COVID-19
ជាតិ
កម្ពុជាសល់​អ្នកជំងឺ​កូ​វីដ​-១៩​តែ​១៤​នាក់ ក្រោយ​មនុស្ស​២​នាក់​ទៀត​សះស្បើយ​
23, Dec 2020 , 9:12 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​ប្រកាស នៅ​ថ្ងៃទី​២៣ ខែធ្នូ មាន​ករណី​ជាសះស្បើយ​ចំនួន​២​នាក់ ដោយ​ម្នាក់​ជា​ស្ត្រីជន​ជាតិខ្មែរ ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា និង​ម្នាក់ទៀត ជា​បុរស​ខ្មែរ​ដែល​ធ្វើដំណើរ​មកពី​ប្រទេស​ជប៉ុន​។ ចំនួន​២​នាក់ ដែលជា​សះស្បើយ​ថ្ងៃនេះ ធ្វើ​ឲ្យ​កម្ពុជា​នៅសល់​អ្នកជំងឺ​តែ​១៤​នាក់​ទៀត​។

 
​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា អ្នកជំងឺ​ដែលជា​សះស្បើយ​២​នាក់​នោះ ដោយ​ស្ត្រីជន​ជាតិខ្មែរ អាយុ​២១​ឆ្នាំ ស្នាក់នៅ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដែលជា​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​។ អ្នកជា​សះស្បើយ​ម្នាក់ទៀត ជា​បុរស​ខ្មែរ អាយុ​២៦​ឆ្នាំ ជា​អ្នកដំណើរ​មកពី​ប្រទេស​ជប៉ុន ចូលមក​កម្ពុជា​នៅ​ថៃ្ង​ទី​១៨ ខែវិច្ឆិកា ស្នាក់នៅ​ស្រុក​ដងទង់ ខេត្តកំពត​។  
 
​អ្នកជា​សះស្បើយ​ទាំងពីរ​នាក់​នេះ ត្រូវបាន​ក្រសួងសុខាភិបាល អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ ក្រោយពី​បានធ្វើ​តេស្ត​អវិជ្ជមាន​កូ​វីដ​-១៩ ចំនួន​២​លើក​។ ក្រសួងសុខាភិបាល នៅថ្ងៃនេះ ក៏បាន​ប្រកាសថា ពុំមាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ឡើយ​។ 
 
​គិត​ត្រឹម​ថ្ងៃទី​២៣ ខែធ្នូ​នេះ អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩ ដែលជា​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា មាន​ចំនួន​៣២​នាក់​ហើយ ក្នុងចំណោម​អ្នក​ឆ្លង​សរុប​ចំនួន​៤១​នាក់ នៅសល់តែ​អ្នកជំងឺ​៩​នាក់​ទៀត កំពុង​បន្ត​ការព្យាបាល​។ 
 
​បច្ចុប្បន្ន កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន​៣៦៣​នាក់ ក្នុងនោះ​ជាសះស្បើយ ៣៤៩​នាក់ ។ ចំណែក​អ្នកជំងឺ​នៅសល់​១០​នាក់​ទៀត កំពុង​បន្ត​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត , រីឯ​១​នាក់​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ និង​៣​នាក់​ទៀត​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺរបេង និង​ហង់​សិន​៕ 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com