អន្តរជាតិ
ថៃ​រកឃើញ​ករណី​កូ​វីដ​-១៩ ១៤៤​ករណី​ទៀត ឯ​អភិបាលខេត្ត​សមុទ្រ​សាគរ​ក៏​ឆ្លង​ដែរ​
28, Dec 2020 , 4:56 pm        
រូបភាព
ប្រជាជនថៃតម្រង់ជួររង់ចាំធ្វើតេស្តរកកូវីដ-១៩ នៅខេត្តសមុទ្រសាគរ។ រូបភាព Xinhua
ប្រជាជនថៃតម្រង់ជួររង់ចាំធ្វើតេស្តរកកូវីដ-១៩ នៅខេត្តសមុទ្រសាគរ។ រូបភាព Xinhua
​រដ្ឋាភិបាល​ថៃ នៅ​ថ្ងៃទី​២៨ ខែធ្នូ បានប្រកាស​ពី​ករណី​ឆ្លង​កូ​វីដ​-19​ថ្មី​ចំនួន ១៤៤​ករណី ដែល​ភាគច្រើន​គឺជា​ករណី​ឆ្លង​ក្នុងស្រុក​។  អភិបាលខេត្ត​សមុទ្រ​សាគរ ទី​ដែល​ផ្ទុះ​ករណី​ឆ្លង​ក្នុងស្រុក​នៅ​រយៈពេល​ចុងក្រោយ ក៏​ត្រូវបាន​រកឃើញថា​មាន​ផ្ទុក​កូ​វីដ​-១៩ ដែរ​។



​ស្ថានការណ៍​កូ​វីដ​-១៩ នៅ​ថៃ ហាក់​មិនបាន​ថមថយ​ឡើង​ក្រោយ​ការផ្ទុះ​ខ្លាំង​ជិត​ពីរ​សប្ដាហ៍​មក​។ នៅ​ថ្ងៃទី​២៨ ខែធ្នូ អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​កូ​វីដ​-១៩ (CCSA) លោក Taweesilp Visanuyothin បាន​អះអាងថា ថៃ​មាន​ករណី​ឆ្លង​ចំនួន ១៤៤​ករណី ដោយ​ក្នុងនោះ​ករណី​ឆ្លង​លើ​ប្រជាជន​ថៃ​មាន​ចំនួន ១១៥​ករណី​, ពលករ​ចំណាកស្រុក​មាន​ចំនួន ១៥​ករណី និង​ការឆ្លង​មកពី​បរទេស​មាន​ចំនួន ១៥​ករណី​។ 
 
​គិត​មកដល់ពេលនេះ ករណី​ឆ្លង​កូ​វីដ​-១៩ នៅ​ថៃ​កើន​ដល់ ៤៣​ខេត្តហើយ ដោយ​កើន​ចំនួន ៥​ខេត្ត បើ​ធៀប​នឹង​ថ្ងៃទី​២៧ ខែតុលា​។ ករណី​ឆ្លង​សរុប​កើន​ដល់ ៦២៨៥​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ៦០​ករណី​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ៤១៨០​ករណី​។ 
 
​ស្របពេល​ករណី​ឆ្លង កំពុងតែ​ហក់​ឡើង​បែបនេះ អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​កូ​វីដ​-១៩ បាន​ព្រមាន​ថា ស្ថានការណ៍​កូ​វីដ​-១៩ នៅពេលនេះ គឺ​អាក្រក់​ជាង​ស្ថានការណ៍​កូ​វីដ​-១៩ ដែល​ផ្ទុះឡើង​នៅពេល​ដំបូង​ទៅទៀត​។  បើតាម​មជ្ឈមណ្ឌល CCSA ក្នុង​រយៈពេល​តែ​ថ្ងៃ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ករណី​ឆ្លង​នៅ​ថៃ បាន​ហក់​ឡើង​ជាង ១​ពាន់​ករណី ដែល​ជាការ​រាតត្បាត​ដ៏​ខ្លាំង​។ 
 
​ដ្បិត​មន្ត្រី​សុខាភិបាល និង​ក្រុមគ្រូពេទ្យ​មាន​បទពិសោធ​ច្រើន​លើ​ការទប់ស្កាត់​កូ​វីដ​-១៩ ហើយ​តម្រូវការ​ម៉ាស ក៏​ផ្គត់ផ្គង់​បាន​គ្រប់គ្រាន់ លោក Taweesilp បាន​ទទួលស្គាល់ថា ស្ថានការណ៍​សព្វថ្ងៃ ត្រូវមាន​ការសហការ​ពី​ប្រជាពលរដ្ឋ​។ បើសិន​បើ​ប្រជាជន​សហការ​បានល្អ រដ្ឋាភិបាល​ថៃ នឹងមិន​ចាំបាច់​ចាំ​បង្ខំ​ឲ្យ​អនុវត្ត​ច្បាប់ បិទ​តំបន់ ឬ​ប្រទេស ឬ​ដាក់​បម្រាម​គោចរ​អ្វី​ឡើយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍​។ 
 
​ក្នុង​ថ្ងៃ​ដដែល​នេះ លោក Taweesilp ក៏បាន​បញ្ជាក់​ផងដែរ​ថា អភិ​ខេត្ត​សមុទ្រ​សាគរ លោក Veerasak Vijitsaengsri បាន​ឆ្លង​កូ​វីដ​-១៩ និង​ត្រូវបាន​បញ្ជូន​យកទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​។ ចំណែគ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​សុខាភិបាល លោក Anutin Charnvirakul ក៏ត្រូវ​ដាក់​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ​ផងដែរ បន្ទាប់ពី​បាន​ចូលរួម​កិច្ចប្រជុំ​ជាមួយ​អភិបាលខេត្ត​។ 
 
​ខណៈ​ករណី​ឆ្លង​នៅ​ខេត្ត​សមុទ្រ​សាគរ​មិនទាន់​ធូរស្រាល នៅ​ខេត្ត​រ៉ា​យ៉ង​វិញ ក៏​ផ្ទុះ​ករណី​ឆ្លង​ចេញពី​បន​ល្បែង​មួយ​។ មេ​ប៉ូលិស​ខេត្ត​នេះ លោក Paphatdet Ketphan ត្រូវ​ផ្ទេរតំណែង​ទៅកាន់​ស្នងការ​ប៉ូលិស​ជាតិ​ថៃ​៕

Tag:
 ​ថៃ​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com