កីឡាអន្តរជាតិ
អន្តរជាតិ
Solskjaer ប្រាប់​កូនក្រុម​ឲ្យ​ប្រឹង​លេង​នៅ Old Trafford ក្រោយ​ឈ្នះ Sheffield
18, Dec 2020 , 4:23 pm        
រូបភាព
​លោក Ole Gunnar Solskjaer ព្រមាន​កូនក្រុម Manchester United ត្រូវតែ​«​ពង្រឹង​»​ការប្រកួត​នៅ​ទឹកដី Old Trafford បន្ថែមទៀត បន្ទាប់ពី​ពួកគេ​វាយបក​យកឈ្នះ Sheffield United ដោយ​លទ្ធផល ៣-២ នា​ជំនួប​ក្របខណ្ឌ Premier League​។​


​អ្នកចាំទី Dean Henderson បាន​បង្កើត​កំហុស​នៅមុខ​ទី​ដែល​ធ្វើ​ឲ្យ Man Utd របូត​១​គ្រាប់​ទៅ​ឲ្យ​ម្ចាស់ផ្ទះ Sheffield United នៅ​នាទី​ទី​៥ ដែល​សម្រេច​ទី​ដោយ​កីឡាករ David McGoldrick​។ ការប្រកួត​បន្ត​ដល់​នាទី​២៦ Marcus Rashford រកបាន​គ្រាប់​តាម​ស្មើ​ឲ្យ​ក្រុម​បិសាច​ក្រហម​វិញ មុន Anthony Martial បន្ថែម​គ្រាប់​នាំមុខ​នៅ​៧​នាទី​បន្ទាប់ មុន​បញ្ចប់​វគ្គ​ទី​១​។​
 
​ចូលដល់​វគ្គ​ទី​២ ខណៈ​ការប្រកួត​ដំណើរការបាន​៦​នាទី Rashford បាន​បន្ថែម​គ្រាប់​ទី​២​របស់ខ្លួន និង​ជា​គ្រាប់​ទី​៣​ឲ្យ​ក្រុម​លោក Solskjaer មុន McGoldrick សម្រេចបាន​គ្រាប់​ទី​២​នៅ​នាទី​៨៧​។ ចប់​ការប្រកួត Man Utd ឈ្នះ Sheffield ៣-២​។​
 
​ទោះបី​ក្រុម​បិសាច​ក្រហម​ទទួលបាន​៣​ពិន្ទុ​បន្ថែម​ដើម្បី​ឡើងទៅ​ឈរ​នៅ​ចំណាត់​ទី ៦ ក្នុង​តារាង​លី​គ​កំពូល​អង់គ្លេស​វិញ​ក៏ដោយ ប៉ុន្តែ​លោក Solskjaer នៅតែ​ប្រមាន​កូនក្រុម​លោក​ឲ្យ​ពង្រឹង​ការប្រកួត​ក្នុងផ្ទះ​ខ្លួនឯង​ឲ្យ​ប្រសើរ​ជាង​នេះ​។​
 
​ក្នុងចំណោម​ការប្រកួត​ទាំង​១២​លើក​រដូវ​កាល​នេះ Man Utd ឈ្នះ​៧​លើក ស្មើ​២ និង​ចាញ់​៣​លើក​។ បរាជ័យ​ទាំង​៣​លើក​សុទ្ធតែ​នៅ Old Trafford ទាំងអស់​ក្នុងនោះ​ចាញ់ Crystal Palace ៣-១ ចាញ់ Spurs ៦-១ និង​ចាញ់ Arsenal ១-០​។ ផ្ទុយទៅវិញ​ពួកគេ​ទើបតែ​ទទួលបាន​ជ័យជម្នះ​មួយ​លើក​គត់​ក្នុងផ្ទះ​នៅ​ក្របខណ្ឌ Premier League​។​
 
​មុន​បិសាច​ក្រហម​នឹងត្រូវ​ទទួលភ្ញៀវ Leeds United ក្នុងជំនួប​លី​គ​កំពូល​សប្តាហ៍​ទី​១៣ ចុង​អាទិត្យ​នេះ លោក Solskjaer បាន​ព្រមាន​កូនក្រុម​ឲ្យ​ពង្រឹង​ការប្រកួត​ក្នុង​ដី​ឡើងវិញ​។ ប្រើ​សិន​បើ​ពួកគេ​អាច​ទទួល​ឈ្នះ​នៅ​ជំនួប​នេះ​ទៀត Man Utd នឹង​ឡើងទៅ​កាន់​ចាំ​ណាត់​ថ្នាក់​ទី​២​មិន​ខាន​។​
 
​អ្នកចាត់ការ​សញ្ជាតិ​ន័​រ​វែ​សបាន​ប្រាប់ BBC ថា​៖«​យើង​ចាំបាច់​ត្រូវ​ពង្រឹង​ការប្រកួត​ក្នុង​ដី​។ ជំនួប​ចុង​សប្តាហ៍​នេះ​នឹង​ក្លាយជា​ការសាកល្បង​ដ៏​ធំ​មួយ​សម្រាប់​យើង​។ វា​ជាការ​ប្រកួត​ដ៏​ធំ​មួយ​សម្រាប់​យើង​ដើម្បី​ជា​ផ្លូវ​ក្នុងការ​ប្រជែង​ពាន Premier League រដូវ​កាល​នេះ​»​។​
 
​ម្ចាស់​ជើងឯក​លី​គ​កំពូល​អង់គ្លេស​២០​សម័យ​១​រកបាន​២៣​ពិន្ទុ និង​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៦ ប៉ុន្តែ​សល់​ប្រកួត​ក្នុង​ដៃ​មួយ​លើក​៕

Tag:
 Ole Gunnar Solskjaer
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com