ជាតិ
សត្វទោចមកុដ ១គូចុងក្រោយ នឹងដោះលែងក្នុងព្រៃធម្មជាតិនៃក្រុងអង្គរធំ
19, Dec 2020 , 3:29 pm        
រូបភាព
រូបភាពពី៖ អាជ្ញាធរជាតិអប្សារា
រូបភាពពី៖ អាជ្ញាធរជាតិអប្សារា
សត្វទោចមកុដមួយគូ ពីមជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ គ្រោងដោះលែងទៅក្នុងព្រៃធម្មជាតិនៃក្រុងអង្គរធំ នាពេលខាងមុខនេះ ក្រោមកិច្ចសហប្រតិបត្តិការរវាង អាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance។ នេះបើតាមការចេញផ្សាយរបស់ អាជ្ញាធរជាតិអប្សារា កាលថ្ងៃទី១៧ ខែធ្នូ។


 
កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០កន្លងមក គម្រោងនេះបានដឹកជញ្ជូនសត្វទោចពីរក្បាលដែលជាគូចុងក្រោយពីមជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ យកមកផ្សាំក្នុងទ្រុងនៅជិតបឹងដូនមា ក្បែរខ្លោងទ្វារដីឆ្នាំង ប៉ែកខាងជើងក្រុងអង្គរធំនេះ ដើម្បីត្រៀមនឹងដោះលែងទៅក្នុងព្រៃឈើក្រុងអង្គរធំ ចំណុចខ្លោងទ្វារដីឆ្នាំង នាពេលឆាប់ៗខាងមុខនេះ។ 
 
អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា គម្រោងដោះលែងសត្វទោចនេះ ក៏នឹងគ្រោងដោះលែងសត្វឆ្មារដាវចំនួនមួយគូ ព្រមទាំងសត្វកេងកងតូចមួយគូទៅក្នុងព្រៃធម្មជាតិនៃរមណីយដ្ឋានអង្គរនេះ បន្ទាប់ពីបង្កាត់ក្នុងទ្រុងអស់រយៈពេលប្រមាណជិតបីខែមក។ 
 
នាពេលកន្លងមកគម្រោងនេះ បានដោះលែងសត្វទោចមកុដចំនួន ១២ក្បាលរួចមកហើយ ស្ថិតក្នុងទីតាំងក្បែរខ្លោងទ្វារតាកាវ ខ្លាងទ្វារខ្មោច ក្បែរប្រាសាទតានៃ។ រយៈពេលកន្លងមកគម្រោងខាងលើ ក៏បានដោះលែងសត្វឈ្លូសចំនួន ៤ក្បាល សត្វស្វាព្រាមចំនួន ១២ក្បាល សត្វសំពោចក្រអូបចំនួន ៥ក្បាល និងភេខ្លួនរលោងចំនួន ៥ក្បាល ចូលទៅក្នុងព្រៃអភិរក្សក្នុងរមណីយដ្ឋានអង្គរ។


រូបភាពពី៖ អាជ្ញាធរជាតិអប្សារា
 
បើតាមអាជ្ញាធរជាតិអប្សរា សត្វទោចមកុដនេះ រស់នៅជាលក្ខណៈគ្រួសារ គឺគ្រួសារនីមួយៗមានដែនដើររៀងៗខ្លួនពី៥ ទៅ ១០ហិកតា ដោយមិនជាន់ដែនគ្នាឡើយ ដូច្នេះហើយទើបការប្រលែងសត្វនេះកំណត់ទីតាំងគម្លាតពីគ្នា ២០០០ម៉ែត្រ។ ចំពោះលំហរព្រៃនៃឧទ្យានអង្គរ សម្រាប់សត្វទោចចំនួន ៤គ្រួសារប៉ុណ្ណោះ ហើយលម្ហព្រៃនៅសល់ គឺបម្រុងទុកអោយកូនៗបែកមេបាបន្តបន្ទាប់ទៀត។
 
ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សារា ព្រមទាំងគម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ អំពាវនាវដល់សាធារណេជន ភ្ញៀវជាតិ-អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋក្នុងតំបន់ ចូលរួមថែរក្សាការពារសត្វព្រៃ ដើម្បីឲ្យសត្វព្រៃទាំងអស់នេះបានបន្តរស់នៅ ក៏ដូចជាបន្តពូជបន្ថែមទៀត៕

រូបភាពពី៖ អាជ្ញាធរជាតិអប្សារា៖







Tag:
 Thmey Thmey25
  សត្វទោច
  ក្រុងអង្គរធំ
© រក្សាសិទ្ធិដោយ thmeythmey.com