ភ្នំពេញ៖ គម្រោងពង្រីកផ្លូវរបស់អាជ្ញាធរ នៅតំបន់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ បានប៉ះពាល់ដល់ផ្ទះនិងអាជីវកម្មរបស់ពលរដ្ឋចំនួន៤៥គ្រួសារ។ ក្នុងចំណោមផ្ទះនិងអាជីវកម្មរបស់ពលរដ្ឋដែលបានរងគ្រោះពីការពង្រីកផ្លូវនេះ មានសណ្ឋាគារទែរូ(Terres Rouges Hotel) ដែលបានបើកដំណើរការអស់រយៈពេល២១ឆ្នាំមកហើយនោះ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ឈានដល់ការបិទទ្វារ ផងដែរ។
បើតាមម្ចាស់សណ្ឋាគារទែរូ លោកស្រី ខៃ ចិន្តា ការពង្រីកផ្លូវរបស់រអាជ្ញាធរខេត្តរតនគិរីបានធ្វើឱ្យប៉ះពាល់ដល់របងនៅជុំវិញសណ្ឋាគារនេះចំនួន៤៨០ម៉ែត្រ និងប៉ះពាល់ដល់ជម្រៅនៃសណ្ឋាគារ ជាង១ម៉ែត្រ អាស្រ័យទៅតាមទីកន្លែងផ្សេងៗ នៅក្នុងបរិវេណសណ្ឋាគារ។ ទីកន្លែងនៃសណ្ឋាគារ ដែលរងប៉ះពាល់ពីគម្រោងពង្រីកផ្លូវរបស់អាជ្ញាធរនោះ ក្រៅពីរបងសណ្ឋាគារ គឺមានរានហាល, ច្រកចូល-ចូលភោជនីយដ្ឋាន, បន្ទប់ទទួលភ្ញៀវ, ការិយាល័យ, ផ្ទះបាយ និងបឹងហ្គាឡូ, កន្លែងលក់វត្ថុអនុស្សាវរីយ ...ជាដើម ដោយគ្មានទទួលបានប្រាក់សំណងពីអាជ្ញាធរឡើយ។
«គម្រោងពង្រីកផ្លូវមួយនេះ បានប៉ះពាល់ដល់រចនាសម្ព័ន្ធសណ្ឋាគារទែរូទាំងស្រុង»។ នេះជាការលើកឡើងរបស់លោកស្រី ខៃ ចិន្តា ដោយបន្តរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗថា៖«ធម្មតាសំណង់ធំដែលយើងធ្វើឡើង គឺតែងតែមានប្លង់មេ ហើយដល់ពេលសំណង់យើងខូចខាតឬដូរទ្រង់ទ្រាយណាមួយ គឺប៉ះពាល់ដល់សម្ព័ន្ធសណ្ឋាគារទាំងអស់តែម្តង»។
ម្ចាស់សណ្ឋាគារទែរូ លើផ្ទៃដី១១,៧៥៤ម៉ែត្រការ៉េ ដែលស្ថិតនៅក្នុងបានលុង ខេត្តរតនគិរីរូបនេះ បានបញ្ជាក់ថា អ្នកស្រីបានទិញដីនេះ ពីឯកជននិងមានប្លង់កម្មសិទ្ធិត្រឹមត្រូវពីអាជ្ញាធរដែនដី ។ អ្នកស្រី បានសាងសង់សណ្ឋាគារនេះ នាឆ្នាំ១៩៩១ ដោយមិនមានអាជ្ញាធររូបណាប្រាប់ថា ដីសណ្ឋាគារនេះ ស្ថិតនៅក្នុងគម្រោងអភិវឌ្ឍណាមួយរបស់ខេត្តឡើយ។
លោកស្រី ខៃ ចិន្តា ពេញចិត្តនឹងគម្រោងពង្រីកផ្លូវរបស់អាជ្ញាធរ ក្នុងគោលដៅលើកកម្ពស់វិស័យទេសចរណ៍ខេត្តរតនគិរី ប៉ុន្តែការអភិវឌ្ឍផ្លូវនេះ វាបានធ្វើឱ្យប៉ះពាល់ខ្លាំងពេកដល់សណ្ឋាគារទែរូ ដែលខិតខំចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តរតនគិរី។
អ្នកស្រី ក៏បានស្នើយ៉ាងទទូចដល់អាជ្ញាធរខេត្ត សូមពង្វាងនៃការពង្រីកផ្លូវនេះ ចំពោះសណ្ឋាគារទែរូផ្ទាល់ ដែលសុទ្ធសឹងជាសំណង់ប្រណិត និងមានផែនការមេក្នុងការសាងសង់ឡើង។
ពាក់ព័ន្ធនឹងគម្រោងពង្រីកផ្លូវក្នុងតំបន់បឹងកន្សែងដើម្បីអភិវឌ្ឍវិស័យទេសចរណ៍នេះ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានលើកឡើងថា គឺអនុវត្តទៅតាមផែនការមេ និងប្លង់គោលរបស់ខេត្ត។ អភិបាលខេត្តរូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗយ៉ាងខ្លីតាមទូរសព្ទ នារសៀលថ្ងៃទី១១ធ្នូ ឆ្នាំ២០២០ដូច្នេះ៖« មានពលរដ្ឋចំនួន៩០ភាគរយហើយ ដែលចូលរួមនិងស្ម័គ្រចិត្តរុះរើនូវសំណង់នានារបស់ខ្លួនៗ ដែលបានស្ថិតនៅក្នុងគម្រោងពង្រីកផ្លូវនេះ»៕