ជាតិ
សេដ្ឋកិច្ច
អាមេរិក​នឹង​ផ្តល់​ថវិកា​ជិត​២៣​លាន​ដុល្លារ​បន្ថែម ដល់​កម្ពុជា សម្រាប់​អនុវត្ត​កម្មវិធី​កសិកម្ម និង​បរិស្ថាន​
16, Dec 2020 , 7:29 pm        
រូបភាព
រូបថត៖ Cambodia Harvest II.jpg​​
រូបថត៖ Cambodia Harvest II.jpg​​
​​ភ្នំពេញ​៖ រដ្ឋាភិបាល​អាមេរិក​នឹង​ផ្តល់​ហិរញ្ញប្បទាន​សរុប​៦៦,២​លាន​ដុល្លារ​បន្ថែម​ដល់​កម្ពុជា សម្រាប់​ការអនុវត្ត​កម្មវិធី​អភិវឌ្ឍ​វិស័យ​ធំៗ​ចំនួន​៤​។ ក្នុងចំណោម​ហិរញ្ញប្បទាន​សរុប​ដែល​កម្ពុជា​នឹង​ទទួលបាន​នេះ អាមេរិក​បាន​បែក​ចែក​លើ​កម្មវិធី​អភិវឌ្ឍ​វិស័យ​កសិកម្ម និង​បរិ​សា្ថ​ន ២២,៩​លាន​ដុល្លារ​។

 
​កញ្ចប់​ហិរញ្ញប្បទាន​ទាំងនេះ ត្រូវបាន​ចុះ​កិច្ចព្រមព្រៀង​គ្នា​រវាង​លោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេស​សកម្ម​ពិសេស និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា ជាមួយ​លោកស្រី Veena Reddy  នាយិកា​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​(USAID) កាលពី​ថ្ងៃទី​៨​ធ្នូ​។  នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​រួម​លើ​«​ការបន្ថែម​ហិរញ្ញប្បទាន​កិច្ចព្រមព្រៀង​វិសោធនកម្ម​ស្តីពី ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការអភិវឌ្ឍ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អាមេរិក​»​។​
 
​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ខាងលើនេះ​បាន​បញ្ជាក់ថា ចំពោះ​កញ្ចប់​ថវិកា​ចំនួន​៤៣,៣​លាន​ដុល្លារ​ទៀត គឺ​អាមេរិក​ផ្តល់​កម្ពុជា​សម្រាប់​កម្មវិធី​អភិវឌ្ឍ​វិស័យ​សុខភាព​សាធារណៈ និង​អបរំ​។ 
​ក្នុង​ឆ្នាំ​២០២០​នេះ រដ្ឋាភិបាល​អាមេរិក​បានផ្តល់​ហិរញ្ញប្បទាន​ប្រមាណ ១២៨,៧​លាន​ដុល្លារ ក្នុងការ​រួមចំណែក​អភិវឌ្ឍ​កម្ពុជា​។ ដោយឡែក គិត​ចាប់​ឆ្នាំ​១៩៩២ មកដល់​ឆ្នាំ​២០១៩ កម្ពុជា​ទទួល​ហិរញ្ញប្បទាន​ឥត​សំណង​ពី​អាមេរិក​ប្រមាណ​១,៥​ពាន់​ដុល្លារ ស្មើនឹង​ជាង​៦​ភាគរយ​នៃ​ទំហំ​ហិរញ្ញប្បទាន​សរុប​ដែល​ផ្តល់​ដោយ​ដៃគូ​អភិវឌ្ឍ​ទាំងអស់​។ 
 
​ជំនួយ​ជា​ថវិកា​ដែល​អាមេរិក​ផ្តល់ឱ្យ​កម្ពុជា​ទាំងនេះ ក្រៅ​តែ​ផ្តោតលើ​វិស័យ​អប់រំ​, សុខាភិបាល​, បរិស្ថាន​, កសិកម្ម​ហើយ​នោះ ក៏​ផ្តោតលើ​វិស័យ​អភិបាលកិច្ច និង​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ និង​កម្មវិធី​ដោះ​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទះ​ផងដែរ​៕ 
 

Tag:
 កសិកម្ម​
  បរិស្ថាន​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com