អន្តរជាតិ
អាមេរិក​ថា វៀតណាម និង​ស្វ៊ី​ស​បន្លំ​តម្លៃ​រូបិយវត្ថុ​ដើម្បី​កេងចំណេញ​ក្នុងការ​ធ្វើ​ជំនួញ​
18, Dec 2020 , 8:29 am        
រូបភាព
ក្រដា១០ហ្វ្រង់ស្វ៊ីស។ រូបភាព AFP
ក្រដា១០ហ្វ្រង់ស្វ៊ីស។ រូបភាព AFP
ដោយ:
​ក្រសួង​រតនាគារ​អាមេរិក នៅ​ថ្ងៃទី​១៦ ខែធ្នូ បាន​ចោទ​វៀតណាម និង​ស្វី​ស​ពី​ការបន្លំ​តម្លៃ​រូបិយវត្ថុ​របស់ខ្លួន ដោយ​កំណត់​តម្លៃ​ទាប​ជាង​តម្លៃ​ជាក់ស្តែង ដើម្បី​យកចំណេញ​ក្នុងការ​ដោះដូរ​ពាណិជ្ជក​ម្ម​ជាមួយ​អាមេរិក​។ ស្វ៊ី​ស ចេញមុខ​បដិសេធ​ការ​ចោទ​របស់​អាមេរិក​ភ្លាម​។

 
​នៅក្នុង​របាយការណ៍​ពាក់កណ្តាល​ឆ្នាំ​ស្តីពី​អត្រា​ប្តូរប្រាក់​បរទេស ក្រសួង​រតនាគារ​អាមេរិក​​រកឃើញថា​វៀតណាម និង​ស្វ៊ី​ស​ធ្វើ​អន្តរាគមន៍​ទៅក្នុង​ទីផ្សារ​រូបិយវត្ថុ ដើម្បី​កែប្រែ​ជញ្ជីងទូទាត់​ពាណិជ្ជកម្ម​។ របាយការណ៍​នេះ អះអាងថា​វៀតណាម និង​ស្វ៊ី​ស​បន្លំ​តម្លៃ​រូបិយវត្ថុ​របស់​ពួកគេ ដើម្បី​អាច​ទទួលបាន​អត្ថប្រយោជន៍​មិន​ត្រឹមត្រូវ​ក្នុងការ​ប្រកួតប្រជែង​ពាណិជ្ជកម្ម​អន្តរជាតិ​។ ទោះជា​យ៉ាងណា អាមេរិក មិ​ទាន់​ដាក់ទណ្ឌកម្ម​ឡើយ តែ​ទាមទារ​ឲ្យ​ប្រទេស​ទាំងពីរ​ដោះស្រាយ​បញ្ហា​នេះ​។​
 
​ក្រោយ​ចេញ​របាយការណ៍​នេះ​ភ្លាម ធនាគារជាតិ​ស្វ៊ី​ស ក៏​ចេញមក​បដិសេធ​ដែរ ស្របពេល​របាយការណ៍​បង្ហាញថា ស្វី​ស​ទម្លាក់​តម្លៃ​ប្រាក់​ហ្វ្រ​ង់​ស្វ៊ី​ស​ប្រមាណ​៣,៥​ភាគរយ ធៀប​នឹង​តម្លៃ​ជាក់ស្តែង​។ ធនាគារជាតិ​ស្វី​ស អះអាងថា​ការធ្វើអន្តរាគមន៍​លើ​អត្រា​ប្តូរប្រាក់ មិនមែន​ដើម្បី​កេ​ញ​ចំណេញ​លើ​ការធ្វើ​ពាណិជ្ជកម្ម​ឡើយ ប៉ុន្តែ​ដើម្បី​រក្សា​ស្ថិរភាព​តម្លៃ​ទំនិញ​ក្នុងស្រុក​តែប៉ុណ្ណោះ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​លុយ​ហ្វ្រ​ង់​ស្វ៊ី​ស ត្រូវបាន​អ្នកវិនិយោគ​ចាត់ទុកជា​រូបិយវត្ថុ​ដែលមាន​ស្ថិរភាព​មួយ ហើយ​ការទិញ​លុយ​ហ្វ្រ​ង់​ស្វ៊ី​ស​ទុក​នៅពេល​មាន​វិបត្តិ​ដូច​ពេល​បច្ចុប្បន្ននេះ បណ្តាល​ឲ្យ​តម្លៃ​រូបិយវត្ថុ​នេះ​ហក់​ឡើង​ដែលជា​ហេតុ​ចាំបាច់​ឲ្យ​មាន​អន្តរាគមន៍​ពី​ធនាគារកណ្ដាល​របស់​ស្វ៊ី​ស​។​
 
