ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
ប្រាសាទចំនួន៥ ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ត្រូវបានចុះក្នុងបញ្ជីស្ថានីយបុរាណវិទ្យា
12, Dec 2020 , 9:30 pm        
រូបភាព
  ប្រាសាទត្រពាំងប្រើស។ ប្រភពរូបលោក លោក ម៉ង់ វ៉ាលី ប្រធានទីស្តី ការិយាល័យបេតិកភណ្ឌ ខេត្តកំពង់ធំ
ប្រាសាទត្រពាំងប្រើស។ ប្រភពរូបលោក លោក ម៉ង់ វ៉ាលី ប្រធានទីស្តី ការិយាល័យបេតិកភណ្ឌ ខេត្តកំពង់ធំ
ដោយ: ថ្មីៗ
 
ដោយ៖ ហុង ស្រីណា
ដែនជម្រកសត្វព្រៃ ព្រៃឡង់ ជាតំបន់មួយដែលពោរពេញទៅដោយរុក្ខជាតិជាច្រើនប្រភេទ រួមជាមួយសត្វព្រៃរាប់ពាន់ក្បាល។ លើសពីនេះ ព្រៃឡង់ ក៏មានប្រាសាទចំនួន៥ ដែលបានចុះក្នុងបញ្ជីស្ថានីបុរាណវិទ្យារួចមកហើយ។ តាមបញ្ជីស្ថានីយបុរាណវិទ្យា ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីឆ្នាំ២០១០ ប្រាសាទទាំង៥ នោះរួមមាន ប្រាសាទត្រពាំងប្រើស ប្រាសាទកំណប់នាងពៅ ប្រាសាទស្នងអន ប្រាសាទកំណប់សេអារ្យ និងប្រាសាទបន្ទាយសៀម ។


ដែនជម្រកសត្វព្រៃ ព្រៃឡង់ ជាតំបន់មួយដែលគ្របដណ្តប់ខេត្តចំនួន៤ គឺខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។ ព្រៃឡង់ បានផ្តល់ជាជម្រកដល់សត្វព្រៃ ៨ប្រភេទផ្សេងគ្នា រួមជាមួយសណ្ឋានដីដ៏ច្រើនបែប និងអម្បូរសត្វប្រមាណជាង៤០០ប្រភេទ រួមទាំងជាជម្រកដល់ជីវចម្រុះ ហើយក៏បានផ្តល់ជាប្រព័ន្ធអេកូឡូស៊ីជាច្រើន។

ក្រៅពីនេះ ព្រៃឡង់ក៏មានប្រាសាទចំនួន៥ ដែលបានចុះក្នុងបញ្ជីស្ថានីយបុរាណវិទ្យា ដោយប្រាសាទចំនួន៤ ដូចជា ប្រាសាទត្រពាំងប្រើ ប្រាសាទកំណប់នាងពៅ ប្រាសាទស្នងអន និងប្រាសាទកំណប់សេអារ្យ ដែលស្ថិតក្នុងខេត្តកំពង់ធំ ចំណែកប្រាសាទមួយទៀត ដែលជាប្រាសាទបន្ទាយសៀម ស្ថិតក្នុងខេត្តក្រចេះ។ នេះបើតាមបញ្ជីស្ថានីយបុរាណវិទ្យា ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីឆ្នាំ២០១០។

លោក ម៉ង់ វ៉ាលី ប្រធានទីស្តី ការិយាល័យបេតិកភណ្ឌ ខេត្តកំពង់ធំ បានប្រាប់សារព័ត៌មានThmeythmey25 តាមទូរសព្ទថា ប្រាសាទនាងពៅ ប្រាសាទកំណប់សេអារ្យ និងប្រាសាទស្នងអន សាងសង់ឡើងអំពីឥដ្ឋ និងមានគ្រឿងលម្អប្រាសាទជាថ្មភក់ដូចគ្នា ប៉ុន្តែសព្វថ្ងែនេះបានបាក់បែកអស់ហើយ។ លោក ម៉ង់ វ៉ាលី ឲ្យដឹងទៀតថា ប្រាសាទាំង៣នេះ មានអាយុកាលដូច ប្រាសាទត្រពាំងប្រើស ដែរដោយកសាងឡើងក្នុង សតវត្សរ៍ទី៨ ដែលមានរចនាបថកំពង់ព្រះ ក្នុងរជ្ជកាលស្តេចស្រីទាំងបីអង្គ។
ចំណែក ប្រាសាទបន្ទាយសៀម សាងសងឡើងអំពីឥដ្ឋ មានតួប៉មបី និងកសាងក្នុងរជ្ជកាលស្តេចទាងបីអង្គដូចគ្នា ដោយមានតែកំពែងព័ន្ធជុំវិញដែលធ្វើអំពីថ្មបាយក្រៀម។  នេះបើតាមលោក ម៉ង់ វ៉ានលី។

គួរបញ្ជាក់ផងដែរថា ការចុះបញ្ជីស្ថានីយបុរាណវិទ្យា បានចុះដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយសាលាបារាំងចុងបូព៌ាប្រទេស ក្នុងឆ្នាំ២០០៨ ហើយក៏កំពុងតែមានការរុករកបន្ថែមប្រាសាទក្នុងព្រៃឡង់បន្ថែម ដើម្បីចុះក្នុងបញ្ជីស្ថានីយបុរាណវិទ្យា៕


 

© រក្សាសិទ្ធិដោយ thmeythmey.com