រាជធានីភ្នំពេញ៖ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) បានឈ្នះពានរង្វាន់ «ទីកន្លែងការងារល្អបំផុត នៅកម្ពុជា» ផ្តល់ដោយ HR Asia ដែលជាទស្សនាវដ្តី និងស្ថាប័នសិក្សាវាយតម្លៃ ផ្នែកធនធានមនុស្ស នៅទី្វបអាស៊ី។ ធនាគារ CIMB ដែលជាធនាគារអន្តរជាតិឈានមុខគេ ក្នុងប្រទេសកម្ពុជា ទទួលបានពានរង្វាន់អន្តរជាតិ ផ្នែកធនធានមនុស្សនេះ ដោយផ្អែកលើចំណុចលេចធ្លោរបស់ខ្លួន រួមមានការផ្តល់អត្ថប្រយោជន៍ដល់និយោជិត គោលនយោបាយគាំពារនិយោជិត កម្មវិធីបណ្តុះបណ្តាល និងភ្ជាប់ទំនាក់ទំនងនិយោជិត ក៏ដូចជាកម្មវិធីទំនួលខុសត្រូវសង្គមជាដើម។
លោកស្រី អ៊ុំ ចិន្តាភក្តី នាយកធនធានមនុស្សនៃធនាគារ CIMB បានថ្លែងពីចំណាប់អារម្មណ៍ថា៖ «ធនាគារ CIMB មានកិត្តិយសក្រៃលែង ដោយត្រូវបានអន្តរជាតិទទួលស្គាល់ លើគោលនយោបាយ និងកម្មវិធីគាំទ្រ ផ្នែកធនធានមនុស្សរបស់ខ្លួន ដែលឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តដ៏មុះមុត របស់យើងទាំងអស់គ្នា ក្នុងការកសាងបរិយាកាសការងារល្អប្រសើរ និងអត្ថប្រយោជន៍ការងារខ្ពស់ ចាប់តាំងពីពេលដំណើរការដំបូង ក្នុងឆ្នាំ២០១០។ ការឈ្នះពានរង្វាន់នេះ គឺជាសក្ខីភាពមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការបន្តអភិវឌ្ឍទ្រព្យសម្បតិ្ត ដ៏មានសារៈសំខាន់បំផុតរបស់យើង គឺធនធានមនុស្ស ដើម្បីជួយឲ្យពួកគេប្រើប្រាស់សមត្ថភាពអស់ពីសក្តានុភាព។»
ដោយចាប់ផ្តើមជាមួយនឹងបុគ្គលិកប្រមាណត្រឹមតែ១០នាក់ ក្នុងឆ្នាំ២០១០ ធនាគារ CIMB បានពង្រីកបណ្តាញសាខាធនាគារ ដល់១៤ទីតាំង និងកំណើនអតិថិជនរបស់ខ្លួន រហូតដល់ជាង ៣៥,០០០នាក់ ដែលបម្រើជូនសេវាកម្មធនាគារដ៏សម្បូរបែប ទាំងផ្នែកអតិថិជនបុគ្គល និងក្រុមហ៊ុន។ ធនាគារ CIMB ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ CIMB Group គឺជាគ្រឹះស្ថានហិរញ្ញវត្ថុ ដែលផ្តល់ប្រាក់បៀវត្សរ៍និយោជិតជាមធ្យមខ្ពស់ជាងគេមួយ បើធៀបនឹងគ្រឹះស្ថានហិរញ្ញវត្ថុចំនួន៤២៦ ដទៃទៀត ក្នុងប្រទេសកម្ពុជា។
ប្រមាណ ៤០% នៃបុគ្គលិករបស់ធនាគារ បានក្លាយជាម្ចាស់គេហដ្ឋាន ដូចបំណងប្រាថ្នា តាមរយៈឥណទានគេហដ្ឋាន សម្រាប់បុគ្គលិករបស់ធនាគារ CIMB ជាមួយនឹងអត្ថប្រយោជន៍ និងលក្ខខណ្ឌអនុគ្រោះ ដែលផ្តល់នូវអត្រាការប្រាក់ទាបបំផុតមួយ ជាមួយនឹងរយៈពេលបង់សងយូរអង្វែង។ ជាមួយគ្នានេះ សេវាធានារ៉ាប់រងអាយុជីវិត និងប្រាក់ឧបត្ថម្ភព្យាបាលជំងឺ ដែលគ្របដណ្តប់ទាំងគ្រួសារ ក៏ជាផ្នែកមួយ នៃអត្ថប្រយោជន៍ការងារសំខាន់ៗផ្សេងទៀតផងដែរ។
