COVID-19
ជាតិ
អ្នក​ទៅ​ហាត់ប្រាណ​នៅ​សួនច្បារ​វិមានឯករាជ្យ ថយចុះ ក្រោយ​ផ្ទុះ​ព្រឹត្តិការណ៍​២៨​វិច្ឆិកា
07, Dec 2020 , 9:59 pm        
រូបភាព
​ដោយ​៖ ហុង ស្រី​ណា​

COVID19៖ ក្រោយ​មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចូល​សហគមន៍​ក្នុងប្រទេស​កម្ពុជា ឬ​ហៅថា ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ការហាត់​ប្រាណ​តាម​ទីសាធារណៈ និង​ការធ្វើដំណើរ​តាម​ដងផ្លូវ មានការ​ថយចុះ​។


​ពលរដ្ឋ​មួយចំនួន ដែល​តែង​ទៅ​ហាត់ប្រាណ​នៅ​សួនច្បារ​វិមានឯករាជ្យ ផ្តល់ព័ត៌មាន​ដូចគ្នា ដល់​សារព័ត៌មាន​ថ្មីៗ​២៥ (Thmeythmey25) ថា ក្រោយ​ផ្ទុះ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា អ្នក​ទៅ​ហាត់ប្រាណ​នៅ​ទីនោះ ហាក់​ថយចុះ ហើយ​បើទោះបីជា​អ្នកខ្លះ នៅតែ​បន្តទៅ​ហាត់ប្រាណ​ក្តី ក៏​ពួកគេ ប្រុងប្រយ័ត្ន​ក្នុងការ​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ​-១៩​ដែរ ដូចជា ហាត់ប្រាណ ដោយនៅ​ឆ្ងាយ​ពីគ្នា និង​ពាក់​ម៉ាស់ ជាដើម​។ 
 
​លោក អ៊ុង សោ​ភ័​ណ្ឌ ដែល​តែង​ទៅ​ហាត់ប្រាណ​ជាប្រចាំ នៅ​សួនច្បារ​មុខ​វិមានឯករាជ្យ ប្រាប់​សារព័ត៌មាន អ្នក​មក​ហាត់ប្រាណ​មានការ​ថយចុះ​ជាង​មុន​ប្រមាណ​៤០​ភាគរយ ក្រោយ​មានការ​ផ្ទុះឡើង​នូវ​ព្រឹត្តិការ​២៨​វិច្ឆិកា​។ លោក និយាយថា​៖«​ខ្ញុំ ក៏មាន​ការភ័យខ្លាច​ដែរ ដោយ​ពីមុន​ខ្ញុំ​មិនសូវ​ពាក់​ម៉ាស់​ទេ ប៉ុន្តែ​ឥឡូវ ខ្ញុំ​ពាក់​ម៉ាស់​ជាប្រចាំ ព្រោះ​លើក​នេះ​វា​ធ្ងន់ធ្ងរ​ជាង​រាល់ដង​»​។ 
​លោក បន្ថែមថា​៖«​ទន្ទឹមនឹង​ការភ័យខ្លាច ខ្ញុំ​នៅតែ​បន្ត​មក​ហាត់ប្រាណ​ទីនេះ​ជាធម្មតា ដោយសារ​វា​ជា​តំបន់​វាល ដូច្នេះ មេរោគ​កូ​វីដ​-១៩ មិនអាច​នៅ​កន្លែង​នេះ​បានយូរ​ទេ ហើយ​ខ្ញុំ​ក៏មាន​ការពាក់​ម៉ាស ដើរ​ហាត់ប្រាណ​រក្សា​គម្លាត សម្អាតខ្លួន​និង​បាញ់​អាល់កុល​មុនពេល​ចេញពីផ្ទះ រួមទាំង​ពេល​ត្រឡប់​ទៅវិញ​ផងដែរ​»​។​
 
​ចំណែក នារី​ឈោះ​កញ្ញា សុ​លីន​ដា ដែល​តែង​ទៅ​ហាត់ប្រាណ​ជា​រៀងរាល់ថ្ងៃ​នៅ​សួនច្បារ​វិមានឯករាជ្យ​ដែរនោះ ប្រាប់ថា នៅតែ​បន្តទៅ​ហាត់ប្រាណ ដោយបាន​រក្សា​អនាម័យ ដូចជា ការពាក់​ម៉ាស់ ប្រើ​ស្ព្រា​យ​បាញ់​ខ្លួន​សម្លាប់​មេរោគ និង ដើរ​ហាត់ប្រាណ​រក្សា​គម្លាត ជាដើម​។ នារី​រូបនេះ និយាយថា​៖«​ពេល​ខ្ញុំ​ទៅ​ក្រៅ​ញុំ​ា​អី ខ្ញុំ​តែងតែ​សម្អាត តុ កៅអី ស្លាបព្រា​ឲ្យ​បាន​ស្អាត​ល្អ និង​លាងដៃ​បាន​ញឹកញាប់​»​។​
 
​នារី​ខាងលើ សង្កេតឃើញថា  ក្រោយ​ផ្ទុះ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា អ្នក​ដែល ទៅ​ហាត់ប្រាណ មាន​ប្រុងប្រយ័ត្ន​រៀងៗ​ខ្លួន ដោយ​អនុវត្តតាម​វិធានការ​របស់​ក្រសួងសុខាភិបាល ក្នុងការ​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ​-១៩ ដូចជា ការរក្សា​គម្លាត​ពីគ្នា ពេល​ដើរ​ហាត់ប្រាណ ជាដើម​។ 
 
​លោកស្រី ដា ជា​អាជីវករ​មួយរូប ដែល​លក់​ភេសជ្ជៈ និង​ពងមាន់ នៅ​សួនច្បារ​វិមានឯករាជ្យ មានប្រសាសន៍ថា ការលក់ដូរ​របស់លោក​ស្រី បាន​ថយចុះ​ច្រើន​។ លោកស្រី ប្រាប់ថា ពីមុន លោកស្រី អាច​លក់បាន​១០​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ ប៉ុន្តែ​ក្រោយពេល​មាន​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា លោកស្រី លក់បាន​ត្រឹមតែ​១​ម៉ី​ន ទៅ ២​ម៉ឺន​រៀល​ប៉ុណ្ណោះ ក្នុង​១​ថ្ងៃ​។ 
 
​អាជីវករ​រូបនេះ និយាយថា​៖«​អ្នក​មក​ហាត់ប្រាណ​មាន​សភាព​ស្ងប់ស្ងាត់ ដោយសារ​គេ​មិន​ហ៊ាន​ចេញ​ក្រៅ​។ ចំណែក​អ្នក​មក​ហាត់ប្រាណ​វិញ ក៏​មិនសូវ​ទិញ ពីព្រោះ​គេ​មានទឹក​សម្រាប់​ញុំ​ា​ផ្ទាល់ខ្លួន​។ សម្រាប់​ខ្ញុំ​ជា​អ្នកលក់ដូរ ខ្ញុំ​ពាក់​ម៉ាស់ លាងដៃ​ជាមួយ​អាល់កុល ពាក់​ស្រោមដៃ​ពេល​ហុច​ទឹក​ឲ្យ​ភ្ញៀវ និង​មិន​ឲ្យ​ភ្ញៀវ​លូកដៃ​ចូល​ធុង​ទឹក​ឡើយ ដើម្បី​ការពារ​សុ​វត្តិភាព​ទាំងអស់គ្នា​»​។​
 
​គួរបញ្ជាក់​ផងដែរ​ថា ក្រសួង​អប់រំ យុវជន និង កីឡា​បាន​ណែនាំ​ឲ្យ​ពលរដ្ឋ ផ្អាក​ទៅ​ហាត់ប្រាណ និង​លេង​កីឡា​នៅ​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១២ ខែធ្នូ​។ នោះ​ក៏​ព្រោះតែ​ក្រសួងសុខាភិបាល បាន​យក​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក សម្រាប់​ធ្វើតេស្ត​សុខភាព​លើ​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​៕ 
 

Tag:
 ហាត់​សាធារណៈ
  សួនច្បារ​វិមានឯករាជ្យ​
© រក្សាសិទ្ធិដោយ thmeythmey.com