ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
អាជ្ញាធរ ប្រាប់​ឲ្យ​ពន្យារពេល​ជា​លើក​ទី​ពីរ ខណៈ​សង្គម​ស៊ីវិល នៅតែ​ចង់​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស នៅ​ថ្ងៃ​២០​ធ្នូ​
17, Dec 2020 , 10:29 pm        
រូបភាព
យុវជន ចូលរួមប្រាព្ធទិវាសិទ្ធិមនុស្សលើកទី៧០ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ (AFP)
យុវជន ចូលរួមប្រាព្ធទិវាសិទ្ធិមនុស្សលើកទី៧០ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ (AFP)
​​សាលា​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីជូនដំណឹង​ម្តងទៀត ទៅកាន់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ប្រាប់​ឲ្យ​ពន្យារពេល​នៃ​ការជួប​ជុំគ្នា​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី​៧២ ខណៈ​ក្រុម​អង្គការ​សង្គម​ស៊ីវិល មានបំណង​ចង់​ជួបជុំគ្នា​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០ ក្រោយពី​គម្រោង ដែល​ចង់​ប្រារព្ធ​នៅ​ថ្ងៃទី​១០ ខែធ្នូ ត្រូវបាន​ហាមឃាត់​។ ហេតុផល​របស់​អាជ្ញាធ​រ ដែល​ប្រាប់​ឲ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ពន្យារពេល​ម្តង​ហើយ​ម្តងទៀត​បែបនេះ គឺ​ដោយសារ​នៅ​បារម្ភ​ពី​ការ​រាល​ជំងឺ​កូ​វីដ​-១៩ ដ្បិត​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា មិនទាន់​បញ្ចប់​។


​លោក អំ សំអាន នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល ទើបតែ​ទទួលបាន​សេចក្តីជូនដំណឹង​ពីសា​លា​រាជធានី​ភ្នំពេញ ដូច្នេះ មិនទាន់​អាច​សម្រេច​ថា នឹងត្រូវ​រៀបចំ​ពិធី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស ដោយ​របៀប​ណា​ឡើយ​។ ប៉ុន្តែ លោក បញ្ជាក់ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង​៥០​ស្ថាប័ន នៅតែ​រក្សា​ជំហរ​ប្រា​ព្ធ​ទិវា​សិទ្ធិមនុស្ស នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០ ដោយ​គោរព​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ដូចជា ការជួបគ្នា ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​តូច ជាដើម​។ 
 
​លោក បន្តថា ក្រុម​អង្គការ​សង្គម​ស៊ីវិល នឹង​ជជែក​គ្នា​ពី​ការរៀបចំ​ពិធី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​នេះ​។ លោក មានប្រសាសន៍ថា «​រៀបចំ​នៅ​កន្លែង​ណា​? អ្នកចូលរួម មាន​ប៉ុន្មាន​នាក់​?» នឹង​ស្ថិតក្នុង​ការពិភាក្សាគ្នារ​បស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​។ យ៉ាងណា លោក អះអាងថា ក្រុម​អង្គការ​សង្គម​ស៊ីវិល នឹងចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ជាមួយ​រដ្ឋាភិបាល​។ 
 
​គម្រោង​លើកដំបូង គឺ​អង្គការ​សង្គម​ស៊ីវិល​ជាង​៥០​ស្ថាប័ន គ្រោង​ជួបជុំគ្នា​ប្រមាណ​១៥០០​នាក់ ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ ដូច​រាល់​ឆ្នាំ ហើយ​ពួកគេ ថែមទាំង​គ្រោង​នាំគ្នា​ដើរ​ពី​ទីលាន​ប្រជាធិបតេយ្យ ក្នុង​ខណ្ឌ​ឫស្សកែវ (​ខាងជើង​ស្ពាន​ជ្រោយចង្វារ​) ទៅកាន់​រដ្ឋសភា ដើម្បី​ផ្សព្វផ្សាយ​ពី​សិទ្ធិមនុស្ស​។ ដោយសារ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​ទ្រង់ទ្រាយ​ធំ ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​ងាក​មកជួប​ជុំគ្នា​ជា​លក្ខណៈ​ទ្រង់ទ្រាយ​តូច នៅ​ថ្ងៃទី​១០ ខែធ្នូ ដោយ​រៀបចំ​វេទិកា ដែលមាន​អ្នកចូលរួម​តិច ដើម្បី​បញ្ចេញ​មតិយោបល់ និង​សួរដេញដោល​គ្នា​ពី​បញ្ហា​សិទ្ធិមនុស្ស ហើយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ខ្លះទៀត បាន​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស តាម​អន​ឡាញ​៕ 

Tag:
 ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ
© រក្សាសិទ្ធិដោយ thmeythmey.com