ជាតិ
សង្គមជាតិ
ពលរដ្ឋដែលរក្សាទុកវត្ថុបុរាណត្រូវប្រគល់ជូនអាជ្ញាធរ ដើម្បីកុំឲ្យក្លាយជាជនខុសច្បាប់
12, Dec 2020 , 4:34 pm        
រូបភាព
ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រមូលកុលាលភាជន៍ ២៨៤ ពីជនជាតិវៀតណាម ដែលប្រមូលពីបាតសមុទ្រ នៅខេត្តព្រះសីហនុ កាលពីខែកញ្ញា ឆ្នាំ២០២០
ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រមូលកុលាលភាជន៍ ២៨៤ ពីជនជាតិវៀតណាម ដែលប្រមូលពីបាតសមុទ្រ នៅខេត្តព្រះសីហនុ កាលពីខែកញ្ញា ឆ្នាំ២០២០
ដោយ: ថ្មីៗ
 
ដោយ៖ ប៉ូ សុភា
រដ្ឋបាលខេត្តព្រះសីហនុ ប្រាប់ឲ្យពលរដ្ឋ ដែលរក្សាទុកវត្ថុបុរាណនានា ត្រូវប្រគល់ជូនអាជ្ញាធរ ដើម្បីយករក្សាទុកសម្បត្តិបេតិកភណ្ឌជាតិ។ ចំពោះអ្នកលួចលាក់ទុកវត្ថុបុរាណនោះ នឹងអាចប្រឈមមុខច្បាប់។



អាជ្ញាធរខេត្តព្រះសីហនុ បានបញ្ជាក់ថា កន្លងមកមានពលរដ្ឋមួយចំនួន បានប្រទះឃើញបុរាណវត្ថុ តែមិនបានរាយការណ៍ដល់អាជ្ញាធរទេ បែរជាប្រមូលវត្ថុទាំងនោះ ទុកលក់ជួញដូរទៅវិញ។ អាជ្ញាធរ ចាត់ទុកសកម្មភាពបែបនេះ ជាទង្វើរខុសច្បាប់ ។

រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹង កាលពីថ្ងៃទី១១ ធ្នូ ដូច្នេះថា ៖« ការប្រមូលយកបុរាណវត្ថុពីក្រោមសមុទ្រ ទន្លេ បឹងបួរ ក្នុងដី ឬលើដី យកមករក្សាទុកដោយមិនជូនដំណឹងដល់អាជ្ញាធរ ឬរក្សាទុកសម្រាប់ការជួញដូរ គឺជាទង្វើខុសច្បាប់ដែលអាចប្រឈមនឹងការជាប់ពន្ធនាគារ»។
ផ្អែកតាមមាត្រា៦៣ នៃច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌បានចែងថា « ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយខែ ទៅប្រាំឆ្នាំ ព្រមទាំងពិន័យជាប្រាក់តាមតម្លៃដែលអ្នកជំនាញបានប៉ានស្មានចំពោះជនណាដែលបានប្រព្រឹត្ដបទល្មើសដូចជា៖ លក់ ឬផ្ទេរកម្មសិទ្ធ ប្ដូរទីតាំង បំផ្លាញចោល ពង្រិចពង្រិល បំប្លែងរូបរាង ឬជួសជុលដោយគ្មានការអនុញ្ញាត មិនបានរក្សាការពារដោយត្រឹមត្រូវនូវសម្បត្តិវប្បធម៌...»។

យោងតាមរយៈមាត្រាច្បាប់នេះហើយ ទើបរដ្ឋបាលខេត្តព្រះសីហនុ ប្រាប់ឲ្យពលរដ្ឋ ដែលរក្សាទុកវត្ថុបុរាណនានា ត្រូវប្រគល់ជូនអាជ្ញាធរ ដើម្បីយករក្សាទុកសម្បត្តិបេតិកភណ្ឌជាតិ និងកុំឲ្យក្លាយជាជនខុសច្បាប់។

« ពលរដ្ឋដែលទទួលបានព័ត៌មានខាងលើ ដែលប្រទះឃើញ ឬទទួលបានរាល់បុរាណវត្ថុផ្សេងៗ ដែលជីកបានពីក្នុងដី រើសបាននៅលើដី រាវបានពីក្នុងទឹក ឬក្នុងរូបភាពណាក្តី មានកាតព្វកិច្ចរាយការណ៍ និងប្រគល់វត្ថុទាំងនេះ ជូនអាជ្ញាធរមូលដ្ឋាន ឬអាជ្ញាធរដែលមានសមត្ថកិច្ច»។ នេះជាការបញ្ជាក់របស់អាជ្ញាធរខេត្តព្រះសីហនុ។

កាលពីខែកញ្ញា ឆ្នាំ២០២០កន្លងមក មានបុរសជនជាតិវៀតណាមម្នាក់ឈ្មោះ ឡេ វាន់ហួន រស់នៅក្នុងក្រុងព្រះសីហនុ  បានលាក់ទុកកុលាលភាជន៍ចាស់ៗចំនួន២៨៤ ដែលរកឃើញពីបាតសមុទ្រ ។ ក្រោយក្រុមការងារនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ បានចុះរឹបអូសកុលាលភាជន៍ទាំង២៨៤ នោះ ចំណែកបុគ្គល ឡេ វាន់ហួន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងអនុវត្តតាមនីតិវិធីច្បាប់។ភាជន៍បុរាណ មានអាយុកាលក្នុងចន្លោះពីស.វ.ទី១៥ ដល់១៧នៃគ.ស.។

គួរបញ្ជាក់ថា ប្រទេសកម្ពុជាបានចុះសន្និសញ្ញាជាមួយអង្គការសហប្រជាជាតិលើអនុសញ្ញាស្ដីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ក្រោមទឹក កាលពីឆ្នាំ២០០៧  ដែលមានខ្លឹមសារសំខាន់នៃច្បាប់ អនុក្រឹត្យ និងសន្ធិសញ្ញាបានចែងអំពីកិច្ចការពារនូវរាល់សម្បត្តិបេតិកភណ្ឌជាតិគ្រប់ប្រភេទ ដែលមាននៅរាយប៉ាយនៅលើដី ក្រោមដី និងក្នុងទឹក ។ល។





Tag:
 បុរាណវត្ថុ
  សហការ
 បេតិកភណ្ឌ
  ជូនដំណឹង
  អាជ្ញាធរ
© រក្សាសិទ្ធិដោយ thmeythmey.com