ភ្នំពេញ៖ គម្រោងជំរុញផលិតផលស្បៀងតម្លៃ២០លានដុល្លារ ដែលផ្តោតសំខាន់លើការដាំបន្លែសុវត្ថិភាពដល់ប្រជាកសិករ២ពាន់គ្រួសារ ក្នុងខេត្តសក្តានុពលចំនួន៨ ក្លាយជាគំរូដល់កសិករទៃដើម្បីកាត់បន្ថយការនាំចូលបន្លែពី៧០ទៅ៨០ភាគរយ។ នេះជាការលើកឡើងរបស់លោក គៀន សុភា ប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំនៃអគ្គនាយកដ្ឋានកសិកម្ម ដោយបញ្ជាក់ថា គម្រោងដែលគាំទ្រដោយរដ្ឋាភិបាលនេះបានបញ្ចប់នៅចុងឆ្នាំ២០១៩ ដោយលទ្ធផលវិជ្ជមាន។
បន្លែសុវត្ថិភាពរបស់កសិករចំនួន២ពាន់គ្រួសារ នៅក្នុងខេត្តទាំង៨ មានខេត្តកណ្តាល, ព្រៃវែង, កំពងចាម, ត្បូងឃ្មុំ, កំពត, សៀមរាប, ពោធិ៍សាត់ និងបាត់ដំបង ដែលស្ថិតនៅក្នុងគម្រោងគាំទ្រពីរដ្ឋាភិបាល នារយៈពេល៣ឆ្នាំ(ឆ្នាំ២០១៦-២០១៩)កន្លងមកនេះ អាចផ្គត់ផ្គង់នៅលើទីផ្សារបាន៦០តោនក្នុងមួយថ្ងៃ។ លោក គៀន សុភា បានអះអាង ថា នេះផលវិជ្ជមានមួយយ៉ាងល្អ សម្រាប់គម្រោងក្នុងការបន្ថយការនាំចូលបន្លែពីបរទេស ពិសេសនាំចូលពីប្រទេសវៀតណាម។
ប្រធាននាយកដ្ឋានសាកវប្បកម្មនិងដំណាំរួមផ្សំនៃអគ្គនាយកដ្ឋានកសិកម្មរបស់ក្រសួងកសិកម្មរូបនេះ បាន បន្ថែមថា កសិករដាំបន្លែសុវត្ថិភាពទាំង២ពាន់គ្រួសារនេះ គឺសុទ្ធសឹងជាអ្នកមានលទ្ធភាពដាំបន្លែដើម្បីផ្គត់ផ្គង់ទីផ្សារបានពេញមួយឆ្នាំ។ «មូលហេតុដែលយើងជ្រើសរើសពួកគាត់ទាំងនេះ គឺយើងចង់ឱ្យពួកគាត់ក្លាយជាកសិករអាជីព ក្នុងការផ្គត់ផ្គង់បន្លែសុវត្ថិភាពឱ្យទីផ្សាររហូត»។ បើតាមលោក គៀន សុភា កសិករចំនួន២ពាន់គ្រួសារ ដែលគម្រោងជំរុញផលិតផលស្បៀងជ្រើសរើសយកមកឱ្យអនុវត្តការការដាំបន្លែសុវត្ថិភាពនេះ ត្រូវបានមន្ត្រីជំនាញរបស់ក្រសួងកសិកម្មផ្តល់នូវសម្ភារនិងបច្ចេកទេសដាំដុះនានា ដើម្បីឆ្លើយតបនឹងតម្រូវការ ពិសេសផ្តល់ជូននូវបន្លែដែលមានគុណភាព និងសុវត្ថិភាព នៅលើទីផ្សារ។
«គម្រោងជំរុញផលិតផលស្បៀងហ្នឹង តាមពិតទៅយើងធ្វើប៉ុនណ្នឹង វាមិនមែនជាលក្ខណៈឱ្យគ្រប់គ្រាន់ក្នុងការកាត់បន្ថយបន្លែនាំចូលពីបរទេសនោះទេ។ ប៉ុន្តែអ្វីដែលសំខាន់គម្រោងនេះយើងអនុវត្តឡើង ដើម្បីឱ្យកសិករ២ពាន់គ្រួសារនោះ ក្លាយជាកសិករគំរូ[Model] ដល់កសិករដាំដុះបន្លែផ្សេងៗ ដែលស្ថិតនៅក្រៅគម្រោងយើងហ្នឹង»។ លោក គៀន សុភា បានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗនាព្រឹកថ្ងៃទី១៤ធ្នូ ឆ្នាំ២០២០យ៉ាងដូច្នេះ ដោយបន្តពន្យល់ថា ភាពជាគំរូរបស់កសិកម្ម២ពាន់គ្រួសារនេះ ជាការអនុវត្តខ្សែច្រវ៉ាក់ផលិតកម្មដោយចាប់ផ្តើមពីការដាំដុះ រហូតដល់ទីផ្សារ ដែលស្ថិតនៅការរបណ្តុះបណ្តាលបច្ចេកទេសដាំបន្លែសុវត្ថិ ការចងក្រងជាក្រុមអ្នកផលិតបន្លែសុវត្ថិភាព ការរៀបចំផែនការដាំដុះជាមួយឈ្មួញឬទីផ្សារ និងការលាងសម្អាត-វេចខ្ចប់បន្លែឱ្យបានស្អាត ត្រឹមត្រូវសម្រាប់ដាក់លើនៅទៅទីផ្សារ ពីមន្ត្រីជំនាញរបស់ក្រសួងកសិកម្ម។
ថ្វីដ្បិតការបណ្តុះបណ្តាលដល់កសិករ២ពាន់គ្រួសាររបស់គម្រោងជំរុញផលិតផលស្បៀងនេះ មិនអាចឆ្លើយតបនឹងការបន្ថយការនាំចូលបន្លែពីបរទេសឱ្យបានច្រើនក៏ពិតមែន ប៉ុន្តែលោក គៀន សុភា បានបង្ហាញនូវសុទ្ទិដ្ឋិនិយមខ្ពស់ថា កសិករ២ពាន់គ្រួសារនេះ គឺជាគំរូអនុវត្តការដាំដុះបន្លែល្អដល់ប្រជាកសិករនៅតាមតំបន់ និងខេត្តផ្សេងៗ ដើម្បីជំរុញផលិតកម្មដាំដុះបន្លែសុវត្ថិភាពបានកាន់តែប្រសើរ ក្នុងការកាត់បន្ថយការនាំចូលបន្លែពីបរទេស។
មន្ត្រីបច្ចេកទេសនៃក្រសួងកសិកម្មរូបនេះមានប្រសាសន៍ដូច្នេះ៖«ប្រសិនបើមានកសិករ១ម៉ឺនគ្រួសារឡើងទៅ ដាំបន្លែសុវត្ថិភាពដែលអនុវត្តតាមគម្រោងរបស់យើង គឺអាចកាត់បន្ថយការនាំបន្លែចូលពីបរទេស បានពី៧០ទៅ៨០ភាគរយ»។ លោក គៀន សុភា បានបញ្ជាក់ ថា៖« ភាគរយដែលយើងអាចកាត់បន្ថយនាំចូលពីបរទសបាននេះ គឺមិនរាប់បញ្ចូលនូវប្រភេទបន្លែដែលកសិករយើងដាំដុះមិនបាន។ ដូចជា៖ ដំឡូងបារាំង,ខ្ទឹមបារាំង និងការ៉ុត...ជាដើម»។
របាយការណ៍សង្ខេបរបស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មបានបង្ហាញថា ក្រុមកសិករគោលដៅទាំង២ពាន់គ្រួសារនៃគម្រោងជំរុញផលិតផលស្បៀង ផលិតបន្លែសុវត្ថិភាពបានជាង៦០តោនក្នុងមួយថ្ងៃ កាលពីឆ្នាំ២០១៩។ ចំនួននេះសម្រេចបានត្រឹម៤៧ភាគរយ បើធៀបនឹងសូចនាកររបស់គម្រោងដែលបានកំណត់លើការផលិតបន្លែឱ្យបាន៦ម៉ឺនតោនក្នុងមួយឆ្នាំ។
របាយកាណ៍ដដែលនេះបញ្ជាក់ថា ទំហំផ្ទៃដីចូលរួមអនុវត្តនៅក្នុងគម្រោងរបស់កសិករចំនួន២ពាន់គ្រួសារខាងលើ មានសរុប៦៩៧ហិកតា។ ក្នុងនោះ មាន១, ៨៧៣គ្រួសារ មានផ្ទៃដីតូចជាងមួយហិកតា និង ១២៧ គ្រួសារទៀត មានផ្ទៃដីធំជាងមួយហិកតា។ កសិករទាំងអស់ត្រូវបានរៀបចំជាក្រុមផលិតបន្លែសុវត្ថិភាពចំនួន ១៣៨ក្រុម និងបង្កើតសហគមន៍ផលិតបន្លែចំនួន ៣៣សហគមន៍ ដើម្បីផលិតបន្លែសុវត្ថិភាពតាមគោលការណ៍ការអនុវត្តកសិកម្មល្អ (GAP)។
សូមជម្រាបថា កសិករ២ពាន់គ្រួសារក្នុងគម្រោងជំរុញផលិតផលស្បៀងនេះ ផលិតបន្លែបានជាង១ម៉ឺន តោន នៅក្នុងឆ្នាំ២០១៧ ហើយបានកើនដល់ជិត២,៥ម៉ឺនតោន ក្នុងឆ្នាំ២០១៨៕