ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
បាក់ឌុប
សិស្សទី១២ខ្លះ យល់ថា អាចត្រៀមខ្លួនបានកាន់តែល្អ ចំពោះការពន្យារពេលប្រឡងបាក់ឌុបដល់ដើមឆ្នាំ២០២១
12, Dec 2020 , 10:12 am        
រូបភាព
 រូបពីឆ្វេង​គឺជា យុវសិស្ស លីម ឡាយហុក រូបកណ្តាលជា​ យុវសិស្ស គឹម ឡុងណាហ៊ាង និងយុវតី ចិត្រ្តា ស្រីណែត
រូបពីឆ្វេង​គឺជា យុវសិស្ស លីម ឡាយហុក រូបកណ្តាលជា​ យុវសិស្ស គឹម ឡុងណាហ៊ាង និងយុវតី ចិត្រ្តា ស្រីណែត
ដោយ:
ភ្នំពេញ៖ សិស្សថ្នាក់ទី១២មួយចំនួន មើលឃើញចំណុចល្អ ដែលក្រសួងអប់រំ ពន្យារពេលប្រឡងបាក់ឌុប រហូតដល់ពាក់កណ្តាលខែមករា ឆ្នាំ២០២១ ដ្បិតពួកគេ មានពេលសិក្សាបន្ថែម ដើម្បីត្រៀមខ្លួនឲ្យកាន់តែល្អ សម្រាប់ការប្រឡង។



ដោយសារយាយីនៃជំងឺកូវីដ-១៩ ធ្វើឲ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២០នេះ ប្រែប្រួលចុះឡើងៗ ដោយត្រូវពន្យារពេលម្តងហើយម្តងទៀត។ លើកទី១ ការប្រឡងបាក់ឌុប ត្រូវពន្យារពេលពីខែសីហា ទៅខែធ្នូ ហើយបន្ទាប់មកត្រូវពន្យារលើកទី២ ពីខែធ្នូ ទៅខែមករា ឆ្នាំ២០២១វិញ។ ការសម្រេចចុងក្រោយរបស់ក្រសួងអប់រំ គឺការប្រឡងបាក់ឌុប នឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។
 
រយៈពេល១ខែទៀតនេះ ធ្វើឲ្យសិស្សានុសិស្សថ្នាក់ទី១២ មានពេលវេលាបន្ថែមទៀតសម្រាប់រំលឹកមេរៀន អនុវត្តលំហាត់ និងបំពេញចន្លោះដែលខ្វះខាត។
ប៉ុន្តែពួកគាត់ក៏យល់ស្របថាការពន្យារពេលប្រឡងនេះគឺជាវិធានការដ៏ត្រឹមត្រូវសម្រាប់ទប់ស្កាត់ជំងឺកូវីដ-១៩។

យុវជន គឹម ឡុងណាហ៊ាង ជាសិស្សនៅវិទ្យាល័យបាក់ទូក ប្រាប់ថា ខ្លួន ខកចិត្តបន្តិចដែរ ពេលទទួលដំណឹងពីការពន្យារពេលប្រឡងបាក់ឌុបរហូតដល់ពាក់កណ្តាលខែមករា ឆ្នាំ២០២១។ ប៉ុន្តែ ណាហ៊ាង នៅតែគាំទ្រលើការសម្រេចចិត្តរបស់ក្រសួង ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។
 ទិដ្ឋភាពសិស្សានុសិស្ស​ថ្នាក់ទី១២នៅវិទ្យាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនដើមឫស ខេត្ត​កណ្តាល កំពុង​ប្រឡងបាក់ឌុប​សាកល្បង ដើម្បីតេស្ត​សមត្ថភាពសិស្សានុសិស្ស រូបពីវិទ្យាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនដើមឫស​

យុវសិស្សរូបនេះ និយាយដូច្នេះថា៖«ខ្ញុំខកចិត្ត២ដងហើយ។ អារម្មណ៍នៃការតាំងចិត្តក៏វាសាបតាមហ្នឹងដែរ។ តាំងពីខ្ញុំរៀនពីដើមឆ្នាំមកខ្ញុំត្រៀមខ្លួនបាន៩៥ភាគរយហើយ។ បើការប្រឡង អត់មានការពន្យារទេ មកដល់ពេលនេះគឺខ្ញុំនៅសល់ពេល២អាទិត្យដើម្បីត្រៀមបន្ថែមឲ្យគ្រប់១០០ភាគរយ។ អ៊ីចឹងដល់ពេលឮដំណឹងហ្នឹងភ្លាម សិស្សានុសិស្សទូទាំងប្រទេស រួមទាំងខ្ញុំគឺមានភាពប៉ះពាល់ក្នុងអារម្មណ៍។ ខ្ញុំក៏ត្រឡប់មកគិតវិញថា ការពិតជាសេចក្តីសម្រេចមួយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលគិតគូរពីសិស្សានុសិស្ស»។

