ជាតិ
ក្រុម​ឡា ឈូក ប្រមូល​សំណល់​ប្លា​ស្ទិ​ក​ច្នៃ​ជា​សម្លៀកបំពាក់​សម្រាប់​ក​ម្ម​វិធី​បង្ហាញ​ម៉ូដ​«​យាត្រា​០២»
22, Dec 2020 , 7:59 am        
រូបភាព
​ដោយ​៖ ស៊ុ​ល រ៉​វី​

​ឡា​ឈូក គ្រោង​ច្នៃ​សម្លៀកបំពាក់​ចំនួន​៤៦​ឈុត ចេញពី​សំណល់​ប្លា​ស្ទិ​ក ដែលមាន​ដូច្នេះ​វិល​ដប​ដែក ក្រវិល​ដប​ជ័រ បំពង់​បឺត​ជ័រ និង​ថង់​ប្លា​ស្ទិ​ក និង​បាវ​ស៊ីម៉ងត៍​ជាដើម សម្រាប់​កម្មវិធី​បង្ហាញ​ម៉ូដ​«​យាត្រា​០២»​។ បច្ចុប្បន្ន ក្រុម​នេះ កំពុង​ប្រកាស​ប្រមូល​សំណល់​ប្លា​ស្ទិ​ក​ពី​សាធារណជន ដើម្បី​ឲ្យ​ការកែច្នៃ​សម្លៀកបំពាក់​ពី​សំណល់​ប្លា​ស្ទិ​ក​របស់​ពួកគេ បាន​គ្រប់​ចំនួន​។​



​ក្រុម​ឡា​ឈូក (La Chhouk Recycled & Creative Fashion) កំពុង​ប្រមែប្រមូល​សំណល់​ប្លា​ស្ទិ​ក​ពី​សាធារណជន ដើម្បី​យកមក​ច្នៃ​ជា​សម្លៀកបំពាក់​។ តាមរយៈ​លោក អ៊ិត សុ​វណ្ណា​រាជ ជា​ស្ថាបនិក ឡា ឈូក បាន​ប្រាប់​សារព័ត៌មាន​Thmeythmey25 ការកែច្នៃ​សំណល់​ប្លា​ស្ទិ​ក ទៅជា​សម្លៀកបំពាក់​នេះ ក្នុង​គោលបំណង​បង្ហាញ ក៏ដូចជា​លើកទឹកចិត្ត​ដល់​មហាជន យល់ដឹង​ពី​ផលវិបាក​សំរាម​ប្លា​ស្ទិ​ក​មកលើ​បរិស្ថាន ព្រមទាំង​ការកាត់បន្ថយ និង​ការប្រើប្រាស់​ឡើងវិញ​តាមរយៈ​កម្មវិធី​បង្ហាញ​ម៉ូដ​នាពេល​ខាងមុខនេះ​។​


 
​តាម​លោក សុ​វណ្ណា​រាជ កម្មវិធី​បង្ហាញ​ម៉ូដ​នោះ​ឈ្មោះថា​យាត្រា ០២ ដែល​ក្រុម​ឡា ឈូក នេះ​គ្រោង​ច្នៃ​សម្លៀកបំពាក់​ដល់​ទៅ​៤៦​ឈុត ដែល​ដំណើរ​ការកែច្នៃ​នេះ ត្រូវការ​ពេល​ប្រមាណ​ជា ៣​ខែ និង​អ្នកចូលរួម​សកម្មភាព​ប្រហែល ៣០​នាក់​។ លោក​បន្ត​បន្ថែមទៀតថា​៖ «​យើង​ត្រូវការ​បរិមាណ​សំរាម​ប្លា​ស្ទិ​ក​ច្រើន ក្នុងការ​កាត់ដេរ​នេះ​។ ចំពោះ​បរិមាណ​ប៉ុន្មាន​នោះ គឺ​មិនអាច​ដឹង​ចំនួន​ជាក់លាក់​នោះទេ តែ​ខ្ញុំ​មាន​ជំនឿ​ចិត្ត​ថា ការប្រមូល​នេះ នឹង​គ្រប់គ្រាន់​សម្រាប់​យកមក​កែច្នៃ​»​។ 
 


​ស្ថាបនិក​វ័យក្មេង​រូបនេះ បន្ត ប្រាប់​សារព័ត៌មាន ThmeyThmey25 តាម​ទូរស័ព្ទ​ទៀតថា ឡា ឈូក នឹង​រក្សាទុក​សម្លៀកបំពាក់​កែច្នៃ​ទាំងនេះ​ទុក​មួយចំនួន ដើម្បី​កែច្នៃ​នាពេល​ក្រោយ​ទៀត ហើយ​មួយចំនួន​តៀ​ទៀត គឺ​សម្រាប់​ជួល និង​តាំង​បង្ហាញ​ពេល​មានកម្ម​វិធី​ពិព័រណ៍​ផ្សេងៗ​។​
 
​គួរ​រំលឹក​ផងដែរ​ថា ឡា ឈូក ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមនិស្សិត នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ក្នុង​បំណង​ថែរក្សា និង​ការស្ដារ​បរិស្ថាន​ឡើងវិញ​, គាំទ្រ​ការប្រើប្រាស់​ឡើងវិញ និង​និរន្ត​ភាព​, គាំទ្រ​សហគមន៍​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​, ផ្សព្វផ្សាយ​ពី​ឧស្សាហកម្ម​សម្លៀកបំពាក់ និង​ផ្សព្វផ្សាយ​សិល្បៈ​កម្ពុជា​។  ក្រុម​នេះ ធ្លាប់​បានរៀបចំ​កម្មវិធី​បង្ហាញ​ម៉ូដ​យាត្រា​នេះ ម្តង​រួចមកហើយ នៅក្នុង​ឆ្នាំ​២០១៩ ដោយ​កាលណោះ​មាន​អ្នកចូលរួម​ប្រមាណ​៤០០​នាក់​។ បើតាម លោក សុ​វណ្ណា​រាជ​ស្ថាបនិក​ក្រុម​ឡា​ឈូក ថវិកា​មួយផ្នែក​ដែល​បាន​ពី​ការលក់​សំបុត្រ​នៅក្នុង​កម្មវិធី​នោះ គឺ​ត្រូវបាន​ប្រើប្រាស់​ទៅលើ​កម្មវិធី​ដាំ​កូន​កោង​កាង ក្នង​សហគមន៍​មួយកន្លែង​នៃ​ខេត្តកំពត​៕














 
 

Tag:
 ThmeyThmey25
  អ៊ិត សុ​វណ្ណា​រាជ​
 ​ឡា​ឈូក​
  ប្លា​ស្ទិ​ក​
  សម្លៀកបំពាក់​
 ​យាត្រា​
© រក្សាសិទ្ធិដោយ thmeythmey.com