កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ World Cup៖ អេក្វាទ័រលត់កូឡុំប៊ី ៦-១ ឯប្រេស៊ីល និងអាហ្សង់ទីនបន្តឈ្នះ
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអេក្វាទ័រ បានយកឈ្នះកូឡុំប៊ីក្នុងលទ្ធផល ៦-១ ក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ២០២០ នៅកាតា ប្រចាំតំបន់អាមេរិកឡាទីន នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកានេះ។ កូឡុំប៊ីរបូតគ្រាប់ស៊ុត ៦ គ្រាប់ក្នុងវគ្គជម្រុះបាល់ទាត់ពិភលោកជាលើកដំបូងក្នុងរយៈពេល ៤៣ ឆ្នាំចុងក្រោយ។ ប្រេស៊ីល និងអាហ្សង់ទីនទទួលបាន៣ពិន្ទុរៀងខ្លួន។
អេក្វាទ័រដែលខកខានមិនបានចូលរួមប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំ ២០១៨ រកបាន ៤ គ្រាប់ក្នុងតង់ទី១ ដោយ Robert Arboleda, Angel Mena, Michael Estrada និង Xavier Arreaga មុនពេល James Rodriguez ស៊ុតបាល់ពិន័យ១១ម៉ែត្រឲ្យកូឡុំប៊ី១គ្រាប់វិញនៅនាទី៤៥។ របស់ ក្នុងការកាត់បន្ថយឱនភាពតែប៉ុន្មានវិនាទីប៉ុណ្ណោះមុនចប់តង់ទី ១។
នៅវគ្គទី២ អេក្វាទ័របន្ថែម២គ្រាប់ទៀតដោយកីឡាករ Gonzalo Plata និង Pervis Estupinan។ ចប់ការប្រកួត អេក្វាទ័រឈ្នះកូឡុំប៊ី ៦-១។ នេះជាការរកគ្រាប់បាល់ស៊ុតបញ្ចូលទីដ៏ច្រើនបំផុតចំនួន៦គ្រាប់ ក្នុងចំណោមគ្រាប់បាល់ដែលអេក្វាទ័ររកបានក្នុងការប្រកួត១៦លើកចុងក្រោយរបស់ពួកគេជាមួយក្រុមក្នុងតំបន់អាមេរិកឡាទីន។
តាមរយៈជ័យជម្នះនេះ អេក្វាទ័របានឡើងទៅកាន់ចំណាត់ថ្នាក់ទី៣ក្នុងតារាងពិន្ទុនៃវគ្គជម្រុះទ្វីបអាមេរិកខាងត្បូងដែលមាន១០ប្រទេស ដោយរកបាន៩ពិន្ទុពីការប្រកួត៤លើក។
ដោយឡែក ប្រេស៊ីលនៅតែបន្តរកបានជ័យជម្នះរបស់ខ្លួនទាំង៤ប្រកួត ក្រោយឈ្នះអ៊ុយរូហ្គាយ ២-០។ ក្រុមរហស្សនាមស៊ាំបាឈរកំពូលតារាងដោយទទួលបាន១២ពិន្ទុពេញ តាមពីក្រោយដោយអាហ្សង់ទីនដែលមាន១០ពិន្ទុ។ អាហ្សង់ទីនក៏មិនទាន់ស្គាល់ចាញ់នៅឡើយដែរ ក្នុងនោះចំណោម៤ប្រកួត ឈ្នះ៣ និងស្មើមួយ។ ប្រកួតលើកចុងក្រោយឈ្នះប៉េរូ ២-០៕
© រក្សាសិទ្ធិដោយ thmeythmey.com