ជាតិ
សង្គមជាតិ
ប្រធាន តំណាងរាស្រ្ត និងមន្ត្រីសភា ធ្វើតេស្តរកកូវីដ-១៩ លើកទី៣
12, Dec 2020 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
 
តំណាងរាស្ត្រ និងមន្ត្រីរដ្ឋសភា នឹងត្រូវធ្វើតេស្តរកកូវីដ-១៩ លើកទី៣ នៅព្រឹកថ្ងៃទី១២ ធ្នូ នាសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា។ នេះបើតាមអគ្គលេខាធិការដ្ឋានរដ្ឋសភា ។


តំណាងរាស្ត្រ និងមន្ត្រីរដ្ឋសភា ដែលត្រូវធ្វើតេស្តរកកូវីដ-១៩ លើកទី៣ គឺជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨វិច្ឆិកាកន្លងទៅ។ ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋសភា បានធ្វើតេស្តយកសំណាកលើកទី២ មកហើយ ដោយលទ្ធផលអវិជ្ជមានកូវីដ-១៩។

ថ្នាក់ដឹកនាំរដ្ឋសភា និងសមាជិក ដែលបានចូលរួមធ្វើតេស្តរកមេរោគកូវីដ១៩លើកទីមួយកាលពីថ្ងៃទី១ ខែធ្នូ រួមមាន សម្តេច ហេង សំរិន, លោក ងួន ញិល អនុប្រធានទី១រដ្ឋសភា លោកស្រី ឃួន សុដារី អនុប្រធានទី២រដ្ឋសភា, ប្រធានគណៈកម្មការទាំង១០ នៃរដ្ឋសភា រួមទាំងមន្ត្រីផ្សេងទៀត។

អ្នកកើតកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា កើនឡើងដល់៤០នាក់ហើយ ក្នុងនោះមានប្រុស២១នាក់ ស្រី១៩នាក់។ ការតេស្តលើកទី៣សម្រាប់អ្នកពាក់ព័ន្ធ នៅថ្ងៃទី១២ ខែធ្នូនេះ គឺនៅក្រសួងមហាផ្ទៃ កីឡដ្ឋានជាតិអូឡាំពិក និងទីតាំងផ្សេងៗទៀតដែលបានកំណត់។

កម្ពុជា មានអ្នកឆ្លងកូវីដ-១៩ ចំនួន៣៥៧នាក់ ក្នុងនោះជាសះស្បើយ៣០៧នាក់ ។ រីឯអ្នកជំងឺដែលកំពុងសម្រាកព្យាបាល មាន៣៧នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និង១៣នាក់ទៀត នៅមណ្ឌលសុខភាពចាក់អង្រែ ៕



Tag:
 តេស្ត
  សំណាក
  ព្រឹត្តិការណ៍
  សហគមន៍
  រដ្ឋសភា
© រក្សាសិទ្ធិដោយ thmeythmey.com