សង្គមអន្តរជាតិ​
អន្តរជាតិ
អតីត​ភរិយា​មេ Amazon បរិច្ចាគ​៤​ពាន់​លាន​ដុល្លារ​ជួយ​ពលរដ្ឋ​អាមេរិក​រងគ្រោះ​ដោយសារ​កូ​វីដ​-១៩
17, Dec 2020 , 8:29 am        
រូបភាព
អ្នកស្រី MacKenzie Scott និងលោក Jeff Bezos ពេលនៅជាប្ដីប្រពន្ធគ្នា។ រូបភាព៖ AFP
អ្នកស្រី MacKenzie Scott និងលោក Jeff Bezos ពេលនៅជាប្ដីប្រពន្ធគ្នា។ រូបភាព៖ AFP
ដោយ:
​អ្នកស្រី MacKenzie Scott អតីត​ភរិយា​របស់​ស្ថាបនិក​ក្រុមហ៊ុន Amazon លោក Jeff Bezos បាន​បរិច្ចាគ​ថវិកា​សរុប​ជាង​៤​ពាន់​លាន​ដុល្លារ​ទៅ​ឲ្យ​មូលនិធិ​ជំនួយ​អាសន្ន និង​ធនាគារ​ស្បៀងអាហារ ក្នុងពេល​៤​ខែ​ចុង​ក្រោយនេះ​។ អ្នកស្រី អះអាងថា​បាន​បរិ​ច្ឆា​គ​១​ពាន់​លាន​ដុល្លារ​រាល់​ខែ​។

 
 
​ក្នុង​វេ​ប​សាយ​ផ្ទាល់ខ្លួន អ្នកស្រី MacKenzie Scott អាយុ​៥០​ឆ្នាំ បញ្ជាក់ថា អ្នកស្រី​ចង់​ជួយ​ពលរដ្ឋ​អាមេរិក ដែល​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ខណៈ​បច្ចុប្បន្ន​ជំងឺ​នេះ បាន​ឆក់យក​ជីវិត​មនុស្ស​នៅ​អាមេរិក​ជាង​៣០,៨​ម៉ឺន​នាក់​ហើយ​។  
 
«​ជំងឺ​រាតត្បាត​សកល​នេះ ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​ពលរដ្ឋ​អាមេរិក ដែល​កំពុង​លំបាកលំបិន​រួច​ស្រាប់​ហើយ​នោះ​»​។  អ្នកស្រី សរសេរ​បែបនេះ​លើ​វេ​ប​សាយ​ផ្ទាល់ខ្លួន​មួយ (blog) នៅ​ថ្ងៃទី​១៥ ខែធ្នូ មុននឹង​បន្ថែមថា អ្នកស្រី​បានជ្រើសរើស​អង្គការ​សប្បុរសធម៌​ជាង​៣៨០​កន្លែង ដើម្បី​បរិច្ចាគ​លុយ​ទាំង​៤​ពាន់​លាន​ដុល្លារ​នេះ​។ 
 
​សម្រាប់​អ្នកស្រី Scott ផលប៉ះពាល់​ទាំង​ផ្នែក​សេដ្ឋកិច្ច​និង​សុខភាព ដែល​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ​-១៩ ជះឥទ្ធិពល​អាក្រក់​ខ្លាំង​សម្រាប់​ស្ត្រី មនុស្ស​ពណ៌​សម្បុរ និង​ពលរដ្ឋ​ក្រីក្រ​តោកយ៉ាក​។ ដោយឡែក ទ្រព្យសម្បត្តិ​របស់​មហា​សេដ្ឋី នៅតែ​បន្ត​កើនឡើង អំឡុង​វិបត្តិ​នេះ​។ 
 
