COVID-19
អន្តរជាតិ
ថៃ ចែក​ប្រទេស​ជា​បួន​តំបន់ ដើម្បី​ងាយស្រួល​ទប់ស្កាត់​កូ​វីដ​-១៩
24, Dec 2020 , 5:06 pm        
រូបភាព
បុគ្គលិកថៃ បាញ់ទឹកលាងសម្អាតផ្សារលក់គ្រឿងសមុទ្រ ដែលជាកន្លែងផ្ទុះកូវីដ-១៩ ខ្លាំង។ រូបភាព៖ Bangkok Post
បុគ្គលិកថៃ បាញ់ទឹកលាងសម្អាតផ្សារលក់គ្រឿងសមុទ្រ ដែលជាកន្លែងផ្ទុះកូវីដ-១៩ ខ្លាំង។ រូបភាព៖ Bangkok Post
​គ្មាន​ឡើយ​ករណី​បិទ​ប្រទេស បើទោះបីជា​ករណី​ឆ្លង​នៅតែ​បន្ត​កើតមាន​ក៏ដោយ​។ ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​ស្ថានការណ៍​កូ​វីដ​-១៩ នៅក្នុង​ប្រទេស ថៃ​បាន​បែងចែក​តំបន់​ចំនួន ៤ ដែល​ដាក់​តំណាង​ដោយ​ពណ៌​៤ ដែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​កូ​វីដ​-១៩ ថៃ (CCSA) លោក Taweesilp Visanuyothin នៅ​ថ្ងៃទី​២៤ ខែធ្នូ​។

 
​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​កូ​វីដ​-១៩ ថៃ បាន​អះអាងថា ថៃ​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ ថ្មី​ចំនួន ៦៧​ករណី បន្ថែមទៀត ដោយ ៥៥ ករណី​មាន​ទាក់ទិន​នឹង​ខេត្ត​សមុទ្រ​សាគរ​, ១​ករណី​ពាក់ព័ន្ធ​នឹង​ខេត្ត​តាក់ និង​ពីរ​ករណី​ទៀត មកពី​តំបន់​ដែលមាន​មនុស្ស​ជួបជុំ​ច្រើន​។  ចំណែក ៩​ករណី​ទៀត គឺជា​ករណី​ឆ្លង​មកពី​ក្រៅប្រទេស​។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The Nation ក្នុងចំណោម​ករណី​ថ្មី​នេះ ក៏មាន​ស្ត្រី​ខែ្ម​រវ័យ ១៩​ឆ្នាំ ដែល​បាន​រកឃើញថា ចូល​ប្រទេស​ថៃ​ខុសច្បាប់​នៅ​ថ្ងៃទី​១៧ ខែធ្នូ និង​មិន​ចេញ​រោគសញ្ញា​។ 
 
​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​កូ​វីដ​-១៩ នៅក្នុង​ប្រទេស CCSA បានដាក់​ចេញ​តំបន់​ចំនួន ៤ ដោយ​ផ្អែក​ទៅតាម​ស្ថានភាព​កូ​វីដ​-១៩ នៅក្នុង​តំបន់​នីមួយៗ ដោយ​តំបន់​ទាំងនោះ​មានដូចជា ក្រហម​, ទឹកក្រូច​, លឿង និង​បៃតង​។ ចំណាត់ការ​នេះ ត្រូវដាក់​ឲ្យ​អនុវត្ត​ភ្លាមៗ​។ 
 
​តំបន់​ក្រហម ជា​តំបន់​ដែលមាន​ករណី​ឆ្លង​កូ​វីដ​-១៩ ច្រើន និង​មាន​អត្រា​ឆ្លង​កូ​វីដ​-១៩ ខ្ពស់​។ សាមុត​សា​ខន ជា​ខេត្ត​មួយ​ប៉ុណ្ណោះ​ក្នុង​តំបន់​នេះ ជាមួយនឹង​ការគ្រប់គ្រង​ស្ថិតក្នុង​ភាព​តឹងរ៉ឹង​បំផុត​។ អ្នក​ឆ្លង និង​អ្នក​ដែល​អាច​ផ្ទុក​ជំងឺ នឹងត្រូវ​វាយតម្លៃ​ឲ្យ​បាន​លឿន​បំផុត ដើម្បី​ដាក់​ច​ត្តា​ឡី​ស័ក និង​ព្យាបាល​។ ការដឹក​កម្មករ​ចេញ​ពី​តំបន់​នេះ ត្រូវ​ហាមឃាត់ ស្របពេល​ការងារ និង​ការសិក្សា ត្រូវធ្វើ​មកពី​ផ្ទះ​។ សកម្មភាព​នេសាទ​អាច​បន្តបាន ប៉ុន្តែ​កម្មករ​នេសាទ ត្រូវធ្វើ​តេស្តរ​កកូ​វីដ​-១៩ ឲ្យ​បាន​ញឹកញាប់​។ 
 
