ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
កម្រិតទឹកទាប នាំឲ្យទិន្នផលបង្កងនៅតាកែវនៅឆ្នាំ២០២០នេះ ធ្លាក់ចុះ១២ភាគរយ
15, Nov 2020 , 8:30 am        
រូបភាព
រូបភាព៖ ក្រសួងកសិកម្ម
រូបភាព៖ ក្រសួងកសិកម្ម
ដោយ:
ទិន្នផលបង្កងខេត្តតាកែវ ឆ្នាំ២០២០នេះ មានការធ្លាក់ចុះប្រមាណ១២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កាលពីឆ្នាំ២០១៩ ទិន្នផលបង្កងដែលប្រមូលបាន មានចំនួន៩៧តោន។ នេះបើតាម លោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ ប្រាប់សារព័ត៌មានThmeyThmey25។ មន្រ្តីជលផលរូបនេះ បានសន្និដ្ឋានជំហ៊ានដំបូងថា ផលបង្កងក្នុងខេត្តតាកែវថយចុះ គឺមកពីកម្រិតទឹកទាប។

 
ខេត្តតាកែវសម្បូរបង្កងទឹកសាបធម្មជាតិច្រើនជាងគេ។ បង្កងខេត្តតាកែវ ក៏ជាផលិតផលប្រចាំខេត្ត ដោយសារតែមានរសជាតិឆ្ងាញ់របស់វា និងអាចទាក់ទាញភ្ញៀវទេសចរផងដែរ។ កត្តានេះហើយ ទើបរដ្ឋបាលខេត្តតាកែវ បានចងក្រងសហគមន៍នេសា ទដើម្បីធានាពីនិរន្តរភាព និងចីរភាពនៃការនេសាទ និងអភិរក្សពូជបង្កងធម្មជាតិ កុំឲ្យមានការបាត់បង់ និងផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយពីសក្តានុពលនៃផលិតផលរបស់ខេត្ត។
 
បង្កងតាកែវ សម្បូរនៅរដូវទឹកឡើង និងចាប់ផ្តើមស្រក ពោលគឺចន្លោះពីខែកញ្ញា ដល់ខែវិច្ឆិកា។ ការនេសាទបង្កងទឹកសាបក្នុងខេត្តតាកែវនេះ ត្រូវបានធ្វើឡើងនៅតំបន់ទឹកលិច មាននៅស្រុកអង្គរបុរី បូរីជលសារ និងកោះអណ្តែត ហើយក្នុងមួយរដូវៗ គេអាចនេសាទបាន និងផ្គត់ផ្គង់បង្គងនៅលើទីផ្សារបានប្រមាណ ៨៧តោន។ នេះបើតាមរបាយការណ៍របស់រដ្ឋបាលខេត្តតាកែវ។
 
ដ្បិតបង្កងខេត្តតាកែវមានភាពល្បីល្បាញ ប៉ុន្តែចំនួនអ្នកចិញ្ចឹមបង្កងជាលក្ខណៈគ្រួសារ មានតែប្រមាណជា ១០គ្រួសារប៉ុណ្ណោះទូទាំងខេត្ត។ នេះបើតាម លោក សៅ កុសល។ លោក កុសល បន្តថា៖«ឆ្នាំនេះ ទើបបើករដូវនេសាទ យើងមិនទាន់បូកសរុបស្ថិតិប្រចាំឆ្នាំនោះទេ តែតាមការសង្កេតទិន្នផលបង្កងឆ្នាំនេះ ធ្លាក់ចុះជាងឆ្នាំមុនដោយស្ថានភាពទឹកតិច»។ 
 
លោកបន្តថា ក្រៅពីទិន្នផលបង្កងថយចុះ ក៏មានការប៉ះពាល់ដល់អ្នកចិញ្ចឹម កង្កែប និងអ្នកចិញ្ចឹមត្រីផងដែរ។ ស្របតាមគោលដៅ របស់រដ្ឋបាលជលផលកំពុងពង្រឹង និងពង្រីកការងារចិញ្ចឹម ក្នុងស្រុកទាក់ទងនឹងវារីវប្បកម្ម ដូចជាការចិញ្ចឹមបង្កង,កង្កែប និងចិញ្ចឹមត្រីជាដើម ដើម្បីឲ្យស្របនឹងវិបត្តិកូវីដ-១៩ ។ នេះបើតាមការបញ្ជាក់របស់នាយខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ។
 
បើតាមមន្រ្តីជលផលរូបនេះដដែលក្រៅជាផ្នែកជួយលើកកម្ពស់សេដ្ឋកិច្ចពលរដ្ឋ បង្កងខេត្តតាកែវក៏ជាផ្នែកមួយអាចទាក់ទាញអ្នកទេសចរផងដែរ។ ដោយឡែកសម្រាប់ទីផ្សារបង្កងខេត្តតាកែវបច្ចុប្បន្ន បង្កងធម្មជាតិ លេខ១ អាចលក់បានតម្លៃ៤០ដុល្លារ, លេខ២តម្លៃ៣៥ដុល្លារ,និងបង្កងលេខ៣តម្លៃ២៥ដុល្លារ ក្នុងមួយគីឡូក្រាម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com