នៅធនាគារ CIMB ការអភិវឌ្ឍធនធានមនុស្ស គឺជាសសរគ្រឹះ និងចំណុចអាទិភាពចម្បងរបស់ស្ថាប័ន។ គ្រប់បុគ្គលិកទាំងអស់ សុទ្ធតែបានចូលរួមវគ្គបណ្តុះបណ្តាលរបស់ធនាគារ ដែលមាននៅក្នុងស្រុក និងនៅក្រៅប្រទេស ស្របតាមកម្រិត និងនាយកដ្ឋាននីមួយៗ។ ក្នុងឆ្នាំចុងក្រោយនេះ ធនាគារ CIMB បានដំឡើងតំណែងបុគ្គលិក រហូតដល់ ១៥% នៃចំនួនបុគ្គលិកសរុប ស្របតាមកម្មវិធីអភិវឌ្ឍន៍។ ជាលទ្ធផល ធនាគារបានរៀបចំម៉ោងបណ្តុះបណ្តាល រហូតដល់ ១៦.០០០ម៉ោង ដែលជាទិន្នន័យឈានមុខគេមួយផងដែរ។
លោកស្រី ចិន្តាភក្តី បានមានប្រសាសន៍ថា ធនាគារ ស៊ីអាយអិមប៊ី ដោយមានការគាំទ្រយ៉ាងពេញទំហឹង ពីស៊ីអាយអិមប៊ី គ្រុប បានប្តេជ្ញាចិត្ត ក្នុងការត្រៀមខ្លួនកសាងសេដ្ឋកិច្ចបែបឌីជីថល តាមរយៈកម្មវិធីពង្រឹង និងពង្រីកជំនាញរបស់បុគ្គលិក សម្រាប់ការអភិវឌ្ឍអាជីព នៅក្នុងមុខងារ និងមុខតំណែងរបស់ពួកគេ ដែលពាក់ព័ន្ធកាន់តែខ្លាំងឡើង ជាមួយនឹងផ្នែកឌីជីថល។
ដើម្បីបង្កើតបរិយាកាសការងារបើកចំហ និងសហការគ្នាល្អ ធនាគារ CIMB បានរៀបចំកម្មវិធីភ្ជាប់ទំនាក់ទំនងនិយោជិត ក្នុងបំណងសម្រេចបេសកម្ម និងពង្រឹងភាពជាក្រុមការងាររបស់ស្ថាប័នទាំងមូល។ កម្មវិធីផ្តួចផ្តើមរបស់ធនាគារទាំងអស់នោះ គឺរួមមានកម្មវិធីចែករំលែកមតិយោបល់ រវាងគណៈគ្រប់គ្រង និងបុគ្គលិក កម្មវិធីទំនួលខុសត្រូវសង្គម និងកម្មវិធីជួបជុំបុគ្គលិកប្រចាំឆ្នាំជាដើម។
ធនាគារ CIMB គឺជាស្ថាប័ននិយោជកឈានមុខមួយ ដែលលើកទឹកចិត្ត ដល់បុគ្គលិកឆ្នើម ដែលសមត្ថភាព និងមានស្នាដៃ ក្នុងការសម្រេចបានសមិទ្ធផលការងារ។ មិនតែប៉ុណ្ណោះ ធនាគារបានបង្កើតកម្មវិធីទទួលស្គាល់ស្នាដៃរបស់ក្រុមការងារឆ្លងនាយកដ្ឋាន (Torch of Recognition) ពានរង្វាន់បុគ្គលិក និងក្រុមការងារឆ្នើមប្រចាំឆ្នាំព្រមទាំងកម្មវិធីជ្រុងមួយនៃបុគ្គលិក (Talent Corner) ដែលផ្តល់ឱកាសឲ្យបុគ្គលិក ចែករំលែកការអភិវឌ្ឍអាជីពរបស់ពួកគេ។ ជាលទ្ធផល ធនាគារអាចរក្សាបានធនធានបុគ្គលិកគន្លឹះ មិនឲ្យលាឈប់ពីស្ថាប័ន រហូតដល់ ៩៨%។ ហើយអត្រាបុគ្គលិក ដែលលាឈប់ពីស្ថាប័នប្រចាំឆ្នាំ មានត្រឹមតែ ១៤%ប៉ុណ្ណោះ បើធៀបនឹងទិន្នន័យគ្រឹះស្ថានហិរញ្ញវត្ថុទាំងមូល មានរហូតដល់ ២២%។
