​បាន​រកឃើញ និង​ធ្វើតេស្ត​អ្នក​ដែល​ប៉ះពាល់​គណៈប្រតិភូ​ហុង​គ្រី​ក្នុង​ព្រឹត្តិការណ៍​៣​វិច្ឆិកា​ចំនួន​២៥៥៣​នាក់ ដោយ​ក្នុងនោះ​មាន​ចំនួន​៤​នាក់​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ពី​គណៈប្រតិភូ​ហុង​គ្រី និង​ក្រៅពីនោះ​គឺ​សុទ្ធតែ​អវិជ្ជមាន​ទាំងអស់​។ 
 
​ទោះបី​ពួកគេ​អវិជ្ជមាន ប៉ុន្តែ​ពួកគេ​នៅតែ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​គ្រប់​រយៈពេល​២​សប្តាហ៍​សិន និង​ធ្វើតេស្ត​ចំនួន​២​លើក​ទៀត ដើម្បី​ឲ្យ​ដឹង​លទ្ធផល​ថា​វិជ្ជមាន ឬ​អវិជ្ជមាន​កូ​វីដ​-១៩​។ 
 
​បច្ចុប្បន្ន​កម្ពុ​ជាមាន​អ្នកជំងឺ​កូ​វីដ​-១៩​ចំនួន​៣០១​នាក់ ក្នុងនោះ​ជាសះស្បើយ​ចំនួន​២៨៩៕ 
 

Tag:
 ​ជំងឺ​
 ​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com