អន្តរជាតិ
នយោបាយអន្តរជាតិ
លោក បៃឌិន ជួយឃោសនាឲ្យបក្សប្រធានាធិបតេយ្យក្នុងសមរភូមិកាន់កាប់ព្រឹទ្ធសភា ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ចូ បៃឌិន កំពុងឃោសនានៅទីក្រុង Atlanta រដ្ឋ Georgia នៅថ្ងៃទី ១៥ ខែធ្នូ ដើម្បីរកសំឡេងគាំទ្រឲ្យបេក្ខជនបក្សប្រជាធិបតេយ្យ២នាក់ ដែលប្រជែងយកកៅអីព្រឹទ្ធសភា។ រូបភាព AFP
× ប្រធានាធិបតីជាប់ឆ្នោត ចូ បៃឌិន ញាប់ដៃញាប់ជើងធ្វើឃោសនាឲ្យបក្សប្រជាធិបតេយ្យក្នុងសមរភូមិរដ្ឋ Georgia ដែលនឹងកំណត់ថា បក្សណានឹងគ្រប់គ្រងព្រឹទ្ធសភាអាមេរិក។ យុទ្ធនាការរបស់លោក បៃឌិន ធ្វើឡើងក្រោយជ័យជម្នះរបស់លោក ត្រូវបានទទួលស្គាល់ពីសំណាក់មន្ត្រីជាន់ខ្ពស់ម្នាក់របស់បក្សសាធារណរដ្ឋ គឺលោក Mitch McConnell ដែលជាមេដឹកនាំមតិភាគច្រើននៅព្រឹទ្ធសភាអាមេរិកបច្ចុប្បន្ន។
មួយថ្ងៃក្រោយប្រតិភូបោះឆ្នោតទទួលស្គាល់ជាផ្លូវការជ័យជម្នះលោក ចូ បៃឌិន ការចាប់អារម្មណ៍ បានបង្វែរទៅកាន់សមរភូមិដ៏ក្តៅគគុកដើម្បីដណ្ដើមការកាន់កាប់ព្រឹទ្ធសភាអាមេរិកវិញ ដែលនឹងជះឥទ្ធិពលដល់គោលនយោបាយក្នុងស្រុករបស់រដ្ឋបាលអាណត្តិថ្មី ។ លោក បៃឌិន បានធ្វើដំណើរទៅកាន់រដ្ឋ Georgia ដើម្បីជួយរកសំឡេងឆ្នោតឲ្យបេក្ខជនបក្សប្រជាធិបតេយ្យ២នាក់ ក្នុងការប្រណាំងប្រជែងលើកទី២ ដែលនឹងកំណត់តុល្យភាពអំណាចរបស់ព្រឹទ្ធសភាអាមេរិក។
«ចុចស៊ីផ្លេសម្រាប់អនាគតសមាជិកព្រឹទ្ធសភាអាមេរិករបស់អ្នក គឺលោក Jon Ossoff និងលោក Raphael Warnock»។ លោក បៃឌិន ប្រាប់អ្នកគាំទ្រលោកបែបនេះដែលអង្គុយស្ដាប់លោកពីក្នុងរថយន្ត ក្នុងទីក្រុង Atlanta ហើយក៏ទទូចឲ្យអ្នកគាំទ្រចេញទៅបោះឆ្នោតនាថ្ងៃទី នាថ្ងៃទី ៥ ខែមករា ឆ្នាំ២០២១។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោកបៃឌិនសង្កត់ធ្ងន់ថា៖«បញ្ចូលបុរសទាំងនេះឲ្យលោក ហើយយើងនឹងគ្រប់គ្រងព្រឹទ្ធសភា»។
ខណៈលោក ត្រាំ នៅតែបដិសេធទទួលស្គាល់លទ្ធផលឆ្នោត នៅទីបំផុត មន្ត្រីជាន់ខ្ពស់បក្សសាធារណរដ្ឋលោក Mitch McConnell ឈប់សម្ងំស្ងៀម ហើយក៏ផ្ញើសារប្រាប់លោកប្រធានាធិបតីជិតផុតអាណត្តិផងដែរថា វាដល់ពេលត្រូវបញ្ចប់ហើយ។
«ប្រតិភូបោះឆ្នោត បានប្រកាសហើយ។ ដូច្នេះ ថ្ងៃនេះ ខ្ញុំចង់អបអរប្រធានាធិបតីជាប់ឆ្នោត ចូ បៃឌិន »។ លោក McConnell បញ្ជាក់បែបនេះនៅមុខអង្គព្រឹទ្ធសភា មុននឹងបន្ថែម ពលរដ្ឋអាមេរិក ក៏គួរមានមោទកភាពដែលពួកគេនឹងមានអនុប្រធានាធិបតីជាស្ត្រីដំបូងផងដែរ គឺអ្នកស្រី កាម៉ាឡា ហារីស។
ជាមួយគ្នានេះ លោក បៃឌិន ក៏បានប្រាប់អ្នកសារព័ត៌មាន មុនធ្វើដំណើររដ្ឋ Georgia ថា លោកមានកិច្ចសន្ទនាតាមទូរសព្ទល្អជាមួយលោក McConnell ។ «ខ្ញុំប្រាប់គាត់ថា ខណៈយើងខ្វែងគំនិតលើរឿងច្រើនមែន វាក៏មានរឿងដែលយើងអាចធ្វើការរួមគ្នាផងដែរ»។ លោក បៃឌិន បញ្ជាក់បែបនេះ។
សូមបញ្ជាក់ថា បក្សប្រជាធិបតេយ្យ ដែលគ្រប់គ្រងសភាតំណាងរួចហើយ ត្រូវការយកឈ្នះកៅអីព្រឹទ្ធសភាទាំងពីររបស់រដ្ឋ Georgia តែម្ដង ដើម្បីអាចក្ដោបក្ដាប់ស្ថាប័ននីតិបញ្ញត្តិមួយនេះ ខណៈខាងបក្សសាធារណរដ្ឋ ត្រូវការឈ្នះតែមួយប៉ុណ្ណោះដើម្បីរក្សាសំឡេងភាគច្រើនរបស់ពួកគេ។ តាមលទ្ធផលជុំទីមួយ បក្សប្រជាធិបតេយ្យឈ្នះបាន៤៨កៅអី ឯបក្សសាធារណរដ្ឋមាន៥០កៅអី។
យ៉ាងណាមិញ បើបក្សសាធារណរដ្ឋ រក្សាបានមែននោះ រដ្ឋបាលលោក បៃឌិន ទំនងជួបប្ហាលំបាកច្រើនរាប់ពីការអនុម័តបេក្ខភាពរដ្ឋមន្ត្រី និងគោលនយោបាយសំខាន់ៗ ខណៈលោក McConnell នឹងនៅតែធ្វើជាមេដឹកនាំសំឡេងភាគច្រើនក្នុងព្រឹទ្ធសភាអាមេរិក៕
Tag:
ចូ បៃឌិន
ព្រឹទ្ធសភា
បក្សប្រជាធិបតេយ្យ
© រក្សាសិទ្ធិដោយ thmeythmey.com