ជាតិ
ក្រសួងផែនការ ដក​បណ្ណ​សមធម៌​ពី​ពលរដ្ឋ​ក្រីក្រ​១.៤​ម៉ឺន​គ្រួសារ​វិញ ក្រោយ​ជីវភាព​ប្រសើរឡើង
25, Dec 2020 , 8:59 am        
រូបភាព
ក្រុមការងារ​ចម្រុះ​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ក្រសួងផែនការ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នៃ​ការធ្វើ​បណ្ណ​សមធម៌​របស់​គ្រួសារ​ក្រីក្រ ដែលជា​ក្រុមគ្រួសារ​សាច់ញាតិ​របស់​លោក​មេឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​៣១ កក្កដា ២០២០​។​(​រូប​ពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​សង្គមកិច្ច
ក្រុមការងារ​ចម្រុះ​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ក្រសួងផែនការ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នៃ​ការធ្វើ​បណ្ណ​សមធម៌​របស់​គ្រួសារ​ក្រីក្រ ដែលជា​ក្រុមគ្រួសារ​សាច់ញាតិ​របស់​លោក​មេឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​៣១ កក្កដា ២០២០​។​(​រូប​ពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​សង្គមកិច្ច
​ភ្នំពេញ​៖ ក្រុមការងារ​ក្រសួងផែនការ​ងារ បាន​ដក​បណ្ណ​សមធម៌​ពី​ពលរដ្ឋ​ក្រីក្រ​ជាង​១.៤​ម៉ឺន​គ្រួសារ ក្រោយ​រកឃើញថា ពួកគេ​មាន​ជីវភាព​ប្រសើរ​ឡើងវិញ ។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក ស្រី ដា អ្នកនាំពាក្យ​ក្រសួងផែនការ​ងារ​។​



​លោក ស្រី ដា បានបញ្ជាក់​ប្រាប់​ក្រុម​សារព័ត៌មាន​ក្នុង​ប្រព័ន្ធ Telegram ថា ចាប់តាំងពី​ដំណើរការ​ធ្វើ​ប​ណ្ណស​ម៌​មកដល់ពេលនេះ បានឃើញ​ភាពមិនប្រក្រតី​ជាង​១.៤​ម៉ឺន​ករណី​។ បើតាម​លោក ដា ក្រុមការងារ​របស់​ក្រសួង កំពុង​បន្ត​ចុះ​ពិនិត្យ​ភាពមិនប្រក្រតី​និង​ធ្វើ​បណ្ណ​សមធម៌​បន្ថែម​ដល់​ពលរដ្ឋ​។ 
 
​អ្នកនាំពាក្យ​រូបនេះ ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ក្រសួងផែនការ​នៅតែ​បន្ត​ដោះស្រាយ​នូវ​រាល់​បាតុភាព​ដែល​កើតមានឡើង​ក្នុងការ​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ យើង​មាន​ក្រុមការងារ​ទទួលខុសត្រូវ​អនុវត្ត​ភ្លាមៗ​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ភាពមិនប្រក្រតី​នោះ តាម​បណ្តាញសារព័ត៌មាន ,​ការរាយការណ៍​ណាមួយ​, តាម​បណ្តាញ​ទំនាក់ទំនង​សង្គម ហើយ​ក្នុង​នេះដែរ​យើង​នៅតែ​បន្ត​ស្វែងរក​គ្រួសារ​ដែល​បាន​កំពុង​ធ្លាក់ខ្លួន​ក្រីក្រ​ក្នុងអំឡុងពេល​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​នេះ​»​។​
 
​កន្លងមក​លោក ស្រី ដា ធ្លាប់បាន​បញ្ជាក់ថា ភាពមិនប្រក្រតី​នៃ​ការធ្វើ​បណ្ណសម​ធម៌​ខ្លះ គឺ​កើតឡើង​ដោយសារ​ការយោគយល់​និង​ខ្វះ​ការពិនិត្យ​ពី​សំណាក់​អាជ្ញាធរ​។ ក្រសួង​ក៏បាន​ព្រមាន​និង​ណែនាំ​អាជ្ញាធរ​លើ​បញ្ហា​ការងារ​ទាំង​នេះដែរ​។ 
 
​លោក​តូច ចាន់នី ក៏​ធ្លាប់​បញ្ជាក់ដែរថា ចំពោះ​គ្រួសារ​ដែល​កាន់​បណ្ណ​សមធម៌​រកឃើញ​ភាពមិនប្រក្រតី​ទាំងអស់ គឺ​ត្រូវបាន​ហូត​បណ្ណ​វិញ ហើយ​បញ្ឈប់​ការ​ឧ​ប​ត្ត​ម្ភ​ប្រចាំខែ​។ ដោយឡែក​ប្រាក់​ដែល​គ្រួសារ​ទាំងនោះ​បាន​បើក​យក​កន្លងមក គឺ​ក្រុមការងារ​មិន​ប្រមូល​ត្រឡប់​យក​វិញ​ឡើយ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​តវ៉ា​ណាមួយ​កើតឡើង​។ 
 
​បើតាម​លោក តូច ចាន់នី បញ្ហា​ប្រឈម​ដែល​តែងតែ​កើតមាន​ពាក់ព័ន្ធ​នឹង​ការបើក​ប្រាក់ឧបត្ថម្ភ​នេះ ភាគច្រើន​មកពី​ពលរដ្ឋ​បន្លំ​ជា​ជនក្រីក្រ​, កន្លែង​ដក​ប្រាក់​បន្លំ​ដក​សេវាកម្ម ,​បាត់​បណ្ណ​សមធម៌ និង​ពលរដ្ឋ​ខ្លះ​ផ្លាស់ប្តូរ​ជីវភាព​ប្រសើរឡើង​ជាដើម​។​
 
​សូមជម្រាបថា ការឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ​និង​ជន​ងាយ​រងគ្រោះ រដ្ឋាភិបាល​បានសម្រេច​បន្ត​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជុំ​ទី​៤ ដែលមាន​រយៈពេល​៤​ខែ​បន្ថែមទៀត ចាប់ពី​ខែមករា​ដល់​ខែមីនា ឆ្នាំ​២០២១​។ ការសម្រេច​បន្ត​កម្មវិធី​នេះ គឺ​ដើម្បី​ជួយ​លើកស្ទួយ​និង​រក្សា​លំនឹង​ជីវភាព​ពលរដ្ឋ​នៅ​អំឡុងពេល​វិបត្តិ​កូ​វីដ​-១៩៕ 
 
 

Tag:
 បណ្ណ​សមធម៌
© រក្សាសិទ្ធិដោយ thmeythmey.com