ជាតិ
​​​ន​យោ​បាយ​ជាតិ​
សមាសភាព​ក្រុម​ប្រឹក្សាជាតិ និង​គណៈ​ប្រឹក្សា​យោបល់​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​
17, Dec 2020 , 7:29 pm        
រូបភាព
ដោយ: រួបរួម
​កាលពី​ថ្ងៃទី​១៤ ខែធ្នូ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​សេចក្តីសម្រេច​ស្តីពី​ការតែងតាំង​សមាសភាព​នៃ​ក្រុម​ប្រឹក្សាជាតិ​វិទ្យាសាស្ត្រ បច្ចេកទេស និង​នវានុវត្តន៍ ដែល​សម្តេច​ផ្ទាល់​ជា​ប្រធានកិត្តិយស​។ ក្រុមប្រឹក្សា​ជាតិ​នេះដែរ មាន​គណៈ​ប្រឹក្សា​យោបល់ ដែលមាន​លោក ឆែម គាត​រិទ្ធី ជា​ប្រធាន​។​

 
​ក្រុមប្រឹក្សា​ជាតិ​វិទ្យាសាស្ត្រ បច្ចេកទេស និង​នវានុវត្តន៍ (​ក​.​ជ​.​វ​.​ប​.​ន​) ត្រូវបាន​បង្កើតឡើង​ដោយ​ព្រះរាជក្រឹត្យ​ចុះ​កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០ នៅក្រោយ​ការបង្កើត​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និង​នវានុវត្តន៍ នា​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០​។​
 
​ក​.​ជ​.​វ​.​ប​.​ន មាន​តួនាទី​ជា​សេនាធិការ​រដ្ឋាភិបាល​លើ​ការអភិវឌ្ឍ​វិទ្យាសាស្ត្រ បច្ចេកទេស និង​នវានុវត្តន៍ ដោយមាន​សិទ្ធិ​ប្រើ​រូប​សញ្ញា និង​ត្រា ដោយឡែក​របស់ខ្លួន ហើយ​ការចំណាយ​សម្រាប់​ដំណើរការ​របស់​ស្ថាប័ន ត្រូវ​ផ្គត់ផ្គង់​ដោយ​ថវិកាជាតិ​ក្នុង​គម្រោង​ថវិកា​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។​


 លោក ឆែម គាតរិទ្ធី អនុប្រធានអចិន្ត្រៃយ៍ ក.ជ.វ.ប.ន និងជាប្រធានគណៈប្រឹក្សាយោបល់។ រូបថត វិទ្យាស្ថានការទូត

​តាម​សេចក្តីសម្រេច​របស់​សម្តេច ហ៊ុន សែន កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២០ សម្តេចនាយក​រដ្ឋមន្ត្រី​ផ្ទាល់ មាន​តួនាទី​ជា​ប្រធានកិត្តិយស ហើយ​លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និង​នវានុវត្តន៍ ជា​ប្រធាន​។ 
 
​រដ្ឋមន្ត្រី​៥​រូប​ទៀត​ជា​អនុប្រធាន ក្នុងនោះ​មាន លោក ឆាយ ថន លោក ម៉ម ប៊ុនហេង លោក ស៊ុយ សែម លោក វេ​ង សាខុន លោក ហង់​ជួន ណា​រ៉ុ​ន និង​លោក ជា វ៉ាន់​ដេ​ត​។ លោក ឆែម គាត​រិទ្ធី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និង​នវានុវត្តន៍ ទទួលបន្ទុក​ជា​អនុប្រធាន​អចិន្ត្រៃយ៍​។​
 
​ក្នុងចំណោម​សមាជិក​២៩​នាក់​របស់ ក​.​ជ​.​វ​.​ប​.​ន មាន​សមាស​ភាពជា​រដ្ឋ​លេខាធិការ អនុរដ្ឋលេខាធិការ តាម​បណ្តា​ស​ក្រសួង​ពាក់ព័ន្ធ​ចំនួន​១៦​នាក់​។ សមាជិក​ផ្សេងទៀត​រួមមាន លោក គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា លោក ឈាង វណ្ណា​រិ​ទ្ធ ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី រួមទាំង​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ វិទ្យាស្ថាន សាកលវិទ្យាធិការ ព្រឹទ្ធបុរស​មហាវិទ្យាល័យ​ដែល​ពាក់ព័ន្ធ​។ លោក ហ៊ុល សៀង​ហេង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ជា​សមាជិក​អចិន្ត្រៃយ៍​។​
 
​ជាមួយគ្នានេះ ក​.​ជ​.​វ​.​ប​.​ន មាន​គណៈ​ប្រឹក្សា​យោបល់ ដែល​ប្រមូលផ្តុំ​ដោយ​ឥស្សរជន បញ្ញវន្ត និង​អ្នកជំនាញ​គ្រប់​មជ្ឈដ្ឋាន ដើម្បី​ជួយ​ការងារ ឬ​ផ្តល់យោបល់​។ កាលពី​ថ្ងៃទី​១ ខែធ្នូ ព្រះករុណា ព្រះមហាក្សត្រ ក៏​បានចេញ​ព្រះរាជក្រឹត្យ តែងតាំង និង​ផ្តល់​ឋានៈ​ដែល​ឥស្សរជន និង​បញ្ញវន្ត​ទាំងនោះ​ផងដែរ​។​
 
​លោក ឆែម គាត​រិទ្ធី ជា​ប្រធាន​គណៈ​ប្រឹក្សា​យោបល់​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ហើយ​លោក ចែម ផល្លា ជា​អនុប្រធាន ឋានៈ​ស្មើ​រដ្ឋលេខាធិការ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​។ ក្នុងចំណោម​សមាជិក​២១​នាក់ មាន​៥​នាក់​ឋានៈ​ស្មើ​រដ្ឋលេខាធិការ ១០​នាក់​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ និង​៦​នាក់​ឋានៈ​ស្មើ​អគ្គនាយក​៕
 

Tag:
 នវានុវត្តន៍
© រក្សាសិទ្ធិដោយ thmeythmey.com