COVID-19
ជាតិ
សុខភាព
ឈប់ម៉ូតូតាមស្តុបចរាចរណ៍ គ្មានគម្លាតសុវត្ថិភាព និងមិនពាក់ម៉ាស ជាហានិភ័យ
07, Dec 2020 , 7:39 pm        
រូបភាព
ពាក់ម៉ាស់សុខៗ តែពេលជិះម៉ូតូទៅដល់ភ្លើងស្តុប បែរជាដោះចេញដើម្បីស្រូបយកខ្យល់អាកាស។ សកម្មភាពបែបនេះ មិនមែនជារឿងត្រឹមត្រូវក្នុងបរិបទកូវីដ-១៩នោះឡើយ ជាពិសេសការឈប់សំចតនីមួយៗ ភាគច្រើនមិនគោរពទៅតាមគោលការណ៍គម្លាតសុវត្ថិភាព។

 
ការឈប់យានជំនិះរបស់ខ្លួននៅតាមភ្លើងសញ្ញាចរាចរណ៍នីមួយៗដែលមានភាពចង្អៀតណែន ឬមានភាពកកកុញ ដោយគ្មានគម្លាតសុវត្ថិភាពពីម្ចាស់យានជំនិះមួយទៅយានជំនិះមួយទៀត(ម៉ូតូ) ក៏ជាលទ្ធភាពមួយនៃការឆ្លងកូវីដ-១៩នៅក្នុងសហគមន៍ដោយមិនដឹងខ្លួនផងដែរ។ ជាពិសេស ប្រសិនបើអ្នកបើកបរម៉ូតូ មិនបានពាក់ម៉ាស់ ហើយមានការជជែកឆ្លើយឆ្លងគ្នាពីម្ចាស់ម៉ូតូមួយទៅម្ចាស់មួយទៀត  ឬមានការក្អក កណ្តាស់ ខាកស្តោះណាមួយនោះ គឺសុទ្ធសឹងជាហានិភ័យនៃការឆ្លងកូវីដ-១៩ ព្រោះបច្ចុប្បន្នវីរុសនេះកំពុងរាលដាលស្ទើរគ្រប់ទីកន្លែងនៅរាជធានីភ្នំពេញ។
 
កាលពីថ្ងៃទី៣០វិច្ឆិកា ឆ្នាំ២០២០ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំរហូតដល់១០ចំណុច ដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ក្នុងសហគមន៍ នៅរាជធានីភ្នំពេញ។ ក្នុងចំណោមការណែនាំទាំង១០ចំណុចនោះ មាន១ចំណុច ដែលអភិបាលរាជធានីភ្នំពេញរូប ស្នើសុំនិងអំពាវនាវដល់ពលរដ្ឋទាំងអស់ បើគ្មានភាពចំបាច់ណាមួយទេ គឺមិនត្រូវធ្វើដំណើរចេញពីផ្ទះឡើយ។ 
 
លោក ឃួង ស្រេង បានបញ្ជាក់យ៉ាងខ្លីនៅក្នុងសេចក្តីណែនាំខាងលើ ដោយបញ្ជាឱ្យអភិបាលខណ្ឌទាំង១២នៅរាជធានីភ្នំពេញត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ដូច្នេះ៖«ករណីដែលមានតម្រូវការចាំបាច់ដែលចៀសមិនផុត មិនត្រូវឱ្យមានការកកកុញតាមភ្លើងចរាចរណ៍នានា នៅក្នុងរាជធានីភ្នំពេញឡើយ»។
 
ក្នុងបរិបទកូវីដ-១៩នេះ មនុស្សគ្រប់រូបត្រូវតែរក្សានៅគម្លាតសុវត្ថិភាពពីបុគ្គលមួយទៅបុគ្គលមួយយ៉ាងហោចណាស់១ម៉ែត្រកន្លះ ឬពីយានជំនិះ(ម៉ូតូ)មួយទៅយានជំនិះមួយទៀតនៅតាមភ្លើងស្តុបនៃសញ្ញាភ្លើងចរាចរណ៍ឱ្យបានត្រឹមត្រូវបានការណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩នៅក្នុងសហគមន៍។ 
 
គិតត្រឹមថ្ងៃទី៧ធ្នូ ឆ្នាំ២០២០ អ្នកឆ្លងកូវីដ-១៩ដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានកើនដល់៣២នាក់ហើយ  ខណៈកម្ពុជាទាំងមូល មានអ្នកឆ្លងជំងឺនេះ ឡើងដល់៣៤៨នាក់ ដោយក្នុងនោះមាន៣០៦នាក់ បានជាសះស្បើយ៕ 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com