ជាតិ
ចិន​ផ្តល់​សម្ភារ​កាត់បន្ថយ​ការបញ្ចេញ​កាបូន​តម្លៃ ៣​លាន​ដុល្លារ​ដល់​កម្ពុជា​
22, Dec 2020 , 7:29 pm        
រូបភាព
លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​(​ស្តាំ​) និង​លោក​Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ជា​អធិបតីភាព​ក្នុង​ពិធី​ប្រគល់​សម្ភារ​កាត់បន្ថយ​ការបញ្ចេញ​កាបូន​តាមរយៈ​ក្រុមហ៊ុន​Spark Co.
លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​(​ស្តាំ​) និង​លោក​Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ជា​អធិបតីភាព​ក្នុង​ពិធី​ប្រគល់​សម្ភារ​កាត់បន្ថយ​ការបញ្ចេញ​កាបូន​តាមរយៈ​ក្រុមហ៊ុន​Spark Co.
​ភ្នំពេញ​៖ ក្រសួង​អេកូឡូស៊ី និង​បរិស្ថាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ផ្តល់នូវ​សម្ភារ​កាត់បន្ថយ​ការបញ្ចេញ​កាបូន តម្លៃ​ប្រមាណ​៣​លាន​ដុល្លារ ដល់​ក្រសួងបរិស្ថាន​។ សម្ភារ​កាត់បន្ថយ​ការបញ្ចេញ​កាបូន ដែល​កម្ពុជា​ទទួលបាន​ពី​ចិន នា​ថ្ងៃទី​២១​ធ្នូ ឆ្នាំ​២០២០ នោះ​មាន​អំពូល បំភ្លឺ​ផ្លូវ ២ ៨០០​ដើម​, សូ​ឡា PV២០០​គ្រឿង​, ម៉ូតូ​អាគុយ​២០០​គ្រឿង និង​ឧបករណ៍​សម្រាប់​មន្ទីរ​ពិសោធន៍​ត្រួតពិនិត្យ​គុណភាព​ខ្យល់ ចំនួន​២០​គ្រឿង​ទៀតផង​ដែរ​។

 
​ក្រសួងបរិស្ថាន បាន​ស្រង់​សម្តី​របស់លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ជា​អធិបតីភាព ក្នុង​ពិធី​ប្រគល់​សម្ភារ​កាត់បន្ថយ​ការបញ្ចេញ​កាបូន តាមរយៈ​ក្រុមហ៊ុន Spark Co., Ltd នេះ​ថា ជំនួយ​ជា​សម្ភារ​ទាំងនេះ គឺជា​ការ​រឹតចំណង​មិត្តភាពរ​វា​ង​ប្រទេស​ទាំងពីរ ហើយនឹង​ជួយ​កម្ពុជា​លើ​ផ្នែក​វិស័យ​បរិស្ថាន​។ 
 
​ជំនួយ​សម្ភារ​កាត់បន្ថយ​ការបញ្ចេញ​កាបូន ដែល​កម្ពុជា​ទទួលបាន​ពី​ប្រទេស​ចិន​នេះ គឺ​បាន​តាមរយៈ​អនុស្សរណៈ​យោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​គ​ម្រោ​ង​សាកល្បង បញ្ចេញ​កាបូន​តិច នៅ​ខេត្ត​ព្រះសីហនុ​។ នេះ​ជាការ​លើកឡើង​របស់លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ជា​អធិបតីភាព​ក្នុង​ពិធី​ប្រគល់​-​ទទួល​នូវ​សម្ភារ​ខាងលើ​ផងដែរ​នោះ  ដោយ​បញ្ជាក់ថា អនុស្សរណៈ​យោគយល់​គ្នា​នេះ បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​២០១៩ រវាង​ក្រសួងបរិស្ថាន និង​ក្រសួង​អេកូឡូស៊ី​និង​បរិស្ថាន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ 
 
​រដ្ឋមន្ត្រី​បរិស្ថាន បាន​រៀបរាប់ ប្រាប់​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ថា សម្ភារ​កាត់បន្ថយ​ការបញ្ចេញ​កាបូន​នេះ ចំពោះ​អំពូល​ភ្លើង​នឹងដាក់​ឱ្យប្រើ​ប្រាស់​នៅតាម​ទីសាធារណៈ​ក្នុង​ខេត្ត​ព្រះសីហនុ​។ ពិសេស​គឺ​បំភ្លឺ​នៅតាម​សាលារៀន​នានា​ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បីឱ្យ​សិស្សានុសិស្ស​បាន​សិក្សា​ពី​សម្ភារ​ប្រើប្រាស់​ថាមពលព្រះអាទិត្យ​។ សម្រាប់​ម៉ូតូ​អាគុយ​និង​ឧបករណ៍​សម្រាប់​ត្រួតពិនិត្យ​គុណភាព​ខ្យល់ ត្រូវបាន​យកមកប្រើ​ប្រាស់​នៅ​ទីស្តីការ​ក្រសួងបរិស្ថាន នៅ​មន្ទី​ពិសោធន៍​និង​តាម​ទីតាំង​ត្រួតពិនិត្យ​តាមដាន​របស់​ក្រសួងបរិស្ថាន​។​
 
​ក្រសួងបរិស្ថាន​សូម​លើកទឹកចិត្ត​ដល់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​ឱ្យចូល​រួម​សកម្មភាព​លើកកម្ពស់​ការយល់ដឹង​អំពី​បរិស្ថាន ពង្រឹងសមត្ថភាព​បង្ការ ទប់ស្កាត់ និង​ចាត់វិធានការ​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​នៅ​ប្រទេស​កម្ពុជា ដើម្បី​និរន្តរភាព​ទីក្រុង​ស្អាត មាន​មេត្រីភាព​បរិស្ថាន ទីក្រុង​បៃតង ដើម្បី​ភាព​សុ​ខុ​ដុមរ​មនា​បរិស្ថាន និង​កា​រស់នៅ​ដោយ​ចីរភាព​។ បើតាម​លោក សាយ សំ​អាល់​។ 
 
​ចាប់តាំងពី​ឆ្នាំ​២០១៥ ដល់ ២០២០ ក្រសួងបរិស្ថាន សម្រេចបាន​អនុស្សរណៈ​យោគយល់ និង​កិច្ចព្រមព្រៀង​ជាមួយ​ស្ថាប័ន​សំខាន់ៗ​នៃ​សារ​ធា​រណៈ​រដ្ឋ​ប្រជាមានិត​ចិន​ចំនួន​៨​។ ក្នុងនោះ​មាន កិច្ចសហប្រតិបត្តិការ​គាំពារ​បរិស្ថាន​កម្ពុជា​-​ចិន​, ការបង្កើត​ការិយាល័យ​រៀបចំ​មជ្ឈមណ្ឌល​កិច្ចសហប្រតិបត្តិការ​ប​រិ​ស្ថាន​កម្ពុជា​-​ចិន​, ការផ្ដល់​ជំនួយ​ឧបករណ៍​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​, កិច្ចសហប្រតិបត្តិការ​សាកល្បង​ក្នុងការ​អភិរក្ស​ជីវៈចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី​, ការរៀបចំ​មន្ទីរពិសោធន៍​សហ​ប្រតិ​ប​ត្ដិ​ការ កម្ពុជា​-​ចិន​, ការរៀបចំ​តំបន់​បញ្ចេញ​កាបូន​តិច និង​ការ​ផ្ដល់ជំនួយ​ស្ថានីយ​តាមដាន​គុណ​ទឹក​ស្វ័យប្រវត្តិ ជាដើម​៕ 
 

Tag:
 កាបូន​
  ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com