ជាតិ
សង្គមជាតិ
សាលា​ឯកជន ងាក​ទៅ​បង្រៀន​វិញ្ញាសា​ប្រឡង​គ្រូ និង​ត្រៀម​ចូល​មហាវិទ្យាល័យ​វិញ​
17, Dec 2020 , 11:29 pm        
រូបភាព
​ភ្នំពេញ​៖ ក្រោយ​ក្រសួង​អប់រំ បានសម្រេច​ឲ្យ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​) បាន​ជាប់​ស្វ័យប្រវត្តិ ដោយ​គ្មាន​កំណត់​និទ្ទេស សាលា​ឯកជន ដែល​តែង​បង្រៀន​តាម​អន​ឡាញ បាន​ប្ដូរ​កម្មវិធីសិក្សា​របស់​ខ្លួន ពី​ការបង្រៀន​វិញ្ញាសា​ត្រៀមប្រឡង​បាក់​ឌុប ទៅជា​ការបង្រៀន​ត្រៀមប្រឡង​ចូល​សាកលវិទ្យាល័យ និង ការបង្រៀន​វិញ្ញាសា​សម្រាប់​អ្នក​ដែល ត្រូវ​ប្រឡង​ចូល​ក្របខ័ណ្ឌ​គ្រូ ជាដើម​។


​លោក  អ៊ុយ ប៉ុន​តា​រ៉ា អគ្គនាយក​សាលា E-School Cambodia បានឱ្យដឹងថា ក្រោយ​សិស្ស​ទី​១២ ជាប់​ដោយ​ស្វ័យប្រវត្តិ សាលា E-School Cambodia បាន​បើក​បង្រៀន​ថ្នាក់​វិញ្ញាសា​ត្រៀមប្រឡង​ជំនាញ​ពេទ្យ និង​គ្រូបង្រៀន ដើម្បី​ជា​គ្រឹះ​ឱ្យ​សិស្ស​ប្រឡង ចូលរៀន​នៅ​សាកលវិទ្យាល័យ​។ លោក​បន្តថា មកទល់ពេលនេះ​មាន​ចំនួន​សិស្ស​ជាច្រើន​ដែល​បាន​ចុះឈ្មោះ​រៀន​ត្រៀម​មុខជំនាញ​ពេទ្យ និង​គ្រូបង្រៀន​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក មានប្រសាសន៍ថា​៖«​មាន​សិស្ស​ភាគច្រើន​គាត់​ចាប់អារម្មណ៍​រៀន​ពេទ្យ និង​គ្រូ​»​។​
 
​អគ្គនាយក​សាលា E-School Cambodia រូបនេះ លើកឡើងថា ទោះបី​ថ្នាក់​បង្រៀន​សម្រាប់​ត្រៀមប្រឡង​ទី​១២​ត្រូវបាន​បញ្ចប់ តែ​សាលា​នៅតែ​បើក​ថ្នាក់​បង្រៀន​អន​ឡ​ញ​ត្រៀម​ចូលរៀន​ឆ្នាំ​សិក្សា​ថ្មី ពី​ថ្នាក់​ទី​១១ ចុះក្រោម​។ 
 
​គួរ​បញ្ជាក់ថា បេក្ខជន​ប្រឡង​បាក់​ឌុប នៅ​ឆ្នាំ​សិក្សា​២០២០​នេះ ដែលមាន​ចំនួន​ជាង​១២​ម៉ឺន​នាក់ ត្រូវបាន​ក្រសួង​អប់រំ សម្រេច​ឲ្យ​ជាប់​ទាំងអស់ ដោយ​មិន​ឆ្លងកាត់​ការប្រឡង តាម​ការស្នើសុំ​របស់​ស​ម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ សូម្បីតែ​សិស្ស​ថ្នាក់​ទី​៩ ដែល​ប្រឡង​ឌី​ប្លូ​ម​រួចហើយ សម្រាប់​ឆ្នាំ​សិក្សា​២០១៩-២០២០​នេះ ក៏​ក្រសួង​អប់រំ សម្រេច​ឲ្យ​ជាប់​ទាំ​អស់​ដែរ​។ ប៉ុន្តែ សិស្ស​ជាប់​បាក់​ឌុប​និង​ឌី​ប្លូ​ម​ដោយ​ស្វ័យប្រវត្តិ​នេះ មិន​ទទួលបាន​និទ្ទេស​ឡើយ​។ 
 
​ការប្រឡង​បាក់​ឌុប មិនអាច​ត្រូវ​បានរៀបចំ​តាម​ការគ្រោងទុក នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ គឺ​ដោយសារតែ​ប្រមុខ​រដ្ឋាភិបាល នៅ​បារម្ភ​ពី​រាលដាល​ជំងឺ​កូ​វីដ​-១៩ ខណៈ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា មិនទាន់​បញ្ចប់​៕  

Tag:
 ​បាក់​ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com