COVID-19
ជាតិ
​កម្ពុជា​ស្ថិត​ក្នុងចំណោម​៩២​ប្រទេស​ដែល​នឹង​ទទួលបាន​ថ្នាំ​បង្ការ​កូ​វីដ​-១៩​ពី​យូ​នី​សេ​ហ្វ​
23, Dec 2020 , 8:29 pm        
រូបភាព
​អង្គការ​យូ​នី​សេ​ហ្វ ក្រោម​សហការ​ជាមួយ​ន​សម្ព័ន្ធ​ថ្នាំ​បង្ការ​សកល (Gavi) និង​អង្គការ​សុខភាព​ពិភពលោក (WHO)  កំពុង​គាំទ្រ​ដល់​ប្រទេស​មាន​ចំណូល​ទាប និង​ចំណូល​មធ្យម​កម្រិត​ទាប ដើម្បី​ត្រៀម​ទទួល​ថ្នាំ​បង្ការ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ឆ្នាំ​២០២១​។ កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស​៩២​ដែលជា​គោលដៅ​ត្រូវ​ទទួលបាន​។​

 
​យូ​នី​សេ​ហ្វ ដាក់ចេញ​ផែនការ​ដឹកជញ្ជូន​ថ្នាំ​បង្ការ​ជំងឺ​កូ​វីដ​-១៩ ឲ្យ​បាន​រហូតដល់ ៨៥០ តោន​ក្នុង​មួយខែ នា​ឆ្នាំ​២០២១ តាមរយៈ​យន្តការ COVAX នៅក្នុង​ប្រតិបត្តិការ​ភស្តុភារ «​ខ្នាត​ធំ​ជា​ប្រវត្តិសាស្ត្រ​»​។ នេះ​បើ​សេចក្តីប្រកាស​ព័ត៌មាន​ពី​ក្រុង​ញូវយ៉ក នា​ថ្ងៃទី​២២ ខែធ្នូ ដោយ​បញ្ជាក់ថា បរិមាណ​ថ្នាំ​បង្ការ​ដែល​ត្រូវ​ដឹកជញ្ជូន​នេះ គឺ​អាស្រ័យ​ទៅតាម​ថ្នាំ​បង្ការ​ដែល​ផលិត​បាន​។​


 
​តាម​ការវាយតម្លៃ​ជាស​កល កម្ពុជា គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​ចំណូល​ទាប និង​ចំណូល​មធ្យម​កម្រិត​ទាប​ចំនួន​៩២​ប្រទេស​ដែល​យូ​នី​សេ​ហ្វ​នឹង​ដឹកជញ្ជូន​ថ្នាំ​បង្ការ​ផ្តល់ជូន  ក្រោម​កិច្ចដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ដោយ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​។ 
 
​លោកស្រី ហិន​រីតា ហ្វ​រ នាយិកា​ប្រតិបត្តិ​យូ​នី​សេ​ហ្វ បាន​មានប្រសាសន៍ថា​៖ «​នេះ​គឺជា​ប្រតិបត្តិការ​ដ៏​ធំ​សម្បើម​ជា​ប្រវត្តិសាស្ត្រ​។ នេះ​គឺជា​កិច្ចការ​ដែលមាន​ទំហំ​ធំ​ហើយនឹង​ផ្ដល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដែល​មិន​ធ្លាប់មាន​ពីមុនមក ប៉ុន្តែ​យើង​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​បំពេញ​កិច្ចការ​នេះ​»​។​
​នៅ​កម្ពុជា យូ​នី​សេ​ហ្វ​កំពុងធ្វើការ​ជាមួយ​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ដើម្បី​ត្រៀម​រៀបចំ​ក្នុងការ​ផ្គត់ផ្គង់​ថ្នាំ​បង្ការ​នេះ​។ នៅ​ថ្នាក់ក្រោម​ជាតិ យូ​នី​សេ​ហ្វ​នឹង​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការ​កៀរគរ និង​បំផុស​ចលនា​សហគមន៍​ក្នុង​ការជួយ​ពិនិត្យ​តាមដាន​ការ​យុទ្ធនា​ការចាក់​ថ្នាំ​បង្ការ​ផងដែរ​។​
 