​តំបន់​បន្ទាប់ តំណាង​ដោយ​ពណ៌​ទឹកក្រូច ជា​ក្រុម​ខេត្ត​ដែលមាន​ករណី​ឆ្លង​ច្រើនជាង​១០ និង​កំពុងតែ​កើនឡើង​។ ការដឹកជញ្ជូន​កម្មក​រ​ចេញពី​តំបន់​នេះ ត្រូវបាន​ហាមឃាត់​ដែរ​។ ក្នុង​តំបន់​ទឹកក្រូច​នេះ ការអបអរ​ចូលឆ្នាំថ្មី ត្រូវបាន​ឃា​ម​ឃាត់ លើកលែង​តាម​ប្រព័ន្ធ​អន​ឡាញ​។ ពិធីជប់លៀង អាចធ្វើ​បាន តែ​ត្រូវ​កម្រិត​ចំនួន​មនុស្ស​។ តំបន់​នេះ មាន​ខេត្ត​ក្រុង​នៅជាប់ និង​ជុំវិញ​ខេត្ត​សាមុត​សា​ខន ដូចជា​ទីក្រុង​បាងកក​, សមុទ្រ​សង្គ្រាម​, រាជបុរី និង​នគរ​បឋម​ជាដើម​។ 
 
​ដោយឡែក​តំបន់​ពណ៌​លឿង​វិញ ជា​តំបន់​ស្ថិតក្រោម​ការត្រួតពិនិត្យ​កម្រិត​ខ្ពស់ ដោយ​តំបន់​នេះ​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ មិន​ច្រើនជាង ១០​ករណី និង​ករណី​ឆ្លង​ស្ថិតក្រោម​ការគ្រប់គ្រង​។ ខេត្ត​ក្នុង​តំបន់​ពណ៌​លឿង​នេះ មាន​ចំនួន​២៥​ខេត្ត​។ 
 
​តំបន់​ចុងក្រោយ គឺ​តំបន់​បៃតង ដែល​គ្មាន​ករណី​ឆ្លង និង​ជា​តំបន់​អាចមាន​ករណី​ឆ្លង​។ តាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ CCSA ការអបអរ​ឆ្នាំ​ថ្មី អាចធ្វើ​ឡើង​ក្នុង​តំបន់ ពណ៌​លឿង និង​ពណ៌​បៃតង ប៉ុន្តែ​ការជួបជុំ ត្រូវមាន​ចំនួន​មនុស្ស​តិច​។ យ៉ាងណាក៏ដោយ តំបន់​ខាងលើនេះ អាច​នឹងមាន​ការប្រែប្រួល អាស្រ័យ​លើ​ការ​ស្ថានការណ៍​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​។ 
 
​នៅ​ថ្ងៃទី​២៣ ខែធ្នូ ឡាវ បាន​ផ្អាក​ការ​នាំចូល​គ្រឿង​សមុទ្រ​មកពី​ថៃ​បណ្តោះអាសន្ន​សិន ដោយសារតែ​ករណី​ឆ្លង​កូ​វីដ​-១៩ ផ្ទុះឡើង​នៅក្នុង​ផ្សារ​លក់​គ្រឿង​សមុទ្រ​មួយ ក្នុង​ខេត្ត​សមុទ្រ​សាគរ​។ ឡាវ​នឹង​ប្រកាស​នាំចូល​គ្រឿង​សមុទ្រ​មកពី​ថៃ​វិញ រហូតដល់​ស្ថានការណ៍​កូ​វីដ​-១៩ ស្ងប់ស្ងាត់​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​២៤ ខែធ្នូ ថៃ​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​ចំនួន ៥៨២៩​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ៦០​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ៤១១៦​នាក់​៕ 

Tag:
 ថៃ​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com