សង្គមអន្តរជាតិ​
អន្តរជាតិ
យានអវកាស​ចិន​ឆាង​អឺ​៥ ដឹក​សំណាក​ដី​ពី​ឋាន​ព្រះ​ចន្ទ​មក​ផែនដី​វិញ​ដោយ​ជោគជ័យ​
17, Dec 2020 , 9:59 pm        
រូបភាព
បំណែកយានឆាងអឺ៥ ចុះនៅតំបន់ស្វយ័តម៉ុងហ្គោលីខាងក្នុងនៅថ្ងៃទី១៧ ខែធ្នូ។ រូបភាព Xinhua
បំណែកយានឆាងអឺ៥ ចុះនៅតំបន់ស្វយ័តម៉ុងហ្គោលីខាងក្នុងនៅថ្ងៃទី១៧ ខែធ្នូ។ រូបភាព Xinhua
ដោយ:
​បេសកម្ម​របស់​យានអវកាស​ចិន «​ឆាង​អឺ ៥» ទទួលជោគជ័យ ក្រោយ​ដឹកយក​សំណាក​រឹង​ពី​ឋាន​ព្រះ​ចន្ទ​ត្រលប់មក​ផែនដី​វិញ​។  ជោគជ័យ​នេះ ធ្វើជា​ចិន​ក្លាយជា​ប្រទេស​ទី​៣​ហើយ​លើ​ពិភពលោក ដែលមាន​សមត្ថភាព​ប្រមូល​ថ្ម​ពី​ឋាន​ព្រះ​ចន្ទ​មក​សិក្សា​ស្រាវជ្រាវ​ស៊ីជម្រៅ​។ នេះ​ក៏​ជា​សំណាក​ដី​ពី​ឋាន​ព្រះ​ចន្ទ​ថ្មី​បំផុត​ដែរ​។

 
 
​យានអវកាស​ចិន​ដែល​ដឹក​សំណាក​ពី​ឋាន​ព្រះ​ចន្ទ បាន​ចុះចត​លើទឹក​ចិន​ត្រង់​តំបន់​ស្វយ័ត​ម៉ុង​ហ្គោ​លី​ខាងក្នុង កាលពី​ម៉ោង ១៖៣០ នាទី​ព្រឹក (​ម៉ោង​ក្នុងស្រុក​ចិន​) ថ្ងៃទី​១៧ ខែធ្នូ ។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua ។ សំណាក​នេះ ត្រូវបាន​ប្រមូល​ចេញពី​ទីតាំង​មួយ​នៃ​ឋាន​ព្រះ​ចន្ទ ដែល​ពុំទាន់​មាន​គេ​ទៅដល់​ឡើយ ដោយ​ស្គាល់​ថា «​មហាសមុទ្រ​ព្យុះ (Ocean of Storms)»​។ 
 
​យានអវកាស​ដែល​ដាក់ឈ្មោះ​តាម ឈ្មោះ​ទេពធីតា​ព្រះ​ចន្ទ​បុរាណ​ចិន ត្រូវបាន​បាញ់​បង្ហោះ​កាលពី​២៤ ខែវិច្ឆិកា លើ​ក្បាល​រ៉ុក្កែត ឈ្មោះថា «Long March-5Y» នៅឯ​ទីលាន​បាញ់​បង្ហោះ​រ៉ុក្កែត Wenchang នៅ​ខេត្ត Hainan ។ ជា​ជោគជ័យ​មួយ​របស់​ចិន​នេះ វា​ក្លាយជា​បេសកកម្ម​ទីមួយ​ក្នុងពេល​៤៤​ឆ្នាំ​ចុងក្រោយ ដែល​អ្នកវិទ្យាសាស្ត្រ​បាន​ប្រមូល​សំណាក​រឹង​ពី​ភព​ព្រះ​ចន្ទ​មកកាន់​ភពផែនដី​។​
 
​សំណាក​រឹង​ដែល​ប្រមូលបាន​ចន្លោះ​ពី​២​ទៅ​៤​គីឡូក្រាម​នេះ អាចជួយ​ឲ្យ​អ្នកវិទ្យាសាស្ត្រ​ស្វែងយល់​កាន់តែច្បាស់​ពី​ដើមកំណើត​របស់​ឋាន​ព្រះ​ចន្ទ ក៏ដូចជា​ធ្វើជា​មូលដ្ឋានគ្រឹះ​សម្រាប់​បេសកកម្ម​ស្រាវជ្រាវ​អវកាស​ស្មុគស្មាញ​ក្រោយៗ​ទៀត​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua ទី​ភ្នា​ក់​អវកាស​ចិន ក៏​នឹង​ចែករំលែក​ទិន្នន័យ​សិក្សា​និង​វិភាគ​របស់​សំណាក​រឹង​ពី​ឋាន​ព្រះ​ចន្ទ​ទៅ​អ្នកវិទ្យាសាស្ត្រ​ក្នុងប្រទេស​ដទៃ​ផងដែរ​។ 
 
