អន្តរជាតិ
អាមេរិក ត្រៀម​ចែកចាយ​វ៉ាក់សាំង​កូ​វីដ​-១៩ លើក​ទី​២ ខណៈ​មាន​ករណី​ស្លាប់​និង​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់​
18, Dec 2020 , 1:57 pm        
រូបភាព
ដបវ៉ាក់សាំងមានឈ្មោះក្រុមហ៊ុន Moderna នៅពីក្រោយ។ រូបថត៖ AFP
ដបវ៉ាក់សាំងមានឈ្មោះក្រុមហ៊ុន Moderna នៅពីក្រោយ។ រូបថត៖ AFP
ដោយ:
​អាមេរិក បាន​ត្រៀមលក្ខណៈ​ដឹក​ចែកចាយ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ជា​លើក​ទី​ពីរ​ចំនួន ៥,៩​លាន​ដូ​ស ដែល​អាច​នឹងត្រូវ​អនុម័ត​ក្នុង​សប្ដាហ៍​នេះ ។ អាមេរិក​ញាប់ដៃ​ញាប់ជើង​ក្នុង​ការចែក​វ៉ាក់សាំង ព្រោះ ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​ប្រចាំថ្ងៃ​នៅ​អាមេរិក​ហក់​ឡើងដល់​ជាង​៣៥៨០​នាក់ និង​ឆ្លង​ជាង​២២​ម៉ឺន​ករណី​កាលពី​ថ្ងៃទី​១៦ ខែធ្នូ​។​

 
 
​ករណី​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​នៅ​ទូទាំង​សហរដ្ឋអាមេរិក នៅ​បន្ត​កើនឡើង​ខ្ពស់​។ ស្ថានភាព​នេះ បាន​បង្ខំ​ឲ្យ​និយតករ​សុខាភិបាល​អាមេរិក មិន​បង្អែបង្អង់​យូរ​ឡើយ​ក្នុង​ការអនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​។ បេក្ខភាព​វ៉ាក់សាំង​ទី​២ ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​អាមេរិក Moderna ត្រូវបាន​គណៈកម្មការ​ប្រឹក្សា​ផ្នែក​ឱសថ​របស់​រដ្ឋបាល​ស្បៀងអាហារ​និង​ឱសថ (FDA) បោះឆ្នោត​គាំទ្រ​ឲ្យ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជាបន្ទាន់​នៅ​ថ្ងៃទី​១៧ ខែធ្នូ គឺ​១​សប្ដាហ៍​ប៉ុណ្ណោះ​ក្រោយ​ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​អាមេរិក​-​អាល្លឺម៉ង់ Pfizer-BioNTech ។​
 
​វ៉ាក់សាំង​ថ្មី​នេះ ត្រូវ​រំពឹងថា​នឹ ង​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​បន្ទាន់​ពី​សំណាក់​រដ្ឋបាល FDA អាមេរិក ឆាប់ៗ​នេះ​។ រដ្ឋមន្ត្រី​សុខាភិបាល​អាមេរិក Alex Azar បាន​ប្រាប់​ទូរទស្សន៍​អាមេរិក CNBC នៅ​ថ្ងៃទី​១៧ ខែធ្នូ​ថា វ៉ាក់សាំង Moderna ប្រមាណ ៥,៩​លាន​ដូ​ស ត្រូវបាន​រៀបចំ​ទុកដាក់​រួចរាល់ និង​ត្រៀមលក្ខណៈ​ដឹក​ចែកចាយ​នៅ​ទូទាំងប្រទេស​។ 
 
«​យើង​ត្រៀមលក្ខណៈ​ដឹកជញ្ជូន [​វ៉ាក់សាំង Moderna] នៅ​ចុង​សប្ដាហ៍​នេះ​ទៅកាន់​មណ្ឌល​សុខភាព​នានា សម្រាប់​ចាប់ផ្ដើម​ចាក់​នៅ​ថ្ងៃទី​ចន្ទ អង្គារ និង​ពុធ សប្ដាហ៍​ក្រោយ​»​។ លោក Azar បញ្ជាក់​បែបនេះ​។  
 
