ជាតិ
សង្គមជាតិ
ស្រុកស្អាងផលិតបន្លែបានជាង៤ម៉ឺនតោនក្នុងមួយឆ្នាំៗ
12, Dec 2020 , 5:42 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ប្រជាជនប្រមាណជាង៥០ភាគរយ នៅក្នុងស្រុកស្អាង ខេត្តកណ្តាល ជាអ្នកប្រកបរបរកសិកម្ម ពិសេសគឺការដាំបន្លែ។ បើតាមក្រសួងកសិកម្ម ក្នុងឆ្នាំ២០២០នេះ ការផលិតបន្លែនៅស្រុកស្អាង កើនឡើងជាង៥ពាន់ហិកតា តែទទួលបានផលទើបបានប្រមាណ៤២,១៧៦ហិកតា។ បរិមាណបន្លែដែលផលិតបានមានចំនួន ៤២,១៧៦ តោនក្នុងមួយឆ្នាំ ឬស្មើនឹងជាង១១៥តោនក្នុងមួយថ្ងៃៗ។



 ស្រុកស្អាង ខេត្តកណ្ដាល មានដីកសិកម្មប្រមាណ ១៧,១៥០ហិកតា ក្នុងនោះផ្ទៃដីដាំស្រូវចំនួន១០,៤៥០ហិកតា បន្លែ និងដំណាំផ្សេងៗទៀតជាង ៥,២០០ហិកតា។ នេះបើតាមទំព័រហ្វេសប៊ុកក្រសួងកសិកម្ម ចុះផ្សាយនៅថ្ងៃទី៩ ខែធ្នូ។  

តាមប្រភពដដែល នៅក្នុងឆ្នាំ២០២០នេះ ក្នុងចំណោមផ្ទៃដីដាំដុះបន្លែទាំងអស់ មានតែផ្ទៃដីបន្លែ ជាង៤.២ម៉ឺនហិកតាប៉ុណ្ណោះទទួលបានផល ដែលផ្ទៃដីនោះ អាចផលិតបន្លែង បានជាង ៤.២ម៉ឺនតោន ក្នុងមួយឆ្នាំ ឬជាង ១១៥តោន ជារៀងរាល់ថ្ងៃ។

ដើម្បីជួយបង្កើនផលិតកម្មដាំដុះ និងបង្កើនលទ្ធភាពនៃការនាំចេញរបស់ប្រជាកសិករ ក្រសួងកសិកម្ម បានបង្កើតជាក្រុម ឬបណ្ដុំអាជីវកម្មចំនួន១៨ បណ្ដុំផលិតបន្លែសុវត្ថិភាព ដោយបញ្ចូលបច្ចេកទេសថ្មីៗ ដោយផ្សារភ្ជាប់ជាមួយក្រុមឈ្មួញប្រមូលទិញ និងឈានទៅដល់ការចុះកិច្ចសន្យារវាងអ្នកផលិត អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងឈ្មួញ។

សព្វថ្ងៃស្រុកស្អាង ក៏បានផ្គត់ផ្គង់បន្លែសុវត្ថិភាព ទៅបណ្ដាក្រុមហ៊ុនជាច្រើន រួមមានក្រុមហ៊ុនភូមិកសិកម្មធម្មជាតិ, ក្រុមហ៊ុនមាសបៃតង, ស៊ី ជេ, អ៊ី អេ ស៊ី,ស្ពៃរំដេង, សួនបន្លែធម្មជាតិ(NG), ដាវណ្ណ, REMEC,ប៉ៃតងស្រស់ និងផ្សារUrBIO ផងដែរ។ ក្រៅពីនេះ ក៏បាននាំចេញទៅទីផ្សាររាជធានីភ្នំពេញ ផ្សារទំនើប ហាងលក់បន្លែនានា ផ្សារចុងសប្ដាហ៍ក្រុងតាខ្មៅ និងនាំចេញទៅបណ្ដាខេត្តផ្សេងៗទៀត៕  



Tag:
 បន្លែ
  កសិកម្ម
 ស្អាង
  កណ្ដាល
© រក្សាសិទ្ធិដោយ thmeythmey.com