ជាតិ
រយៈពេល១០ខែឆ្នាំ២០២០នេះ ភ្ញៀវទេសចរអន្តរជាតិធ្លាក់ចុះ៧៦ភាគរយ បើធៀបនឹងឆ្នាំមុន
× ភ្នំពេញ៖ នៅរយៈពេល១០ខែ ក្នុងឆ្នាំ២០២០នេះ ភ្ញៀវទេសចរអន្តរជាតិធ្លាក់ចុះយ៉ាងគំហុកបើប្រៀបធៀនរយៈពេលដូចគ្នានឹងឆ្នាំមុន ពោលគឺធ្លាក់ចុះជាង៤លាននាក់ ដែលស្មើនឹងដក៧៦ភាគរយ។ ការធ្លាក់ចុះនេះ ដោយសារបញ្ហាវិបត្តិកូវីដ-១៩។ នេះបើតាមលោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍។
គិតចាប់ពីខែមករាដល់ខែតុលា ឆ្នាំ២០២០នេះ ភ្ញៀវអន្តរជាតិចូលមកទស្សនាកម្ពុជាមានជាង១.២លាននាក់ ហើយបើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំមុនមានជាង៥.២លាននាក់។ លោក តុប សុភ័ក អះអាប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ការធ្លាក់ចុះនេះ គឺបណ្ដាលមកពីវិបត្តិកូវីដ-១៩ ហើយស្ថានភ្ញៀវទេសអន្តរជាតិអាចប្រសើរឡើងវិញ គឺអាស្រ័យស្ថានភាពថមថយនៃកូវីដ-១៩។
អ្នកនាំពាក្យរូបនេះ ថ្លែងយ៉ាងដូច្នេះថា៖ «ការធ្លាក់ចុះនេះ គឺដោយសារបញ្ហាកូវីដ-១៩ ហើយតាមបណ្ដាលប្រទេសផ្សេងៗ រួមទាំងកម្ពុជា មានការរឹតបន្តឹងនៅគ្រប់ច្រកចេញចូល ជាហេតុធ្វើភ្ញៀវទេសចរពិបាកធ្វើដំណើរកម្សាន្តនៅដំណាក់កូវីដ-១៩។ វាពិតណាស់ បើស្ថានកូវីដ-១៩ ថមថយ ស្ថានភាពភ្ញៀវទេសចរក៏ប្រសើរឡើងវិញតាមហ្នឹងដែរ»។
ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិ១.២លាននាក់ ដែលមកទស្សនាកម្ពុជា គឺជនជាតិចិនមានចំនួនច្រើនជាងគេ គឺមានជាង៣១ម៉ឺននាក់។ ចំណែនជនជាតិថៃគឈរនៅលេខពីរ មានជាង១៩ម៉ឺននាក់ ហើយវៀតណាមមានជាង១៩ម៉ឺននាក់។ នេះបើតាមការបញ្ជាក់បណ្ថែនរបស់លោក តុប សុភ័ក។
របាយការណ៍ភ្ញៀវទេសចរក៏បានបញ្ជាក់ដែរថា ភ្ញៀវទេសចរអន្តរជាតិភាគច្រើនគឺចូលមកកម្ពុជាតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និងកោះកុង ដែលរហូតដល់ជាង៧៣ម៉ឺននាក់។ ចំណែកផ្លូវគោលនិងផ្លូវទឹក មានជាង៥៣ម៉ឺននាក់៕
Tag:
ភ្ញៀវទេសចរអន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com