​លក្ខណៈពិសេស​របស់​វ៉ាក់សាំង Moderna គឺ​ងាយ​ទុកដាក់​ជាង​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer-BioNTech ដោយសារ​វា​ត្រូវការ​ទុក​នៅ​សីតុណ្ហភាព ២០​អង្សា​ក្រោម​សូន្យ ខណៈ Pfizer ទាមទារ​រហូតដល់ ៧០​អង្សា​ក្រោម​សូន្យ​។ នេះ​គឺ​ជម្រើស​ល្អ​សម្រាប់​ដឹកជញ្ជូន​វ៉ាក់សាំង​ទៅកាន់​តំបន់​ដាច់ស្រយាល និង​ទីជនបទ​។ វ៉ាក់សាំង​ទាំងពីរ​នេះ មាន​ប្រសិទ្ធភាព​៩៥​ភាគរយ​ដូចគ្នា​ក្នុងការ​បង្ការ​ជំងឺ​កូ​វីដ​-១៩​។ 
 
​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ Pfizer បានចាប់ផ្ដើម​ដឹក​ចែកចាយ​នៅតាម​មណ្ឌល​សុខភាព​ទូទាំង​សហរដ្ឋអាមេរិក កាលពី​សប្ដាហ៍​មុន ជាមួយ​បុគ្គលិក​សុខាភិបាល​ជួរមុខ ជា​ក្រុមមនុស្ស​អាទិភាព​។ ការដឹកជញ្ជូន​វ៉ាក់សាំង​នេះ ក៏​ជួបប្រទះ​បញ្ហា​រំខាន​ផងដែរ​ដោយសារ​ព្យុះ​ព្រិល​អំឡុង​រដូវរងារ​។ ក្រុម​ដឹកជញ្ជូន​វ៉ាក់សាំង​ជើង​ទី​១ មាន FedEx Corp និង United Parcel Service ក៏បាន​រក្សាទុក​វ៉ាក់សាំង​ដែល​យឺតយ៉ាវ​ក្នុង​ការដឹក​ឲ្យ​បាន​ត្រឹមត្រូវ រហូតដល់​ស្ថានការណ៍​អាកាសធាតុ​ធូរស្បើយ​ឡើងវិញ​ផងដែរ​។ 
 
​អាមេរិក ជា​ប្រទេស​ដែលមាន​អ្នកស្លាប់​និង​ឆ្លង​ដោយសារ​ជំងឺ​កូ​វីដ​ច្រើនជាងគេ​។ គិត​ត្រឹម​ថ្ងៃទី ១៧ ខែធ្នូ អ្នកស្លាប់​នៅ​អាមេរិក​សរុប​មាន ៣០៧ ៧៦៧​នាក់ ខណៈ​ករណី​ឆ្លង​មាន​រហូតដល់​ជាង​១៧​លាន​ករណី​។ 
 
​ខណៈ​ពលរដ្ឋ​អាមេរិក​រាប់លាន​នាក់ បាន​បាត់បង់​ការងារ​ធ្វើ​ដោយសារ​វិធានការ​រឹតត្បិត​កូ​វីដ​-១៩ សភា​អាមេរិក ត្រៀម​អនុម័ត​កញ្ចប់​ជួយសង្គ្រោះ​ឆាប់ៗ​ខាងមុខ​ដែរ​។ សមាជិក​ជាន់ខ្ពស់​រប​ស់ប​ក្សធំ​ទាំងពីរ មាន​ប្រជាធិបតេយ្យ និង​សាធារណរដ្ឋ នៅ​ថ្ងៃទី ១៧ ខែធ្នូ កាន់តែ​ខិតជិត​ក្នុងការ​ឯកភាព​លើ​កញ្ចប់​ថវិកា​ជំនួយ​កូ​វីដ​-១៩​លើកទីមួយ ចាប់តាំងពី​ខែមេសា​មក ដែលមាន​ទំហំ​ដល់​ទៅ​៩០០​ពាន់​លាន​ដុល្លារ​។ ក្នុងនោះ ថវិកា​សម្រាប់​ការចែក​ប្រាក់​ឲ្យ​ពលរដ្ឋ​អាមេរិក​មាន​៦០០​ពាន់​លាន​ដុល្លារ ឯ​លុយ​សេសសល់ គ្រោង​ផ្គត់ផ្គង់​ការ​ចែកចាយ​វ៉ាក់សាំង ពង្រីក​អត្ថប្រយោជន៍​សម្រាប់​អ្នក​អត់​ការងារ​ធ្វើ និង​ជួយសង្គ្រោះ​អាជីវកម្ម​ធុន​តូច​៕ 

Tag:
 Moderna
  កូ​វីដ​-១៩
  សហរដ្ឋអាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com