COVID-19
ជាតិ
អ្នកជំងឺ​កូ​វីដ​-១៩ ២​នាក់​ទៀត​សះស្បើយ ដែលជា​អ្នក​ឆ្លង​សហគមន៍​ម្នាក់ និង​នាំចូល​ម្នាក់​
24, Dec 2020 , 8:59 am        
រូបភាព
ភ្នំពេញ​៖  នា​ព្រឹក​ថ្ងៃទី​២៤​ធ្នូ ក្រសួងសុខាភិបាល​ប្រកាស មាន​ករណី​ជាសះស្បើយ​ចំនួន​២​នាក់ ដោយ​ម្នាក់​ជា​ស្ត្រីជន​ជាតិខ្មែរ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា និង​ម្នាក់ទៀត ជា​បុរស​ជនជាតិខ្មែរ​-​អាមេរិក បានធ្វើ​ដំណើរ​មកពី​ប្រទេស​ចិន​។ អ្នក​ទាំងពីរ ដែលជា​សះស្បើយ​នេះ បានធ្វើឱ្យ​កម្ពុជា​នៅសល់​អ្នកជំងឺ​-១៩ ចំនួន​១២​នាក់​ទៀត ខណៈ​គ្មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​នេះ ៣​ថ្ងៃ​មកហើយ​។

 
​អ្នកជំងឺ​ដែលជា​សះស្បើយ​២​នាក់​នោះ មាន​ស្ត្រីជន​ជាតិខ្មែរ អាយុ​៣០​ឆ្នាំ ស្នាក់នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ជា​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​។ រីឯ​អ្នកជា​សះស្បើយ​ម្នាក់ទៀត ជា​បុរស​ជនជាតិខ្មែរ​-​អាមេរិក វ័យ​៥៤​ឆ្នាំ ជា​អ្នកដំណើរ​មកពី​ប្រទេស​ចិន ចូលមក​កម្ពុជា​នៅ​ថៃ្ង​ទី​២០​វិច្ឆិកា ស្នាក់នៅ​សង្កាត់​ផ្សារ​ថ្មី ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា អ្នក​ទាំងពីរ​នាក់​នេះ ត្រូវបាន​អនុញ្ញាតឱ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ ក្រោយពី​បានធ្វើ​តេស្ត​អវិជ្ជមាន​កូ​វីដ​-១៩ ចំនួន​២​លើក​។ 
 
​គិត​ត្រឹម​ថ្ងៃទី​២៤​ធ្នូ ឆ្នាំ​២០២០ អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩ ដែលជា​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា មាន​ចំនួន​៣៤​នាក់​ហើយ ក្នុងចំណោម​អ្នក​ឆ្លង​សរុប​ចំនួន​៤១​នាក់ ខណៈ​អ្នកជំងឺ​៩​នាក់​ទៀត កំពុង​បន្ត​ការព្យាបាល​។ 
 
​បច្ចុប្បន្ន កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប​៣៦៣​នាក់ ក្នុងនោះ​ជាសះស្បើយ ៣៥១​នាក់​។ ចំណែក​អ្នកជំងឺ​នៅសល់​១២​នាក់​ទៀត កំពុង​បន្ត​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​, មណ្ឌល​សុខភាព​ចាក់អង្រែ និង​នៅ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺរបេង និង​ហង់​សិន​៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com