​ជាមួយគ្នានេះ អ្នកវិទ្យាសាស្ត្រ​ចិន ក៏បាន​គិតគូរ​ផែនការ​សម្រាប់​អនាគត​នៃ​ការសិក្សា​ស្រាវជ្រាវ​លើ​ឋាន​ព្រះ​ចន្ទ ជាអាទិ៍ ផែនការ​សាងសង់​ស្ថានីយ៍​ស្រាវជ្រាវ​មួយ​លើ​ឋាន​ព្រះ​ចន្ទ​។ នាយករង​នៃ​រដ្ឋបាល​អវកាស​ជាតិចិន (CNSA) លោក Pei Zhaoyu និយាយ​ដូច្នេះ​ថា​៖«​យើង​សង្ឃឹម​សហការ​ជាមួយ​ប្រទេស​ផ្សេងទៀត​ដើម្បី​កសាង​ស្ថានីយ៍​ស្រាវជ្រាវ​ឋាន​ព្រះ​ចន្ទ​អន្តរជាតិ​មួយ ដែល​អាច​បម្រើ​ជា​វេទិកា​ចែករំលែក​សម្រាប់​ការរុករក​បែប​វិទ្យាសាស្ត្រ​លើ​ឋាន​ព្រះ​ចន្ទ និង​ការពិសោធ​បច្ចេកវិទ្យា​»​។​
 
​ជោគជ័យ​របស់​បេសកកម្ម​របស់ យានអវកាស «​ឆាង​អឺ ៥» នេះ បានប្រែក្លាយ​ចិន​ជា​ប្រទេស​ទី​៣​លើ​ពិភពលោក​ដែល​អាចមាន​សមត្ថភាព​ប្រមូល​សំណាក​រឹង​ពី​ឋាន​ព្រះ​ចន្ទ​មក​សិក្សា​នៅលើ​ផែនដី បន្ទាប់ពី​អាមេរិក និង​អតីត​សហភាពសូវៀត ។ 
 
​ក្នុង​កម្មវិធី​អវកាស អា​ប៉ូ​ឡូ ដែល​បាន​បញ្ជូន​មនុស្ស​ទៅ​ជាន់ដី​ឋាន​ព្រះ​ចន្ទ​លើកដំបូង អាមេរិក បាន​បញ្ជូន​អ្នក​អវកាស​១២​នាក់ ក្នុង​ជើងហោះហើរ​ចំនួន​៦ ចន្លោះ​ពី​ឆ្នាំ​១៩៦៩ និង​ឆ្នាំ​១៩៧២​។ ក្នុង​បេសកកម្ម​នេះ ពួកគេ​បាន​នាំយក​ថ្ម និង​ដី​លើ​ឋាន​ព្រះ​ចន្ទ​សរុប ៣៨២ គីឡូក្រាម​មក​ផែនដី​ដើម្បី​សិក្សា​ស្រាវជ្រាវ​។ ចំណែក អតីត​សហភាពសូវៀត បាន​បញ្ជូន​បេសកកម្ម​ប្រមូល​សំណាក​រឹង​ពី​ឋាន​ព្រះ​ចន្ទ​៣​ជើង ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ ហើយ​ប្រមូល​បានតែ​១៧០​ក្រាម​ប៉ុណ្ណោះ​។​
 
​ការ​បង្ហោះ​យានអវកាស​ឆាង​អឺ ៥ គឺជា​ការចត​លើ​ឋាន​ព្រះ​ចន្ទ​ដោយ​ជោគជ័យ​លើក​ទី​៣​ហើយ​របស់​ចិន​។ យាន ឆាង​អឺ ៤ កាលពី​ឆ្នាំ​២០១៩ ក្លាយជា​យាន​បេសកកម្ម​ទីមួយ​ដែល​ចត​លើ​ផ្នែក​ឆ្ងាយ​មួយ​របស់​ព្រះ​ចន្ទ ដែល​ពុំ​សូវ​មាន​គេ​ទៅ​ស្រាវជ្រាវ​ដល់​។ យាន​ឆាង​អឺ ៣ ត្រូវបាន​បាញ់​បង្ហោះ​កាលពី​ឆ្នាំ​២០១៣​។ ដោយឡែក ការ​បង្ហោះ​ចុងក្រោយបង្អស់​របស់ គឺ​រួមសហការ​ជាមួយ​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប ដែល​កំពុង​ជួយ​តាមដាន​បេសកកម្ម​នេះ​។ 
 
​ក្នុង​ឆ្នាំ​២០០៣ ចិន បាន​ក្លាយជា​ប្រទេស​ទី​៣ ដែល​បញ្ជូន​អ្នក​អវកាស​ទៅកាន់​គន្លង​តារាវិថីរ​ដោយ​ខ្លួនឯង  ក្រោយ​អតីត​សហភាពសូវៀត និង​អាមេរិក​។ ចិន​ក៏បាន​បាញ់​បង្ហោះ​ស្ថានីយ៍​សម្រាប់​អ្នក​អវកាស​ផងដែរ​៕
 
 
 

Tag:
 ​ចិន​
  ឆាង​អឺ ៥
  អវកាស​
  ឋាន​ព្រះ​ចន្ទ​
© រក្សាសិទ្ធិដោយ thmeythmey.com