COVID-19
ជាតិ
COVID-19៖ មាន២ករណីទៀតក្នុងនោះមាន​មន្ត្រីមហាផ្ទៃដែលបាន​ទៅហាង Zando បឹងកេងកង
07, Dec 2020 , 7:18 am        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
ដោយ: ថ្មីៗ
អ្នក​ឆ្លងកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា កើនពីរនាក់បន្ថែមទៀត ដែល​ក្នុងនោះ មាន​បុរសម្នាក់ ដែលធ្លាប់ស្នាក់នៅជាមួយអ្នកជំងឺដែលជា​បុគ្គលិកហាង Pedro និងមួយទៀតជាស្ត្រីបុគ្គលិកមហាផ្ទៃ អាយុ២៩​ឆ្នាំ ដែលបានចូលហាង Zando បឹងកេងកង។




តាម​ក្រសួងសុខាភិបាល បុរសអាយុ២១ឆ្នាំ មានអាសយដ្ឋាននៅ​ជិតវត្តសន្សំកុសល សង្កាត់បឹងទំពុន ធ្លាប់ស្នាក់នៅជាមួយអ្នកជំងឺអាយុ២២ឆ្នាំ ដែល​ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ហើយ​ត្រូវ​បានតេស្តវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី៣ ខែធ្នូ។ នេះជាករណីមួយបន្ថែម ដោយកាលពីចុងសប្តាហ៍កន្លងមក បុគ្គលិកហាង Carls' Jr Burger ទួលទំពូង ដែលស្នាក់នៅជិតវត្តសន្សំកុសល ក៏បានឆ្លងពីបុគ្គលិកហាង Pedro រូបនោះផងដែរ។

រីឯករណីមួយទៀត ជាស្ត្រីអាយុ២៩ឆ្នាំ មានអាសយដ្ឋាន​នៅសង្កាត់ចាក់អង្រែលើ។ គាត់ជាមន្ត្រី​ក្រសួងមហាផ្ទៃ ដែលបានចូលហាង Zando បឹងកេងកង កាលពីយប់ថ្ងៃទី​២៧ ខែវិច្ឆិកា ដោយមិនបាន​ការពារ​ខ្លួន​ត្រឹមត្រូវ។

ករណីថ្មី២នេះ ត្រូវបាន​ក្រសួងអះអាងថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែលធ្វើឲ្យចំនួន​សរុប​ឡើង​ដល់៣២នាក់ ខណៈការធ្វើ​តេស្ត មាន​ចំនួន​១១ ៣០៥សំណាកហើយ ដោយគិតត្រឹម​ថ្ងៃទី៦ ខែធ្នូ។

នៅកម្ពុជាទាំងមូល អ្នកឆ្លងកូវីដ-១៩ ឡើង​ដល់៣៤៨នាក់ ក្នុងនោះ​៣០៦នាក់ បានជាសះស្បើយ។ អ្នកជំងឺដែលកំពុងសម្រាកព្យាបាល មាន៣៣នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និង​៩នាក់នៅមណ្ឌលសុខភាពចាក់អង្រែ៕


© រក្សាសិទ្ធិដោយ thmeythmey.com