អន្តរជាតិ
កងថែរក្សាសន្តិភាពUN ៣នាក់ត្រូវបានសម្លាប់ និង២នាក់រងរបួសនៅសាធារណរដ្ឋអាហ្រ្វ៊ិកកណ្តាល
26, Dec 2020 , 8:29 pm        
រូបភាព
កងថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្រ្វ៊ិកកណ្តាល មុនការបោះឆ្នោតជាសកល។ រូបភាព៖ Twitter-Pascal Champion.
កងថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្រ្វ៊ិកកណ្តាល មុនការបោះឆ្នោតជាសកល។ រូបភាព៖ Twitter-Pascal Champion.
ក្រុមប្រដាប់អាវុធ ដែលមិនស្គាល់អត្តសញ្ញាណ បានបាញ់ប្រហារលើកងថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ (UN) នៅសាធារណរដ្ឋអាហ្រ្វ៊ិកកណ្តាល មុនការបោះឆ្នោតជាសកលនៅថ្ងៃទី២៧ ខែធ្នូ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Stephane Dujarric នៅថ្ងៃទី២៥ ខែធ្នូ។ ហេតុការណ៍នេះ បានបង្កឲ្យកងកម្លាំងថែរក្សាសន្តិភាពUN ចំនួន ៣នាក់ស្លាប់ និងពីរនាក់រងរបួស។



តាមរយៈសេចក្តីថ្លែងការណ៍របស់UN ក្រុមប្រដាប់អាវុធ បានវាយប្រហារលើកងកម្លាំងរក្សាសន្តិភាព និងកងទ័ពរបស់សាធារណរដ្ឋអាហ្រ្វ៊ិកកណ្តាល នៅក្នុងតំបន់ជាច្រើនដូចជា តំបន់Dekoa, តំបន់ Kemo, តំបន់ Bakouma, និងតំបន់ Mbomou។ ហេតុការណ៍នេះ បានបង្កឲ្យកងកម្លាំងរបស់UN ចំនួន ៣នាក់ មកពីប៊ូរុនឌី ស្លាប់ និងពីរនាក់ផ្សេងទៀត រងរបួស។ យ៉ាងណាមិញ អង្គការសហប្រជាជាតិ មិនបានបញ្ជាក់អ្វីលម្អិតបន្ថែមទៀតឡើយ។ 
 
ក្នុងសេចក្តីថ្លែងការណ៍ដដែល លោកអាន់តូនីញ៉ូ ហ្គូតេរ៉េស បានថ្កោលទោសលើការបាញ់ប្រហារនេះដែរ ដោយចាត់ទុកថា អាចជាឧក្រិដ្ឋកម្មសង្រ្គាម និងស្នើឲ្យរដ្ឋាភិបាលស៊ើបអង្កេតលើករណីបាញ់ប្រហារនេះ និងនាំអ្នកប្រព្រឹត្ត មកទទួលទណ្ឌកម្ម។ ទន្ទឹមនេះ លោកហ្គូតេរ៉េស បានសម្តែងការរំលែកទុក្ខចំពោះអ្នកស្លាប់ និងជូនពរឲ្យអ្នករងរបួស ឲ្យឆាប់ជា។ 
 
សូមបញ្ជាក់ថា ការបាញ់ប្រហារនេះ ធ្វើឡើងស្របពេលការបោះឆ្នោតប្រធានាធិបតី និងសភា នៅក្នុងសាធារណរដ្ឋអាហ្រ្វ៊ិកកណ្តាល ត្រូវធ្វើឡើងនៅថ្ងៃទី២៧ ខែធ្នូ។ 
 
 

Tag:
 UN
  សាធារណរដ្ឋអាហ្រ្វ៊ិកកណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com