អត្ថបទពាណិជ្ជកម្ម
ធនាគារ ហត្ថា បរិច្ចាគ​ថវិកា ២០០​លាន​រៀល ជូន​សម្ដេច ហ៊ុន សែន ទិញ​វ៉ាក់សាំង​ក្នុងដំណាក់កាល​ដំបូង​
15, Dec 2020 , 4:39 pm        
រូបភាព
​ភ្នំពេញ ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០៖ ធនាគារ ហត្ថា បាន​ចូលរួម​បរិច្ចាគ​ថវិកា ចំនួន ២០០​លាន​រៀល ជូន​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩ សម្រាប់​ពលរដ្ឋ​កម្ពុជា នៅក្នុង​ដំណាក់កាល​ដំបូង​។ ការចូលរួម​បរិច្ចាគ របស់​ធនាគារ ហត្ថា ធ្វើឡើង​បន្ទាប់ពី សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០ បានប្រកាស​ពី​ការត្រៀម​ថវិកាបម្រុង សម្រាប់​ទិញ​វ៉ាក់សាំង មកចាក់​ជូន​ប្រជាជន​ដោយ​ឥតគិតថ្លៃ ជា​ជំហាន​ដំបូង​ចំនួន ១​លាន​ដូ​ស​។ វ៉ាក់សាំង​ចំនួន ១​លាន​ដូ​ស​នេះ អាច​ចាក់​ជូន​ប្រជាពលរដ្ឋ​ចំនួន ៥០​ម៉ឺន​នាក់​។
 
​ទាក់ទង​នឹ​ការទិញ​វ៉ាក់សាំង​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ក្នុង​សារ​ពិសេស​តាម​ទូរទស្សន៍​ជាតិ នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​ផងដែរ​ថា កម្ពុជា នឹង​ទិញ​វ៉ាក់សាំង ដែល​អង្គការ​សុខភាព​ពិភពលោក​ទទួលស្គាល់​ប៉ុណ្ណោះ​។ កម្ពុជា​សុខចិត្ត​រង់ចាំ រហូតដល់​មាន​វ៉ាក់សាំង​ដែល​ទទួលស្គាល់​ជា​ផ្លូវការ​។​


 
​គួរ​កត់សម្គាល់ថា កន្លងមក ធនាគារ ហត្ថា ក៏​ធ្លាប់​បរិច្ចាគ​ជូន​រាជរដ្ឋាភិបាល​កម្ពុជា  ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នេះដែរ​។ ធនាគារ ហត្ថា មានបទពិសោធន៍​ជាង ២៦​ឆ្នាំ ក្នុង​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ក្នុងប្រទេស​កម្ពុជា ដោយ​ចាប់​ផ្តើមដំបូង​ជា​គម្រោង​សន្តិសុខ​ស្បៀង និង​បាន​បន្ត​វិ​វ​ឌ្ឍ​ខ្លួន​ជា​បន្តបន្ទាប់​ចាប់ពីពេលនោះ​មក​។ 
 
​បច្ចុប្បន្ន  ធនាគារ ហត្ថា មាន​ដើមទុន​ចុះបញ្ជី​នៅ​ធនាគារជាតិ នៃ កម្ពុជា ចំនួន ១១៥ លាន​ដុល្លារ​អាមេរិក មាន​ការិយាល័យ​សាខា​ចំនួន ១៧៧ ជាមួយនឹង​ម៉ាស៊ីន​អេ​ធី​អឹម​ចំនួន ១៣៧ ទូទាំងប្រទេស បាននិងកំពុង​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​យ៉ាង​សម្បូរបែប ដល់​អតិថិជន​ដូចជា​៖ សេវា​ឥណទាន សេវា​ប្រាក់​បញ្ញើ​សន្សំ សេវា​ផ្ទេរប្រាក់​ក្នុងស្រុក សេវា​អេ​ធី​អឹម សេវា​ធនាគារ​ចល័ត សេវា​បើកប្រាក់​បៀវត្ស ជា​ភ្នាក់ងារ​ណែនាំ​លក់​សេវា​ធានារ៉ាប់រង និង​ត្រៀម​ដាក់ជូន​ឲ្យ​ប្រើប្រាស់​នូវ​សេវា​ថ្មីៗ​បន្ថែមទៀត​ក្រោយ​ការ​ក្លាយខ្លួនជា​ធនាគារពាណិជ្ជ​របស់ខ្លួន​ផងដែរ​។ 
 
 បច្ចុប្បន្ន ធនាគារ ហត្ថា គឺជា​បុត្រ​សម្ព័ន្ធ​របស់​ធនាគារ​ក្រុង​ស្រ៊ី ដែលជា​ធនាគារពាណិជ្ជ​ធំជាងគេ​លំដាប់​ទី ៥ នៅ​ប្រទេស​ថៃ និង​ជា​សមាជិក​របស់​សម្ព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំជាងគេ​បំផុត​នៅ​ប្រទេស​ជប៉ុន  ព្រមទាំង​ជា​សម្ព័ន្ធ​សេវា​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​ក្នុងចំណោម​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំជាងគេ​លើ​សកលលោក​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com