​អ្នកស្រី Scott ដែលជា​អ្នកនិពន្ធ​សៀវភៅ​ប្រលោមលោក​ម្នាក់ ជា​មហាសេដ្ឋី​លំដាប់​លេខ​១៨​របស់​ពិភពលោក​។ សម្រាប់​ឆ្នាំ​២០២០ ទ្រព្យសម្បត្តិ​អ្នកស្រី​ហក់​ឡើង ២៣,៦​ពាន់​លាន​ដុល្លារ ដែល​ធ្វើ​ឲ្យ​ទ្រព្យសម្បត្តិ​សរុប​របស់​អ្នកស្រី​ឈានដល់ ៦០,៧​ពាន់​លាន​ដុល្លារ​ហើយ​។ តាមពិតទៅ ទ្រព្យសម្បត្តិ​ភាគច្រើន​របស់​អ្នកស្រី ជា​ចំណែក​នៃ​ការ​លែងលះ​នឹង​លោក Bezos ដែលជា​មហាសេដ្ឋី​លំដាប់​លេខ​មួយ​របស់​ពិភពលោក និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Amazon.com ។​
 
​ក្នុង​ខែកក្កដា​កន្លងទៅ អ្នកស្រី Scott បាន​បរិច្ចាគ​លុយ ១,៧​ពាន់​លាន​ដុល្លារ​ដល់​អង្គការ​សប្បុរ​ស​ធម៌​ចំនួន​១១៦​កន្លែង ជាមួយ​គោលបំណង​សំខាន់​មួយ​គឺ​ចង់​អំពាវនាវ​ដល់​មហាសេដ្ឋី និង​មេដឹកនាំ​ដទៃទៀត​ឲ្យ​យកចិត្តទុកដាក់​លើ​បញ្ហា​មនុស្សធម៌​នេះ​។ បូក​ទាំង​មុន​និង​ក្រោយ លុយ​បរិច្ចាគ​សរុប​របស់​អ្នកស្រី​ក្នុងឆ្នាំនេះ​កើន​ដល់​ជិត​៦​ពាន់​លាន​ដុល្លារ​ហើយ​។ 
 
​គោលដៅ​ចម្បង​នៃ​ការបរិច្ចាគ​នេះ គឺ​ជួយ​ដល់​អ្នករងគ្រោះ​ដោយសារ​បញ្ហា​ខ្វះ​ស្បៀងអាហារ​បរិភោគ និង​មូលនិធិ​ជំនួយ​អាសន្ន អំឡុងពេល​វិបត្តិ​កូ​វីដ​-១៩​នេះ​។ ម្យ៉ាងវិញទៀត កាលពី​ឆ្នាំមុន អ្នកស្រី បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​មួយ​ហៅថា «Giving Pledge» ដោយ​អ្នកស្រី​សន្យា​បរិច្ចាគ​លុយ​មួយចំណែក​ធំ​នៃ​ទ្រព្យសម្បត្តិ​អ្នកស្រី​សម្រាប់​បុព្វហេតុ​មនុស្សធម៌​។ 
 
​សូមបញ្ជាក់​ផងដែរ លោក Bezos ក៏​ជា​មហាសេដ្ឋី​ដៃ​ទូលាយ​ផងដែរ ដោយ​កាល​ខែវិច្ឆិកា​កន្លងទៅ លោក​បាន​បរិច្ចាគ​លុយ​ប្រមាណ ៨០០​លាន​ដុល្លារ ដើម្បី​ជួយ​ការពារ​ភពផែនដី ដែល​កំពុង​រងគ្រោះ​ដោយសារ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​។ មហាសេដ្ឋី Bezos ដែលមាន​ទ្រព្យសម្បតិ្ត​ជាង​១៨០​ពាន់​លាន​ដុល្លារ ក៏បាន​បង្កើត​មូលនិធិ «Bezos Earth » កាលពី​ខែកុម្ភៈ ដែល​សន្យា​បរិច្ចាគ​លុយ​១០​ពាន់​លាន​ដុល្លារ​សម្រាប់​បុព្វហេតុ​អាកាសធាតុ​៕
 
 
 
 

Tag:
 Jeff Bezos
  MacKenzie Scott
  Amazon
© រក្សាសិទ្ធិដោយ thmeythmey.com