ផ្នែកមួយ នៃគុណភាពទីកន្លែងការងាររបស់ធនាគារ CIMB គឺភាពចម្រុះបែបនៃបុគ្គលិក ហើយបុគ្គលិកស្ត្រីមានចំនួនច្រើនជាងបុគ្គលិកបុរស។ បច្ចុប្បន្ន ធនាគារមានចំនួនស្ត្រីជាបុគ្គលិក រហូតដល់ ៥៨% នៃបុគ្គលិកទាំងអស់ និងមានចំនួនស្ត្រី ៥០% ជាគណៈគ្រប់គ្រងរបស់ធនាគារ។ ខណៈដែលស្ថាប័នភាគច្រើន ត្រូវបានគ្រប់គ្រងដោយបុគ្គលិកជាបុរស តួលេខខាងលើនេះ គឺជាសមិទ្ធផលដ៏លេចធ្លោមួយរបស់ធនាគារ។
ជាមួយគ្នានេះ លោកស្រី ចិន្តាភក្តី បានបញ្ជាក់ថា៖ «ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុមួយថ្នាក់តំបន់ ធនាគារ CIMB យកចិត្តទុកដាក់ខ្ពស់ លើការកសាងធនធានមនុស្ស ដែលជួយបង្កើនសមត្ថភាពរបស់បុគ្គលិក រហូតក្លាយជាស្ថាប័នមួយ ដែលមានបុគ្គលិកជនជាតិខ្មែរទាំងអស់ ចាប់ពីថ្នាក់ក្រោម រហូតដល់គណៈគ្រប់គ្រង។ យើងទាំងអស់គ្នាមានក្តីសោមនស្សរីករាយ ដែលធនាគារ CIMB ស្ថិតក្រោមការដឹកនាំរបស់លោក ប៊ុន យីន ដែលជាជនជាតិខ្មែរដំបូងគេបង្អស់ គ្រប់គ្រងធនាគារអន្តរជាតិ មានការគាំទ្រពេញទំហឹង ក្នុងការបណ្តុះធនធានមនុស្ស»។
ជាការពិតណាស់ បរិយាកាសនៃការប្រឈមប្រតិបត្តិការអាជីវកម្ម ដែលកំពុងជះឥទ្ធិពល ពីការរាតត្បាតនៃជំងឺកូវីដ-១៩ នៅតែបន្តប៉ះពាល់ដល់សមិទ្ធផលហិរញ្ញវត្ថុរបស់ស៊ីអាយអិមប៊ី គ្រុបទាំងមូល។ ទោះជាយ៉ាងណាក៏ដោយ ដំណើរការអាជីវកម្មរបស់ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា នៅតែរក្សាបាននូវកំណើនល្អប្រសើរ ដោយប្រាក់ចំណូលប្រតិបត្តិការ កើនឡើង ១២% ស្របពេលដែលទំហំឥណទានកើនឡើង ២១% និងប្រាក់បញ្ញើកើនឡើង ១៦%។
ក្រៅពីការចូលរួមលើកកម្ពស់វិស័យហិរញ្ញវត្ថុ និងធនធានមនុស្ស ធនាគារ CIMB ក៏មានមោទកភាពផងដែរ ក្នុងការរួមចំណែកក្នុងការអភិវឌ្ឍសង្គមកម្ពុជា។ ធនាគារបានរៀបចំ និងចូលរួម ក្នុងសកម្មភាពសប្បុរសធម៌ជាច្រើន ដែលរួមមានវិស័យសំខាន់ៗ ដូចជាវិស័យអប់រំ ដោយធនាគារបានឧបត្ថម្ភ ដល់សាលាដាច់ស្រយ៉ាលនានា និងផ្តល់អាហារូបករណ៍សិក្សានៅក្នុងស្រុក និងក្រៅប្រទេស វិស័យសុខាភិបាល ដោយធនាគារបានបរិច្ចាគឈាម និងឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យបង្អែកបាទី និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតជាដើម បរិស្ថាន ដោយធនាគារបានរៀបចំកម្មវិធីយល់ដឹង និងកាត់បន្ថយការប្រើប្រាស់សម្ភារៈប្លាស្ទិក ក៏ដូចជាកម្មវិធីដាំដើមឈើ នៅតាមសាលារៀននានា និងនៅតំបន់រមណីយដ្ឋានអង្គរ និងផ្នែកសង្គមកិច្ច ដោយធនាគារបានឧបត្ថម្ភ ដល់កាកបាទក្រហម និងមជ្ឈមណ្ឌលកុមារកំព្រានានា និងការឧបត្ថម្ភសម្ភារពិសោធន៍ទំនើប ដល់មជ្ឈមណ្ឌលសូត្រខ្មែរជាដើម៕
(អត្ថបទពាណិជ្ជកម្ម)