​ចំពោះ​ប្រា​ក់ដុង​វៀតណាម​វិញ អាមេរិក​អះអាងថា វៀតណាម​ទម្លាក់​តម្លៃ​រូបិយវត្ថុ​របស់ខ្លួនរ​ហូត​ដល់​ទៅ​៨,៤​ភាគរយ​។ បន្ថែម​ពីនេះ អត្រា​ប្តូរប្រាក់​ដុង ធៀប​នឹង​ដុល្លារ​មានតម្លៃ​ថេរ​ចាប់​តាំងតែ​ពី​ឆ្នាំ​២០១៨​មក​។ ក្រសួង​រតនាគារ​អាមេរិក ក៏​អំពាវនាវរ​ឲ្យ​វៀតណាម​កាត់បន្ថយ​ការធ្វើអន្តរាគមន៍​លើ​រូបិយវត្ថុ និង​អនុញ្ញាត​ឲ្យ​អត្រាកំណើន​ឡើង​ចុះ​។​
 
​ដៃគូ​ពាណិជ្ជកម្ម​របស់​អាមេរិក ក្លាយជា​មុខសញ្ញា​នៃ​ការជាប់​ឈ្មោះ​ក្នុង​បញ្ជី​ប្រទេស​បន្លំ​រូបិយវត្ថុ​របស់ខ្លួន ក្រោយ​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល ត្រាំ ឡើងកាន់តំណែង​។ លោក ត្រាំ តែង​ចោទ​ដៃគូ​ពាណិជ្ជកម្ម​ចម្បងៗ​របស់​អាមេរិក ថា ទម្លាក់​តម្លៃ​រូបិយវត្ថុ​ដើម្បី​អាច​លក់ទំនិញ​ថោក​ជាង ទំនិញ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​អាមេរិក​។ ជារឿយៗ លោក ត្រាំ ចុច​ចំឈ្មោះ​ចិន និង​អាល្លឺម៉ង់​ដែល​ចំណេញ​ពី​អាមេរិក ខណៈ​ប្រទេស​ទាំងនេះ​លក់ទំនិញ​ឲ្យ​អាមេរិក​។ 
 
​កាលពី​ខែមករា​កន្លងទៅ បាន​ដក​ចិន​ចេញពី​បញ្ជី​ប្រទេស​បន្លំ​តម្លៃ​រូបិយវត្ថុ ប៉ុន្តែ​បន្ត​ដាក់​ដាក់​បញ្ជី​តាមដាន​ក្រោយ​ការចរចា​ជម្លោះ​ពាណិជ្ជកម្ម​ជុំ​ទៅមួយ និង​បន្ត​ដាស់តឿន​ចិន​ឲ្យ​បង្កើន​តម្លាភាព​ក្នុងការ​ប្តូរប្រាក់​។ ក្នុង​បញ្ជី​តាមដាន​របស់​ក្រសួង​រតនាគារ​អាម​រិ​ក ក៏មាន​ផងដែរ​ជប៉ុន កូរ៉េ អាល្លឺម៉ង់ ឯ​ឥណ្ឌា តៃវ៉ាន់ និង​ថៃ​ជា​ឈ្មោះ​ក្នុង​របាយការណ៍​ចុងក្រោយ​នេះ​៕
 

Tag:
 អាមេរិក​
 ​វៀតណាម​
 ​ស្វី​ស
© រក្សាសិទ្ធិដោយ thmeythmey.com