យុវតី ចិត្រា ស្រីណែត ជាសិស្សនៅវិទ្យាល័យសង្កែ ខេត្តបាត់ដំបង ក៏បានយល់ស្របដែរ ថា ការពន្យារពេលប្រឡងបាក់ឌុបឆ្នាំនេះគឺជាការសម្រេចចិត្តដល់ត្រឹមត្រូវរបស់ក្រសួងអប់រំ ដើម្បីការពារសុវត្ថិភាពរបស់សិស្សានុសិស្ស។ យុវតីរូបនេះ បង្ហាញការរីករាយនៅពេលដែលខ្លួនមានពេលរយៈពេល១ខែទៀតដើម្បីពង្រឹងការសិក្សារបស់ខ្លួន។

ស្រីណែត សារភាពថា បច្ចុប្បន្ន ខ្លួន មានសមត្ថភាពប្រឡងបានត្រឹមតែ៥០ភាគរយតែប៉ុណ្ណោះ។ ដូច្នេះសល់ពេល១ខែទៀតនេះ ស្រីណែត នឹងខិតខំស្វ័យសិក្សា និងរៀនបំប៉ន ដើម្បីពង្រឹងសមត្ថភាពខ្លួនឲ្យបានត្រឹម៨០ភាគរយ សម្រាប់ការប្រឡើង។ យុវតីរូបនេះ បង្ហាញការតាំងចិត្តថា៖«១ខែទៅទៀតនេះ ខ្ញុំនឹងពង្រឹងមុខវិជ្ជារូបវិទ្យា និងគណិតវិទ្យាបន្ថែមទៀត»។  

យុវជន លីម ឡាយហុក ដែលសិក្សានៅសាលាអន្តរទ្វីបអាមេរិកាំង ក៏មិនខុសពីយុវសិស្សទាំងពីរនាក់ខាងលើដែរ។ ឡាយហុក ហាក់មានការព្រួយបារម្ភខ្លាំងពីការរាតត្បាតជំងឺកូវីដ-១៩ និងព្រួយបារម្ភថាការប្រឡងបាក់ឌុប អាចនឹងអូសបន្លាយពេលកាន់តែយូរបន្ថែមទៀត បើកាលណាជំងឺកូវីដ-១៩មិនទាន់អាចគ្រប់គ្រងបាន។

ឡាយហុក លើកឡើងបែបនេះថា៖«ការពន្យារពេលប្រឡងគឺល្អហើយ ពីព្រោះយើងអត់ដឹងច្បាស់ថា ជំងឺកូវីដ-១៩ហ្នឹងវានៅណាខ្លះទេ។ បើយើងទៅប្រឡងក៏ជួបហានិភ័យដែរ។ សុខភាពសំខាន់ជាង។ ប៉ុន្តែពន្យារពេលដល់ខែមួយ (ខែទីមួយនៃឆ្នាំ២០២១) បើបានប្រឡង គឺអត់អីទេ ប៉ុន្តែបើអត់បានប្រឡងទៀត គឺកាន់តែយូរទៀត»។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសផ្អាកការប្រឡងបាក់ឌុបឆ្នាំនេះចំនួន២លើកមកហើយ  ដោយលើកដំបូងនៅខែសីហា ឆ្នាំ២០២០ ដោយកាលនោះជំងឺកូវីដ-១៩ មានការរាតត្បាតខ្លាំងនៅកម្ពុជា ប៉ុន្តែភាគច្រើនជាករណីនាំចូល។ ពេលនោះក្រសួងអប់រំក៏សម្រេចលើកពេលប្រឡងបាក់ឌុបទៅខែធ្នូ ឆ្នាំ២០២១វិញ។

ពេលកម្ពុជា ជួបព្រឹត្តិការណ៍៣វិច្ឆិកា ក្រសួងមិនបានផ្លាស់ប្តូរការប្រឡងឡើយ ដោយសារកាលនោះមាន មនុស្សតែ៤នាក់ទេ ដែលឆ្លងជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍នោះ ហើយព្រឹត្តិការណ៍នោះក៏ត្រូវបានកាត់ផ្តាច់ទាំងស្រុង។ ប៉ុន្តែចូលដល់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែលបណ្តាលឲ្យមានមនុស្សឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ក្រសួងអប់រំ ក៏សម្រេចលើកការប្រឡងបាក់ឌុបពីខែធ្នូ ឆ្នាំ២០២០ ទៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១វិញ។

ការប្រឡងបាក់ឌុបឆ្នាំនេះ មានបេក្ខជនប្រឡងជាង១២ម៉ឺននាក់ ក្នុងនោះស្រីជាង៦,៣ម៉ឺននាក់ និងមានមណ្ឌលប្រឡង២១០មណ្ឌល។ បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ គឺមានការកើនឡើងជាង៤ពាន់នាក់ បើធៀបនឹងឆ្នាំមុន ដែលមានជាង១១,៥ម៉ឺននាក់៕







Tag:
 ប្រឡង
  បាក់ឌុប
  សិស្ស
© រក្សាសិទ្ធិដោយ thmeythmey.com