ក្រសួងមហាផ្ទៃបារាំង នៅថ្ងៃទី២២ ខែធ្នូ បានអំពាវនាវគ្រូពេទ្យនៅបារាំងទាំងអស់ ដែលបានលះបង់កម្លាំងកាយដើម្បីប្រឆាំងជំងឺកូវីដ-១៩ មកដាក់ពាក្យចូលជាសញ្ជាតិបារាំង។ បើតាមរដ្ឋាភិបាលបារាំង នេះជាការលើកទឹកចិត្តមួយសម្រាប់ក្រុមគ្រូពេទ្យ ដែលបានប្រយុទ្ធប្រឆាំងកូវីដ-១៩ នៅក្នុងប្រទេសអឺរ៉ុបមួយនេះ។
ក្រុមគ្រូពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ ត្រូវបានចាត់ទុកថា ជាក្រុមរងគ្រោះខ្លាំងជាងគេ ដែលមានការប៉ះពាល់ជាមួយនឹងកូវីដ-១៩។ ជាក្រុមគ្រូពេទ្យជួរមុខ អត្រានៃការឆ្លងជំងឺក៏មានកម្រិតខ្ពស់ និងប្រឈមទៅដល់ករណីស្លាប់ថែមទៀត។ កន្លងមក ក្រុមគ្រូពេទ្យ ដូចជា វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាជាច្រើន ក៏ទទួលមរណភាពដែរ ដោយសារកូវីដ-១៩ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។
ដើម្បីជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យដែលមិនមែនជាជនជាតិបារាំង និងបានចូលរួមប្រយុទ្ធប្រឆាំងនៅក្នុងប្រទេស ក្រសួងមហាផ្ទៃ បានអញ្ជើញប្រជាជនទាំងនោះ ឲ្យដាក់ពាក្យទទួលបានសញ្ជាតិបារាំងតាមវិធីលឿន។
«អ្នកជំនាញខាងសុខាភិបាល, បុគ្គលិកសម្អាតស្ត្រី, បុគ្គលិកថែទាំកុមារ និងបុគ្គលិកត្រួតពិនិត្យ សុទ្ធតែបានបង្ហាញការប្តេជ្ញាចំពោះប្រជាជាតិមួយនេះ»។ លោកស្រីMarlene Schiappa រដ្ឋមន្ត្រីផ្តល់សញ្ជាតិបារាំង បានលើកឡើងបែបនេះ ដោយបន្ថែមថា វាដល់ពេលបារាំង ត្រូវតបស្នងដល់អ្នកទាំងនោះវិញហើយ។
ដើម្បីទទួលបានសញ្ជាតិបារាំង ក្រុមគ្រូពេទ្យថែទាំអ្នកជំងឺកូវីដ-១៩ ត្រូវរស់នៅក្នុងប្រទេសបារាំងបានរយៈពេល ២ឆ្នាំ ខណៈជាធម្មតា ដើម្បីទទួលបានសញ្ជាតិបារាំង អ្នករស់នៅក្នុងប្រទេសមួយនេះ ត្រូវស្នាក់នៅឲ្យបានរយៈពេល ៥ឆ្នាំ មានចំណូលស្ថិរភាព និងការប្តេជ្ញាចិត្តជាមុនសិន មុននឹងទទួលបានសញ្ជាតិបារាំង ឬអាចដាក់ពាក្យស្នើសុំសញ្ជាតិបាន។
គំនិតផ្តួចផ្តើមទទួលបានសញ្ជាតិបារាំងនេះ ត្រូវបានប្រកាសជាលើកដំបូង នៅក្នុងខែកញ្ញាកន្លងទៅ។ មនុស្សចំនួន ៧៤នាក់ បានកាន់លិខិតឆ្លងដែនបារាំងរួចហើយ ខណៈពេលមនុស្សចំនួន ៦៩៣នាក់ ស្ថិតនៅដំណាក់កាលចុងក្រោយនៃការទទួលបានសញ្ជាតិ។ ប្រជាជនសរុប ២៨៩០នាក់ បានដាក់ពាក្យស្នើសុំសញ្ជាតិបារាំង។
នេះមិនមែនជាលើកទីមួយទេ ដែលបារាំងបានផ្តល់សញ្ជាតិ ដល់អ្នកដែលបានលះបង់ដល់ប្រទេសអឺរ៉ុបមួយនេះ។ នៅក្នុងឆ្នាំ២០១៨ កន្លងទៅ ជនជាតិម៉ាលីម្នាក់ ក៏ទទួលបានសញ្ជាតិបារាំងផងដែរ បន្ទាប់ពីជួយសង្គ្រោះក្មេងប្រុសម្នាក់ ដែលរៀបធ្លាក់ពីលើបង្កាន់ដៃនៅក្នុងទីក្រុងប៉ារីស។
សូមបញ្ជាក់ថា បើធៀបនឹងឆ្នាំ២០១៨ ការផ្តល់សញ្ជាតិបារាំងតាមលក្ខខណ្ឌនៅក្នុងឆ្នាំ ២០១៩ បានធ្លាក់ចុះ ១០ភាគរយ។ នៅក្នុងឆ្នាំ២០១៩ ការផ្តល់សញ្ជាតិតាមលក្ខខណ្ឌមានចំនួន ៤៨៣៥៨នាក់ប៉ុណ្ណោះ ខណៈនៅឆ្នាំ២០១៨ មានចំនួន ៥៤១០៤នាក់៕