​ការវាយតម្លៃ​បាន​រកឃើញថា ក្រុមហ៊ុន​អាកាសចរណ៍​ពាណិជ្ជកម្ម នឹង​អាច​ដឹកជញ្ជូន​ថ្នាំ​បង្ការ​ទៅកាន់​ប្រទេស​ស្ទើរតែ​ទាំង ៩២​ប្រទេស ជាមួយនឹង​ការប៉ាន់ប្រមាណ​ថវិកា​ចំណាយ​រហូតដល់​៧០​លាន​ដុល្លារ​អាមេរិក​។ ប្រទេស​ទាំងនេះ​ស្ថិត​ក្នុងចំណោម​ប្រទេស​ចំនួន​១៩០ ដែល​ចូលរួម​នៅក្នុង​កម្មវិធី​COVAX ។​
 


«​សុវត្ថិភាព​ដឹកទំនិញ​តាមផ្លូវ​អាកាស​នាពេល​បច្ចុប្បន្ន គឺអាច​គ្រប់គ្រាន់​ក្នុងការ​ដឹកជញ្ជូន​ថ្នាំ​បង្ការ​សម្រាប់​ផ្តល់ជូន​ប្រជាពលរដ្ឋ ២០% ក្នុងប្រទេស​ភាគច្រើន ក្នុងចំណោម​ប្រទេស​ទាំង​៩២ នោះ​»​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​យូ​នី​សេ​ហ្វ ដោយ​អះអាង​ពី​ការប្រឹងប្រែង​ពង្រឹង​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍ និង​ក្រុមហ៊ុន​ភស្តុភារ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ​ផ្ដល់​អាទិភាព​ដល់​ការដឹកជញ្ជូន​ថ្នាំ​បង្ការ​ជំងឺ​កូ​វីដ​-១៩ ទៅ​ទូទាំង​សកលលោក​។​
 
​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​នៅក្នុង​ប្រតិបត្តិការ​ដឹកជញ្ជូន​ថ្នាំ​បង្ការ​ជំងឺ​កូ​វីដ​-១៩ គឺ​សមត្ថភាព​នៃ​ប្រព័ន្ធ​ស្តុក​ដែល​អាច​រក្សា​សីតុណ្ហភាព​ត្រជាក់​បាន​នៅក្នុង​ស្រុក សម្រាប់​រក្សា​ថ្នាំ​បង្ការ​នៅតាម​ប្រទេស​ដែលមាន​ចំណូល​ទាប និង​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប​មួយចំនួន​។ 
 
​យូ​នី​សេ​ហ្វ អង្គការ​សុខភាព​ពិភពលោក និង Gavi ដែលជា​សម្ព័ន្ធ​ថ្នាំ​បង្ការ​សកល​បានរៀបចំ​សេចក្ដីណែនាំ​ស្ដីពី​ការផ្គត់ផ្គង់ និង​ប្រជា​មួយ​នឹង​ការប៉ាន់ប្រមាណ​ថវិកា​ចំណាយ​រហូតដល់​៧០​លាន​ដុល្លារ​អាមេរិក​។ ដោយសារតែ​ថ្នាំ​បង្ការ​ជំងឺ​កូ​វីដ​-១៩ ត្រូវការ​រក្សាទុក​ក្នុង​សីតុណ្ហភាព​ដែល​បានកំណត់​មួយ ប្រទេស​នានា​ចាំបាច់​ត្រូវ​បន្ត​បណ្ដុះបណ្ដាល​ដល់​អ្នកជំនាញ​ផ្នែក​ភស្តុភារ និង​ភ្នាក់ងារ​សុខាភិបាល​អំពី​របៀប​រក្សាទុក​ថ្នាំ​បង្ការ​ជំងឺ​កូ​វីដ​-១៩ នៅ​សីតុណ្ហភាព​ដែល​ត្រឹមត្រូវ​៕
 
 

Tag:
 ថ្នាំ​បង្ការ​
  UNICEF
© រក្សាសិទ្ធិដោយ thmeythmey.com